កីឡាជាតិ
ជាតិ
ក្រោយ​បឹងកេត​ដំឡើង​មក​ឈុត​ធំ លឹម អា​រុណ រ៉េ​យ​មិន រំពឹង​អាច​បង្ហាញខ្លួន​ជាមួយ​ក្រុម U19
21, Dec 2020 , 10:59 pm        
រូបភាព
កីឡាករ លឹម អារុណ រ៉េយមិន ត្រូវបានក្លិបបឹងកេតដំឡើងពីក្រុមយុវជន​ ទៅឈុតធំ, រូបភាពពីក្លិបបឹងកេត
កីឡាករ លឹម អារុណ រ៉េយមិន ត្រូវបានក្លិបបឹងកេតដំឡើងពីក្រុមយុវជន​ ទៅឈុតធំ, រូបភាពពីក្លិបបឹងកេត
ដោយ:
​កីឡាករ​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ លឹម អា​រុណ រ៉េ​យ​មិន ត្រូវបាន​ក្លិប​បឹងកេត​ដំឡើង​ពី​ក្រុមយុវជន​ឲ្យ​មកលេង​ជាមួយ​ក្រុម​ធំ​នៅ​រដូវ​កាល​ឆ្នាំ​២០២១​។ ខ្សែបម្រើ​វ័យ​១៧​ឆ្នាំ​រូបនេះ មាន​គោលបំណង​ចង់បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍ AFC U19 Championship​។ រូបគេ ក៏បាន​បង្ហាញ​ឈ្មោះ​កីឡាករ​៣​រូប ដែល​រូបគេ​ចូលចិត្ត​ផងដែរ​។​

 
​ខ្សែបម្រើ​ខ្មែរ​នូ​វែ​ល​សេ​ឡង់ លឹម អា​រុណ បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ក្រោយ​ត្រូវបាន​ក្លិប​បឹងកេត​ដំឡើង​ពី​ឈុត​យុវជន​ឲ្យ​មកលេង​ជាមួយ​ឈុត​ធំ​នៅ​រដូវ​កាល​ឆ្នាំ​២០២១​។ សម្រាប់ អា​រុណ បឹងកេត​ជា​ក្រុម​មាន​សមត្ថភាព​ខ្លាំង​មួយ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។ ជាពិសេស​មាន​គ្រូបង្វឹក​ពោរពេញ​ដោយ​សមត្ថភាព​។ 
 
​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​មានឱកាស​បង្ហាញខ្លួន​ជាមួយ​ក្រុម​បឹងកេត ក៏ដូចជា​ក្រុម​ជម្រើស​អាយុ​ក្រោម​១៩​ឆ្នាំ នា​ការប្រកួត​វគ្គ​ជម្រុះ AFC U19 Championship នៅ​ប្រទេស​អូ​បេ​គី​ស្ថាន នា​ឆ្នាំ​២០២១ ខាងមុខនេះ​។ អា​រុណ ដែល​កំពុងស្ថិត​ក្នុង​បញ្ជី​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​ពីរ រំពឹងថា ខ្លួន​នឹង​អាច​ជាប់​ក្នុង​ប​ញ្ចី​ចុងក្រោយ​នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង ដែល​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម U19​។ នៅ​កម្ពុ​ជាមាន​អាកាសធាតុ វា​មានការ​លំបាក ប៉ុន្តែ​ខ្ញុំ​កំពុង​ហ្វឹកហាត់​ដើម្បី​ផ្សាំ​ជាមួយ​អាកាសធាតុ​នៅទីនេះ ហើយ​ខ្ញុំ​នឹង​ខិតខំ​ហ្វឹកហាត់ ដើម្បី​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ​នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​»​។ កីឡាករ លឹម អា​រុណ រ៉េ​យ​មិន លើកឡើង​បែបនេះ ហើយ​ប្តេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ឲ្យ​ក្រុម U19 កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ ទោះបី​កម្ពុជា​ស្ថិតក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្លាំងៗ​ក៏ដោយ​។ 
 
​នៅពេល​សួរ​ពី​កីឡាករ​កម្ពុជា​ដែល​ខ្លួន​ចូលចិត្ត ខ្សែបម្រើ​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់​រូបនេះ អះអាងថា រូបគេ​ចូលចិត្ត​កីឡាករ ចាន់ វឌ្ឍនាកា​, ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ និង​ខ្សែការពារ ទេស សម្បត្តិ​៕   
 

Tag:
 បាល់ទាត់​
  បឹងកេត​
  លឹម អា​រុណ
© រក្សាសិទ្ធិដោយ thmeythmey.com