COVID-19
ជាតិ
លោក យ៉េ​ង ដា​នុយ យក​ជំនាញ​ធ្វើ​នំ ទៅ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ក្នុង​វិបត្តិ​កូ​វីដ​១៩
21, Dec 2020 , 11:58 pm        
រូបភាព
​ភ្នំពេញ​៖ កើត​ក្នុង​ជំរំសាយធូ​លោក យ៉េ​ង ដា​នុយ ដែលមាន​លទ្ធភាព​រៀន​ត្រឹម​ថ្នាក់​ទី​១២ ចេះ​ធ្វើ​នំ​បុ័ង​ប៉ែក​អ៊ឺរ៉ុប​និង​អាស៊ី​ជាង​២០០​មុខ និង​ចេះ​ធ្វើ​នំ​ខេ​ក​ផងដែរ​។ ចំណេះធ្វើ​នំ​នេះ លោក​មិនបាន​ចំណាយ​ប្រាក់​ទៅ​រៀន​ក្នុង​សាលា​ឡើយ ប៉ុន្តែ​លោក​ទទួលបាន​ពីបទ​ពិសោធ​ធ្វើ​ការងារ​យកប្រាក់​ខែ​។ ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​១៩ លោក ដា​នុយ ត្រូវ​បាត់បង់​ប្រាក់ខែ​ប្រហែល​ពាក់កណ្ដាល ការណ៍​នេះ​បាន​នាំឱ្យ​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ សម្រេចចិត្ត​យកចំណេះ​ជំនាញ​ដែល​ខ្លួន​មាន ទៅ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។​



​ធ្លាប់​ឆ្លងកាត់​បទពិសោធ​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ច្រើន មាន​ទាំង​ភោជនីយដ្ឋាន​និង​សណ្ឋាគារ លោក យ៉េ​ង ដា​នុយ បច្ចុប្បន្ន​មានចំណេះ​ធ្វើ​នំ​បុ័ង​ប៉ែក​អ៊ឺរ៉ុប និង​អាស៊ី​ប្រហែល​២០០​មុខ​(Bakery)​។ ក្រៅពីនោះ លោក​ក៏មាន​ជំនាញ​ធ្វើ​នំ​(Pastry) ជាច្រើន​មុខ​ផងដែរ​។


 
​ព្រោះតែ​បាត់​ចំណូល​ប្រហែល​ពាក់កណ្ដាល ពោល​ពី​ប្រាក់ខែ​ប្រមាណ​៨០០​ដុល្លារ​អាមេរិក នៅត្រឹម​ជាង​៤០០​ដុល្លារ​អាមេរិក ព្រោះ​កូ​វីដ​១៩ លោក យ៉េ​ង ដា​នុយ បានសម្រេច​ចិត្ត​បើក​អាជីវកម្ម​លក់​នំ​បុ័ង​ខ្នាតតូច​ក្នុងផ្ទះ​របស់ខ្លួន​នៅ​ខណ្ឌឫស្សីកែវ ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​។ បើក​អាជីវកម្ម​ស្របពេល​ការរីក​រាលដាល​កូ​វីដ​១៩ នៅក្នុង​ប្រទេស​ក៏ដូចជា​ពិភពលោក បុរស​កូន​២​រូបនេះ  មាន​ជំនឿ​លើ​ខ្លួនឯង ថា​មុខរបរ​នេះ​នឹង​អាច​ដើរ​ទៅមុខ​បាន​។ 
 
​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ព្រោះ​លោក ដា​នុយ បានធ្វើ​នំ​គ្រប់​ប្រភេទ​ដែល​គ្រោង​ចេញលក់ ឱ្យ​បងប្អូន​និង​មិត្ត​ភ័ក្ដិ​ទទួលទាន ដើម្បីឱ្យ​ពួកគេ​ជួយផ្ដល់​យោបល់​។ ក្រោយ​ទទួលបាន​ពិន្ទុ​ខ្ពស់​រួចហើយ ទើប​លោក​សម្រេចចិត្ត​បើក​លក់​តែម្ដង​។​
 
