អន្តរជាតិ
តៃវ៉ាន់ បញ្ជូននាវានិងយន្តហោះចម្បាំង ទៅឃ្លាំមើលនាវាចិនបើកកាត់ច្រកសមុទ្រតៃវ៉ាន់ កងទ័ពជើងទឹកតៃវ៉ាន់ នៅក្នុងពិធីសម្ពោធនាវា Tuo Chiang នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ រូបភាព៖ Reuters
× តៃវ៉ាន់ នៅថ្ងៃទី២០ ខែធ្នូ បានបញ្ជូនកងទ័ពជើងទឹក និងកម្លាំងទ័ពអាកាសរបស់ខ្លួនទៅឃ្លាំមើលសកម្មភាពរបស់នាវាចិន ដែលបានបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ ការបើកកាត់ច្រកសមុទ្រតៃវ៉ាន់ពីសំណាក់នាវាចិននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាចម្បាំងអាមេរិកបើកកាត់ច្រកសមុទ្រនេះដែរ។
នាវាពិឃាដបំពាក់មីស៊ីលប្រដេញអាមេរិក USS Mustin បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៩ ខែធ្នូ ដែលអាមេរិកចាត់ទុកជាទម្លាប់ដោយផ្អែកទៅតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រសេរី និងបើកចំហនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការបើកកាត់ច្រកសមុទ្រតៃវ៉ាក់ជាលើកទី១២ក្នុងឆ្នាំ២០២០ ពីភាគីអាមេរិកនេះ ត្រូវបានចិន ឃ្លាំមើលយ៉ាងខ្លាំង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យ និងសន្តិសុខរបស់ខ្លួន។
នៅថ្ងៃបន្ទាប់ ចិនក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុក សានតុង ដែលដាក់ឲ្យប្រតិបត្តិជាង១ឆ្នាំមុន រួមទាំងនាវាចម្បាំងចំនួន ៤គ្រឿងបន្ថែមទៀត បើកពីកំពង់ផែក្រុងតាលៀន ដែលស្ថិតនៅភាគខាងជើងនៃប្រទេស ឆ្ពោះមកច្រកសមុទ្រតៃវ៉ាន់ និងបន្តទៅភាគខាងត្បូង។
ដោយសំអាងលើសន្តិសុខ និងការពារដែនដីរបស់ខ្លួន តៃវ៉ាន់ បានបញ្ជាឲ្យនាវាចម្បាំងចំនួន ៦គ្រឿង និងយន្តហោះចម្បាំងចំនួន ៨គ្រឿង ឃ្លាំមើល និងតាមដានសកម្មភាព ចល័តរបស់នាវាចិន ដែលបានប្រតិបត្តិនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
«ដោយមានការគាំទ្រពីប្រជាជន កងទ័ពតៃវ៉ាន់ មានទំនុកចិត្ត និងសមត្ថភាពធ្វើជាឆ្មាំការពារ, ធានាសន្តិសុខជាតិ និងការពារស្ថិរភាព និងសន្តិសុខក្នុងតំបន់»។ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែធ្នូ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ទាក់ទងការឆ្លងកាត់ច្រកសមុទ្រខណ្ឌចែកដីគោក និងកោះតៃវ៉ាន់ កងទ័ពជើងទឹកចិន និយាយនៅថ្ងៃទី២១ ខែធ្នូ ថា ការឆ្លងកាត់របស់នាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន គ្រាន់តែជាការធ្វើដំណើរឆ្ពោះទៅធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះ។ បើតាមកងទ័ពជើងទឹកចិន សមយុទ្ធនេះ គឺផ្អែកលើគម្រោងសមយុទ្ធប្រចាំឆ្នាំ ហើយនៅពេលអនាគត ចិននឹងរៀបចំ សមយុទ្ធស្រដៀងនេះឡើងទៀត ដោយផ្អែកលើតម្រូវការហ្វឹកហាត់។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងរដ្ឋាភិបាលប៉េកាំង និងទីក្រុងតៃប៉ិ បានកើនឡើងយ៉ាងខ្លាំង ដោយសារការបង្កើនទំនាក់ទំនងដ៏ជិតស្និទ្ធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ កន្លងទៅអាមេរិក បានផ្តល់ភ្លើងបៃតងក្នុងលក់អាវុធឲ្យតៃវ៉ាន់ និងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ទៅតៃវ៉ាន់ជាបន្តបន្ទាប់៕
Tag:
តៃវ៉ាន់
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com