COVID-19
អន្តរជាតិ
អាពាហ៍ពិពាហ៍១នៅម៉ាឡេស៊ី ឲ្យភ្ញៀវទៅចងដៃ និងយកអាហារ ដោយមិនចាំបាច់ចុះពីរថយន្ត
21, Dec 2020 , 7:39 pm        
រូបភាព
ដោយ:
ជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្ខំកូនកម្លោះ-ក្រមុំជាច្រើនគូសម្រេចលុបចោលពិធីរៀបការរបស់ពួកគេ ឬកំណត់ចំនួនភ្ញៀវចូលរួម ជាដើម។ តែអនាគតប្តីប្រពន្ធម៉ាឡេស៊ីមួយគូនេះ រកឃើញវិធីសាស្រ្តល្អដែលអាចគេចផុតពីការរឹតត្បិតកូវីដ-១៩ ហើយបានស្វាគមន៍មនុស្សចូលរួមរហូតដល់១០០០០នាក់។ នោះគឺរៀបចំទៅជាកម្មវិធីបើកឡានឆ្លងកាត់ (drive-thru)។

 
ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ នៅថ្ងៃទី ២០ ខែធ្នូ បាននាំគ្នាឈរស្វាគមន៍នៅក្រៅបរិវេណអគាររដ្ឋាភិបាលមួយ ក្នុងទីក្រុង Putrajaya ភាគខាងត្បូងនៃរាជធានី គូឡាឡាំពួ ខណៈភ្ញៀវពួកគេបានបើករថយន្តយឺតៗកាត់មុខរោងការនេះ។ 
 
ភ្ញៀវទាំងនេះ ពុំអាចពន្លត់ម៉ាស៊ីនរថយន្តពួកគេ ហើយដើរមករាក់ទាក់កូនកម្លោះ-ក្រមុំនេះបានឡើយ ព្រោះតែត្រូវរក្សាគម្លាតសុវត្ថិភាព ហើយម្យ៉ាងទៀត ការរៀបមង្គលការនៅម៉ាឡេស៊ី កំណត់ភ្ញៀវចូលរួមត្រឹម២០នាក់ប៉ុណ្ណោះ។ ជំនួសមកវិញ ភ្ញៀវដែលត្រូវបានអញ្ជើញមកចូលរួមនោះ អាចគ្រាន់តែបក់ដៃនិងបង្ហាញញញឹមពីក្នុងឡានពួកគេតែប៉ុណ្ណោះ។ 
 
ឪពុករបស់កូនកម្លោះ ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសរសេរសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ការរៀបមង្គលការរបស់កូនគាត់ មានភ្ញៀវចូលរួមរហូតដល់ ១០០០០នាក់។ លោកនិយាយបន្ត ក្រុមគ្រួសារលោក និងលោក មានកិត្តិយសធំធេង ហើយក៏អរគុណចំពោះការយោគយល់ និងការគោរពតាមវិធានការកូវីដ-១៩របស់ភ្ញៀវលោក ដោយការមិនចេញក្រៅរថយន្ត។
 
សម្រាប់រថយន្តទាំង១០០០០គ្រឿងនេះ បានបើកឆ្លងផុតអស់ វាត្រូវការពេលរហូតដល់៣ម៉ោងឯណោះ។ ទោះមិនឈប់ និងអង្គុយបរិភោគអាហារក្នុងរោងការក៏ពិតមែន ភ្ញៀវទាំងនេះ ក៏ទទួលបានអាហារវេចខ្ជាប់រួចរាល់ ដែលផ្ដល់ឲ្យដោយម្ចាស់ដើមការ តាមបង្អួចរថយន្តពួកគេផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី។ 
 
សូមបញ្ជាក់ថា ម៉ាឡេស៊ី កំពុងប្រយុទ្ធនឹងរលកឆ្លងថ្មីនៃករណីកូវីដ-១៩ ដែលបច្ចុប្បន្នរកឃើញករណីឆ្លងសរុបជាង៩៣០០០ករណី និងអ្នកស្លាប់ ៤៣៧នាក់ហើយ៕ 




 

Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com