ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ៖ ព័ត៌មាន​ពិត មិនមែន​ទាល់តែ​គេ​និយាយ​សរសើរ​នោះទេ​
21, Dec 2020 , 1:58 pm        
រូបភាព
​ភ្នំពេញ​៖ មិនមែន​ទាល់តែ​គេ​និយាយ​សរសើរ ទើប​ចាត់ទុកជា​ព័ត៌មាន​ពិត នោះទេ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលខេត្ត​ប៉ៃលិន នៅ​សាលាខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​២១ ធ្នូ នេះ​។​



​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីខេត្ត​ប៉ៃលិន សម្ដេច ស ខេង បាន​ក្រើនរំឭក​ពួកគេ​ឲ្យ​ចេះ​ថ្លឺ​ង​ថ្លែង​នូវ​ព័ត៌មាន​ពិត និង​ព័ត៌មាន​ប្រឌិត​។ សម្ដេច បាន​សង្កត់ធ្ងន់ថា ការថ្លឹងថ្លែង​ព័ត៌មាន​ពិត និង​ព័ត៌មាន​ប្រឌិត គឺ​តម្រូវ​ឲ្យ​ប្រមូល​ព័ត៌មាន​ទាំងអស់​មក​ពិចារណា ដោយ​មិនមែន​ស្ដាប់​តែ​ពាក្យ​សរសើរ ហើយ​មិន​ទទួលយក​ការរិះគន់​នោះទេ​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង៖ 



«​សូម​កុំភ្លេចថា ព័ត៌មាន​ពិត មិន​បានសេចក្តីថា ទាល់តែ​គេ​សរសើរ​យើង បាន​យើង​ថា អា​ហ្នុ​ង​ជា​ព័ត៌មាន​ពិត​។ ដល់ពេល​គេ​ទិតៀន​(​ចំណុច​អវិជ្ជមាន​)​យើង ដែល​ត្រឹមត្រូវ ដែល​ពិត​នោះ តែ​យើង​ថា (​ជា​រឿង​)​មិន​ពិត អាហ្នឹង​ក៏​យើង​ខុស​ដែរ​»​។ នេះ​ជា​លើកឡើង​របស់​សម្ដេច ស ខេង ដែល​បាន​បន្ថែមថា ថ្នាក់ដឹកនាំ និង​អាជ្ញាធរខេត្ត​ទាំងអស់ ត្រូវ​ទទួលយក​ទាំង​ការសរសើរ និង​ការរិះគន់​របស់​ប្រជាពលរដ្ឋ ។ ជាពិសេស​អាជ្ញាធរ ត្រូវ​ចេះ​អប់រំ និង​បកស្រាយ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ និង​ចលនា​បំផុស​ញុះញង់​នៅតាម​មូលដ្ឋាន​ខ្លួន​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ហាម​អាជ្ញាធរ មិន​ឲ្យ​ប្រើប្រាស់​ហិង្សា យក​ធ្វើជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​នោះទេ ពោលគឺ​ត្រូវយក​គោលការណ៍​ច្បាប់ ទៅ​អនុវត្ត​ជាធំ​។​
 
​ថ្លែង​បែបនេះហើយ សម្ដេច ស ខេង អះអាងថា គោលការណ៍​រដ្ឋាភិបាល ទទួលយក​ទាំង​ការរិះគន់ និង​ការសរសើរ​ទាំងអស់ ឲ្យ​តែ​ពាក្យសម្ដី​ទាំងនោះ ជា​ព័ត៌មាន​ពិត ដោយ​មិន​មានបំណង​ញុះញង់ និង​បំផ្លាញ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។​
 
​កាលពីពេល​ថ្មី​នេះ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ បានចេញ​របាយការណ៍​មួយ​ថា គណបក្សកាន់អំណាច បាន​ប្រើប្រាស់​រដ្ឋសភា​និង​ព្រឹទ្ធសភា ដើម្បី​អនុម័ត​ឬ​រៀបចំ​ច្បាប់​ជាច្រើន ផ្ដល់​អំណាច​ស្ទើរតែ​គ្មាន​ដែន​កំណត់​ទៅ​រដ្ឋាភិបាល​។ លើសពីនេះ ក៏មាន​ការចាប់​និង​ឃុំខ្លួន អ្នក​ដែល​ហ៊ាន​ក្រោកឈរ​តស៊ូ​មតិ ដើម្បី​សិទ្ធិសេរីភាព​ទៀតផង​។​
 
​របាយការណ៍​៣​ឆ្នាំ​ចុង​ក្រោយនេះ អង្គការ​លីកាដូ សង្កេតឃើញ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស ,​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង និង​រឹតត្បិត​សេរីភាព​សកម្មជន​កាន់តែខ្លាំង​។ ជាពិសេស នៅ​អំឡុងពេល​៦​ខែ​ចុង​ក្រោយនេះ ការបង្ក្រាប​សកម្មជន​ដែល​ក្រោកឈរ​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​
 
អត្ថបទទាក់ទង
 
​របាយការណ៍ ក៏បាន​លើក​ពី​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា កាលពី​ចុងខែ​កក្កដា​កន្ល​មក ក្រោយពី​លោក​បាន​រិះគន់​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្រៅពីនេះ​អាជ្ញាធរ ក៏បាន​ចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាង​១០​នាក់​ទៀត ដែល​បាន​ចេញមុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន ដែរ​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​។​
 
​តែ​យ៉ាងណា​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាងថា ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល គឺជា​រឿង​ត្រឹមត្រូវ​។ លោក​ថា អាជ្ញាធរ​អនុវត្ត​វិធានការ​លើ​អ្នកប្រព្រឹត្ត​ខុសច្បាប់ ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ​។​«​ការឃាត់ខ្លួន ការចោទប្រកាន់​(​សកម្មជន​សិទ្ធិមនុស្ស​) មិនមែន​ដោយសារ​ពួកគាត់​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​ទេ គឺ​ដោយ​ការធ្វើ​បំពាន​ច្បាប់ មាន​មូលដ្ឋាន បង្កើត​ទៅជា​បទល្មើស​»​។ នេះ​ជាការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៕

Tag:
 ស ខេង​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com