មេដឹកនាំសភាអាមេរិក បានសម្រេចកិច្ចព្រមព្រៀងនៅថ្ងៃទី២០ ខែធ្នូ លើកញ្ចប់ថវិកាទំហំ៩០០ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចប្រទេស។ នេះជាកញ្ចប់ជំនួយលើកដំបូង គិតចាប់តាំងពីខែមេសាមក សម្រាប់ជួយដល់សេដ្ឋកិច្ច និងបុគ្គល ដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។ ការបោះឆ្នោតលើកញ្ចប់ថវិកានេះ ទំនងធ្វើឡើងនាថ្ងៃទី ២១ ខែធ្នូនៅសភាតំណាង។
បើអនុម័តរួច កញ្ចប់ថវិកា៩០០ពាន់លានដុល្លារ នឹងក្លាយជាកញ្ចប់ថវិកាផ្ដល់សន្ទុះសេដ្ឋកិច្ចធំលំដាប់ទី២ក្នុងប្រវត្តិសាស្ត្រអាមេរិក ពោលគឺក្រោយកញ្ចប់ថវិកាជំនួយទំហំ២,៣ទ្រីលានដុល្លារ ដែលត្រូវបានអនុម័តក្នុងខែមីនា។ វាក៏នឹងក្លាយជាកញ្ចប់ជំនួយទី៥ផងដែរ ដែលសភាអាមេរិកអនុម័តដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដែរ។
កញ្ចប់វថិកាដ៏ច្រើននេះ ជាលទ្ធផលនៃការជជែកដេញដោលដ៏តានតឹងរវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ បានប្រកាសថា៖«ទីបំផុត យើងមានគាំទ្រពីសំណាក់គណបក្សធំៗទាំងពីរ ដែលប្រទេសយើងត្រូវការ»។
ទាំងមេដឹកនាំបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ជឿជាក់ថា កញ្ចប់ថវិកាជំនួយនេះ គួរតែមានការគាំទ្រគ្រប់គ្រាន់ដើម្បីឆ្លងកាត់សភាទាំងពីររបស់អាមេរិក។ ម្យ៉ាងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏គាំទ្រសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកានេះ ហើយត្រៀមនឹងចុះហត្ថលេខាឲ្យក្លាយជាច្បាប់ផងដែរ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន Ben Williamson ។
កញ្ចប់ថវិកានេះ នឹងផ្ដល់ការចែកលុយដោយផ្ទាល់៦០០ដុល្លារដល់ពលរដ្ឋអាមេរិក និងពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើចំនួន៣០០ដុល្លារក្នុងមួយសប្ដាហ៍ផងដែរ។ កញ្ចប់ថវិកានេះ ក៏ផ្គត់ផ្គង់លើការថែទាំសុខភាព ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ និងជំនួយផ្នែកស្បៀងអាហារ ក៏ដូចជាជួយសង្គ្រោះអាជីវកម្មធុនតូចជាដើម។
«នរណាដែលគិតថា កញ្ចប់ថវិកាជំនួយនេះគ្រប់គ្រាន់ គឺមិនយល់ពីស្ថានការណ៍ដែលកំពុងកើតឡើងក្នុងសហរដ្ឋអាមេរិកឡើយ»។ លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ បញ្ជាក់បែបនេះ នៅក្នុងសន្និសីទព័ត៌មានមួយ។ លោកនិយាយទៀតថា លោកនឹងជំរុញឲ្យមានជំនួយបន្ថែមទៀត ក្រោយប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ខាងមុខ។
គួរបញ្ជាក់ដែរថា សភាតំណាងអាមេរិកដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ នឹងទំនងជាបោះឆ្នោតលើកញ្ចប់ថវិកានេះ នៅថ្ងៃទី ២១ ខែធ្នូ ជាមួយព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ បោះឆ្នោតតាមក្រោយភ្លាមដែរ។
ជំងឺកូវីដ-១៩ នឹងបន្តជាវិបត្តិធំបំផុតមួយដែលរដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន ត្រូវប្រឈមមុខ បើទោះបីជាសញ្ញានៃក្តីសង្ឃឹម ផ្ដើមលេចឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋខ្លួន។ វ៉ាក់សាំងចំនួនពីរ ត្រូវបានអនុម័តឲ្យប្រើប្រាស់បន្ទាន់ សំដៅទប់ស្កាត់ការរាលដាល។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ សរុបជិត១៨លានករណី ក្នុងនោះ៣១,៨ម៉ឺននាក់បាត់បង់ជីវិត។
ក្នុងពេល១១ខែ ចាប់តាំងពីករណីឆ្លងកូវីដ-១៩ដំបូងត្រូវបានរកឃើញក្នុងសហរដ្ឋអាមេរិក ជំងឺដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ បានរុញច្រានពលរដ្ឋអាមេរិករាប់លាននាក់ឲ្យអស់ការងារធ្វើ និងអាជីវកម្មជាច្រើនដួលបះជើង។ អ្នកសេដ្ឋកិច្ចមួយចំនួន អះអាងថា កំណើនសេដ្ឋកិច្ច នឹងនៅបន្តដាំក្បាលចុះ រហូតដល់វ៉ាក់សាំងត្រូវបានប្រើប្រាស់ទូលំទូលាយនាពាក់កណ្ដាលឆ្នាំ២០២១ខាងមុខ៕