COVID-19
អន្តរជាតិ
​ទ័ព​ថៃ​សារភាពថា ពិបាក​ទប់ស្កាត់​ចំណាកស្រុក​មី​យ៉ាន់​ម៉ា ខណៈ​ករណី​ឆ្លង​កាន់តែ​កើនឡើង​
22, Dec 2020 , 3:37 pm        
រូបភាព
ប្រជាជនឈរ រង់ចាំការធ្វើតេស្តរកកូវីដ-១៩ នៅផ្សារលក់គ្រឿងសមុទ្រ ក្នុងខេត្ត សាមុតសាខន។ រូបភាព៖ AFP
ប្រជាជនឈរ រង់ចាំការធ្វើតេស្តរកកូវីដ-១៩ នៅផ្សារលក់គ្រឿងសមុទ្រ ក្នុងខេត្ត សាមុតសាខន។ រូបភាព៖ AFP
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២២ ខែធ្នូ បានប្រកាស​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៤២៧​ករណី​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ​ចំណាកស្រុក​។ រដ្ឋាភិបាល​ថៃ ចាត់វិធានការ​ជា​បន្ត​បន្ទាប់​នៅក្នុង​ប្រទេស និង​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ស្របពេល​កងទ័ព ដែល​ល្បាត​នៅតាម​តំបន់​ព្រំដែន បាន​សារភាពថា មិនអាច​ទប់ស្កាត់​កម្ម​ករ​ចំណាកស្រុក​ខុសច្បាប់​មកពី​មី​យ៉ាន់​ម៉ា​បាន​ទាំងអស់​ទេ​។​

 
​ករណី​ឆ្លង​នៅ​ថៃ នៅតែ​បន្ត​កើនឡើង​ខ្លាំង ពិសេស​នៅ​ខេត្ត​សាមុត​សា​ខន​ដែលជា​កន្លែង​ផ្ទុះ​ការ​រាលដាល​។ ស្របពេល​អាជ្ញាធរ​បង្កើន​ការធ្វើ​តេស្ត នៅ​ថ្ងៃទី​២២ ខែធ្នូ ថៃ​មាន​ករណី​ឆ្លង​ចំនួន ៤២៧​ករណី​បន្ថែមទៀត ដោយ​ក្នុងនោះ ៣៩៧ នាក់ ជា​កម្មករ​ចំណាកស្រុក​។ យ៉ាងហោចណាស់ អ្នក​ផ្ទុក​១៦​នាក់ ជា​ជនជាតិ​ថៃ ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ដែលមាន​ពាក់ព័ន្ធ​នឹង​ផ្សារ​បង្គារ​។ ចំណែក ១៤​នាក់​ផ្សេងទៀត ជា​ករណី​ឆ្លង​មកពី​ក្រៅប្រទេស​។​
 
​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin បាន​បញ្ជាក់ថា មាន​ឈ្មួញ​គ្រឿង​សមុទ្រ​ប្រមាណ ១០០០​នាក់ ដែល​មកពី​ខេត្ត​ចំនួន ២២ បាន​ទិញ​គ្រឿង​សមុទ្រ​ជា​ញឹកញាប់​ពី​ផ្សារ​លក់​បង្គា​ក្នុង​ខេត្ត​សាមុត​សា​ខន​។ ពេលនេះ អាជ្ញាធរ​បានប្រកាស​អាសន្ន និង​ស្វែងរក​អ្នក​ទាំងនោះ ក៏ដូចជា​អ្នកពាក់ព័ន្ធ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ទន្ទឹមគ្នានេះ អ្នកនាំពាក្យ CCSA បាន​បន្តទៀតថា ៩០ ភាគរយ​នៃ​ករណី​ឆ្លង​ក្នុងចំណោម​កម្មករ​ចំណាកស្រុក មិនមាន​ចេញ​រោគសញ្ញា​ឡើយ​។ កម្មករ​ចំណាកស្រុក​ទាំងនោះ ភាគច្រើន​មកពី​មី​យ៉ាន់​ម៉ា​។ 
 
​ទាក់ទិន​នឹង​លំហូរ​កម្មករ​ចំណាកស្រុក​នេះ ថៃ បាន​ពង្រាយ​កងទ័ព​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​មី​យ៉ាន់​ម៉ា​-​ថៃ ដើម្បី​ទប់ស្កាត់​។ យ៉ាងណាក៏ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក Santipong Thammapiya អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ បាន​បញ្ជាក់ថា កងទ័ព​ថៃ មិនអាច​ទប់ស្កាត់ កម្មករ​ចំណាកស្រុក​មកពី​មី​យ៉ាន់​ម៉ា​បាន​ទាំងអស់​ទេ ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ និង​ប្រវែង​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ប្រវែង ៥,៥២៦ គីឡូម៉ែត្រ​។ 
 
​បើតាម​ការពន្យល់​រប​ស់លោក Santipong កម្មករ​ចំណាកស្រុក​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ចូល​ថៃ តាម​តំបន់​មួយចំនួន​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​នៅក្នុង​ខេត្ត Tak, ខេត្ត Chiang Rai, និង​ខេត្ត Kanchanaburi ជាដើម​។ ដើម្បី​ទប់ស្កាត់​ការ​ចំណាកស្រុក កងទ័ព​ថៃ បាន​ប្រើប្រាស់​ដ្រូ​ន​, ពង្រាយ​របង​បន្លា​លួស និង​បច្ចេកវិទ្យា​ផ្សេងទៀត ដើម្បី​ត្រួតពិនិត្យ​។ 
 
​កន្លងទៅ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ថៃ​ភ័យខ្លាច ហើយ​ថៃ​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ក្នុង​រយៈពេល ៧ ថ្ងៃ​ខាងមុខ ។ ប្រសិនបើ​គ្រប់គ្រង​មិនបាន ថៃ​នឹង​ដាក់ចេញ​វិធានការ​ផ្សេងទៀត​។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ រៀបចំ​គោលការណ៍​ណែនាំ​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត ដើម្បី​ដាក់ចេញ​ក្នុងករណី​ថៃ បិទ​ខេត្ត ឬ​តំបន់​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ ករណី​ឆ្លង​សរុប​របស់​ថៃ បាន​កើន​ដល់ ៥៧១៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤០៧៨ នាក់​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com