« មួយខែ​ខ្ញុំ​ធ្វើការ​បានតែ​៩​ថ្ងៃ​ប៉ុណ្ណោះ ខ្ញុំ​មិន​ចង់​ចំណាយពេល​នៅផ្ទះ​ទំនេ​ចោល ខ្ញុំ​ក៏​ចាប់ផ្ដើម​គិតពី​ការបើក​លក់​នំ​បុ័ង​។ ខ្ញុំ​គិតថា​បើទោះជា​លក់បាន​ប្រាក់​តិច​ឬ​ច្រើនក្ដី ក៏បាន​ចំណូល​ចូល​ផ្ទះ​ខ្លះ​ផ្សំគ្នា​ជាមួយ​ប្រាក់ខែ​ដែរ​។ ប្រាក់ខែ​របស់ខ្ញុំ​ជា​មធ្យម​ទទួលបាន​៨០០​ដុល្លារ តែ​ខែ​ខ្លះ​បាន​ច្រើនជាង​នេះ ហើយ​ខែ​ខ្លះ​បាន​តិចជាង​នេះ​។ ប៉ុន្តែ​ពេល​មាន​កូ​វីដ​១៩ ខ្ញុំ​នៅសល់តែ​ជាង​៤០០​ដុល្លារ​ប៉ុណ្ណោះ​។ រាល់ថ្ងៃ​ខ្ញុំ​លក់បាន​ប្រហែល​៥០​ទៅ​៦០​នំ ហើយ​ថ្ងៃ​ខ្លះ​លក់បាន​៣០​នំ​។ លក់ដាច់​ច្រើន​ពីថ្ងៃ​ចន្ទ​ដល់​សុក្រ ចំណែក​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ លក់​មិនសូវ​ដាច់​ទេ​។ ពេលនេះ​គ្រប់គ្រង​ចំណូល​មិនទាន់​បានទេ​។ ដំបូង​ឡើយ​ខ្ញុំ​ធ្វើឱ្យ​មិត្ត​ភ័​ក្ដី​បងប្អូន​ខ្ញុំ​ហូប គាត់​ទទួលយកបាន​ថា​ឆ្ងាញ់​ហើយ ទើប​ខ្ញុំ​បើក​លក់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក យ៉េ​ង ដា​នុយ​។



​ចូល​ហាត់​ការ​ក្នុង​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់មក​ប្ដូរ​ការងារ​ទៅ​ភោ​ជនី​ដ្ឋា​ន និង​សណ្ឋាគារ​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ទទួលបាន​ប្រាក់ខែ​ខ្ពស់ មុខដំណែង ជាពិសេស​ចំណេះធ្វើ​នំ​សម្បូរបែប​។ តាមពិតទៅ​លោក យ៉េ​ង ដា​នុយ បានដាក់​គោលដៅ​ក្នុង​ជីវិត​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចូល​បម្រើការ​ឱ្យគេ​ម្ល៉េះ គឺ​សន្សំ​ចំណេះ​ដើម្បី​ក្លាយជា​ម្ចាស់​អាជីវកម្ម​។​
 
​លោក ដា​នុយ ពន្យល់​៖«​ដើរ​ចេញពី​ន្លែ​ង​នេះ​ទៅ​កន្លែង​ផ្សេង ជួប​មនុស្ស​ថ្មី បាន​ចែករំលែក​ចំណេះ​គ្នា​ទៅវិញទៅមក​។ ខ្ញុំ​ធ្លាប់​បានគិត​តាំងតែ​ពី​ដើម ថា​ទៅ​ធ្វើការ​ឱ្យគេ​ដើម្បី​ថ្ងៃ​ណាមួយ​ចេញមក​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​។ អាជីវកម្ម​របស់ខ្ញុំ​សព្វថ្ងៃនេះ​ខ្ញុំ​ធ្វើ​តែ​នំ​ប៉ែក​អាស៊ី​ទេ តែ​ខ្ញុំ​ធ្វើ​បែប​ច្នៃប្រឌិត មាន​ច្រើន​រសជាតិ និង​ច្រើន​ម៉ូដ​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​ធ្វើ​ប្រហែល​១៣​មុខ ហើយ​ក្នុង​មួយ​មុខ​ជួន​ខ្ញុំ​ធ្វើ​៤​នំ ជួន​៥​នំ ជួន​១០​នំ អាស្រ័យ​ថា នំ​ណា​លក់ដាច់​ច្រើន នោះ​ទើប​ខ្ញុំ​ធ្វើ​ច្រើន​។ ខ្ញុំ​បើក​លក់​តិចតួច​សិន បើ​ខាត​ក៏​ខាត​តិច​ដែរ តែ​កន្លងមក​ខ្ញុំ​លក់​សល់​តែ​នំ​ប្រហែល​២​ទៅ​៣​នំ​អី​ទេ​»​។



​ទៅ​ថ្ងៃ​អនាគត​លោក យ៉េ​ង ដា​នុយ ដែល​បានកើត​ក្នុង​ជំរំសាយធូ និង​បាន​ធំ​ដឹងក្ដី​ក្នុង​រាជធានី​ភ្នំពេញ មាន​គម្រោង​ពង្រីក​អាជីវកម្ម​លក់​នំ​បុ័ង​របស់ខ្លួន​ឱ្យ​កាន់តែ​ធំ​ជាង​នេះ​៕





Tag:
 អាជីវកម្ម​
  មុខរបរ​
  កូ​វីដ​១៩
  នំ​បុ័ង​
© រក្សាសិទ្ធិដោយ thmeythmey.com