ជាតិ
បទសម្ភាសន៍
លោក ស៊ឹម សុជាតិ៖ កសិករដាំទុរេន ត្រូវចេះពីរបៀបលាយដីបណ្តុះកូន និងការដាក់ជី
× ពោធិ៍សាត់៖ ការបណ្ដុះទុរេនមិនត្រូវការប្រភេទដីនោះទេ តែកសិករត្រូវមានបច្ចេកទេស ក្នុងការធ្វើជីសម្រាប់ដាក់ដើមទុរេន។ បច្ចេកទេសប្រើប្រាស់ជី គឺចាប់ផ្តើមតាំងពីការបណ្តុះ ទទួលដល់ទុរេនហុចផល។ នេះជាការលើកឡើងរបស់លោក ស៊ឹម សុជាតិ កសិករដាំទុរេននៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្រាប់ លោក ស៊ឹម សុជាតិ ការដាក់ជីឲ្យទុរេន ប្រៀបបាននឹងគ្រូពេទ្រមើលថែអ្នកជំងឺ ព្រោះត្រូវច្បាស់ថា តើទុរេនរបស់ខ្លួន ត្រូវការជីប្រភេទអ្វីខ្លះ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ស៊ឹម សុជាតិ កសិករក្នុងឃុំអូរសោមដូចតទៅ៖
ដើម្បីឲ្យទុរេន ទទួលបានទិន្នផលខ្ពស់ ប្រៀបដូចជាការមើលថែកូនក្នុងគ្រួសារអីចឹង។ នេះជាការបញ្ជាក់របស់លោក ស៊ឹម សុជាតិ អ្នកដាំទុរេន នៅឃុំអូរសោម។ តាមលោក សុជាតិ ទុរេនអាចផ្ដល់ទិន្នផលខ្ពស់ ឬទាប អាស្រ័យលើការមើលថែ ការធ្វើដីសម្រាប់បណ្ដុះកូនដើមទុរេន និងការដាក់ជី។ កសិករ រូបនេះ សង្កត់ធ្ងន់ថា ការដាក់ជី ជារឿងសំខាន់បំផុត សម្រាប់ការដាំដុះទុរេន។
លោក សុជាតិ បានលើកឡើងដូច្នេះថា៖ « ជីមានច្រើនប្រភេទណាស់ មុននឹងយើងដាក់ជី យើងត្រូវមកមើលវាសិនថាត្រូវការជីប្រភេទណា។ យើងមិនអាចចេះតែដាក់ជីផ្ដេសផ្ដាសទេ។ សម្រាប់ការពារសត្វល្អិតវិញ យើងត្រូវប្រើជីសរីរាង្គ និងជីគីមី ព្រោះយើងមិនអាចរកជីសរីរាង្គ មកផ្គត់ផ្គង់សម្រាប់ចម្ការទាំងមូលបានទេ។ កសិករក៏មិនត្រូវចាញ់បោក អ្នកលក់ជី ថាប្រភេទជីទាំងនោះសុទ្ធតែជីសរីរាង្គអី ព្រោះគេមិនអាចមានជីគ្រប់គ្រាន់មកលក់ឲ្យទេ»។
មុននឹងយើងអាចបណ្ដុះកូនទុរេន កសិករ ក៏ត្រូវចេះរបៀបលាយដីសម្រាប់បណ្តុះដែរ។ បើតាម លោក ស៊ឹម សុជាតិ ទូទៅដីដែលលាយសម្រាប់ទុរេនគឺត្រូវការ ប្រភេទដីចំនួន៧០ភាគរយ និងអង្កាមចំនួន៣០ ភាគរយ។ ការលាយដីនេះ គឺដើម្បីឲ្យកូនទុរេន ចាក់ឫស និងលូតលាស់បានលឿន។
កសិករ គួរដាំទុរេន ចន្លោះ៤ម៉ែត្រពីដើមមួយ ទៅដើមមួយទៀត។ ចន្លោះប៉ុណ្ណេះ បើតាម លោក សុជាតិ ទុរេន នឹងហុចផលច្រើនជាងការដាំឃ្លាតគ្នាចម្ងាយ៨ម៉ែត្រក្នុងមួយដើមៗទៅទៀត។ កសិកររូប ក៏បានឲ្យដឹងដែរថា កន្លងមកលោក អាចលក់ផ្លែទុរេនបាន ប្រមាណ៥ម៉ឺនដុល្លារ ពីទុរេនចំនួន ៥៣ដើម ដែលមាននៅក្នុងចម្ការនេះ៕
Tag:
ទុរេន
ពោធិ៍សាត់
ស៊ឹម សុជាតិ
កសិកម្ម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com