ពីនេះ ពីនោះ
«​មកុដ​,​មន្ត្រី​,​មាស​,​ផ្លោង​,​ប្រាក់​ដំឡើង​»​ជា​ពាក្យ​បញ្ជាក់​ពី​ឈ្មោះ​ព្រៃឈើ និង​រុក្ខជាតិ
10, Aug 2022 , 7:29 am        
រូបភាព
​សទ្ទានុក្រម​ពាក្យថ្មី​ដែល​បោះពុម្ព​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក្នុង​ឆ្នាំ​២០១៨​បាន​ពន្យល់​ពាក្យ​ព្រៃឈើ និង​រុក្ខជាតិ​មួយចំនួន​។

 
«​មកុដ​» ជា​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​មាន​កម្ពស់​ពី​២០ ទៅ​៣៥​ម៉ែត្រ​។ វា​ដុះ​ក្នុងព្រៃ​ជ្រៅ​។ ស្លឹក​ខ្ចីៗ​ជា​ចំណី​សព្វ​ពាហនៈ​។ សាច់​ឈើ​សម្បុរ​ប្រផេះ​ក្រមៅ ឬ​លឿង​ភាវ​។ ឈើ​អាច​ខូច បើ​នៅ​ហាលភ្លៀង​ខ្យល់​។ គេ​ច្រើន​ប្រើ​ឈើ​នេះ​ធ្វើជា​គ្រឿង​ដំបូលផ្ទះ និង​ធ្វើ​តួ​ស្គរ​។ ផ្លែ​វា​គេ​អាច​បរិភោគ​ជា​ចំណី​បាន​។​
 
«​មន្ត្រី​» ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​កម្ពស់​ពី​៨ ទៅ​១៥​ម៉ែត្រ​។ គ្រាប់​របស់​វា​មាន​ពណ៌​ក្រហម​។ តាម​វេជ្ជសាស្ត្រ​បុរាណ គេ​យក​សំបក​ទៅ​ស្ងោរ​ផឹក​ដើម្បី​រំងាប់រោគ​មួល និង​ជំងឺ​ឈាម​។​
 
«​មាស​»​ជា​វល្លិ​ល្អិត​មួយ​ប្រភេទ​រស់​ដោយសារ​គេ​។ មែក​តូច​ដូច​ខ្សែ​អំបោះ​វារ​ពា​ត់​ជុំវិញ​មែក​រុក្ខជាតិ​ដែល​អាចជា ចុ​ល្ល​ព្រឹក្ស គុម្ពព្រឹក្ស ឬ​ព្រឹក្ស​។ វល្លិ​នេះ​មាននៅ​គ្រប់​ប្រទេស​អាស៊ី និង​អា​ហ្វ្រ៊ិ​ក​ក្តៅ​។ គេ​អាច​យក​វល្លិ​នេះ​ធ្វើជា​ថ្នាំ​ជ្រលក់​សំពត់​អាវ​ឲ្យ​មាន​ពណ៌​ក្រមៅ​។ វា​មាន​ជ័រស្អិត ដែល​គេ​តែង​លាយ​ជាមួយនឹង​កំបោរ​សង់ផ្ទះ និង​សម្រាប់ធ្វើ​ដីលែង​ដើម្បី​បិទ​ប្រហោង​ទូក​។ នៅ​ប្រទេស​កម្ពុជា​គេ​យក​វល្លិ​មាស​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​សួត​។ 
 
«​ផ្លោង​»​ជា​ឈើ​មួយ​ប្រភេទ​កម្ពស់​ពី​២០​ទៅ​៣០​ម៉ែត្រ ឫស​ដុះ​ជា​ចន្ទល់​ជា​ជើង​ទោម​។ ឫស​ដែល​ដុះ​ចេញពី​ដីល្បាប់​មាន​រាង​ដូច​ទំពាំង​ហើយ​មាន​តួនាទី​ជួយ​ឲ្យ​ដើម​មាន​អុកស៊ីសែន​។ វា​ច្រើន​ដុះ​ក្នុង​ព្រៃកោងកាង តាម​សមុទ្រ​នៅ​ប្រទេស​ក្តៅ​។ សំបក គេ​ប្រើ​សម្លាប់ស្បែក ឬ​ជ្រលក់​សំពត់ និង​សំណាញ់​នេសាទ​ជាដើម​។ ភាគច្រើន​គេ​ហៅ​ឈើ​នេះ​ថា ប្រសា​ក់​ធំ​។ 
 
​ចំណែក​«​ប្រាក់​ដំឡើង​» ជា​ឈ្មោះ​ព្រឹក្ស​មួយ​ប្រភេទ​មាន​កម្ពស់​ពី​១០ ទៅ​១៥​ម៉ែត្រ ទំហំ​ជុំវិញ​អាច​ធំ​ដល់​៣​ម៉ែត្រ​។ វា​ដុះ​នៅក្នុង​ព្រៃស្រោង ឬ​ក្រាស់​មធ្យម​នៅ​ឧបទ្វីប​ឥណ្ឌូចិន​។ ឈើ​របស់​ដើម​នេះ​ជា​ឈើប្រណិត​សម្រាប់ធ្វើ​សសរផ្ទះ តុ ឬ​ទូ​ជាដើម​។​
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com