ជាតិ
​រោងចក្រ​៣​នៅ​កំពង់ស្ពឺ និង​១​នៅ​ព្រះសីហនុ រៀបចំ​វេច​ខ្ចប់​ស្វាយ​នាំ​ចេញទៅ​ចិន​
22, Dec 2020 , 9:29 pm        
រូបភាព
ដោយ:
​រោងចក្រ​ចំនួន​៤​ក្នុង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ប្រតិបត្តិការ​របស់ខ្លួន សម្រាប់​ការសម្អាត​ស្វាយ​ដើម្បី​នាំទៅ​ចិន ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន​៣ បាន​អនុវត្ត​ប្រព័ន្ធ​សម្លាប់​សត្វល្អិត ដោយ​ប្រើ​ទឹក​ក្ដៅ ( Hot Water Treatment)​។ ក្រុមហ៊ុន​ទាំង​៤ នេះ​មានដូចជា ក្រុមហ៊ុន Green Centric Farm Co., Ltd, បឹងកេត ហ្វេ​ស​ហ្រ៊ូ​ត ឯ​.​ក​, Long Wo Agriculture (Cambodia) និង បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​មិន ឯ​.​ក ។

 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ បាន​ទស្សនកិច្ច​ក្រុមហ៊ុននាំចេញ​ស្វាយ ចំនួន​៤​ទីតាំង​ខុសៗ​គ្នា ក្នុងនោះ​៣​ទីតាំង​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ និង​១​ទីតាំង​ទៀត ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​វេ​ង សាខុន​។​
  

រូបភាពពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ

​លោក​រដ្ឋមន្ត្រី ផ្តើម​ទស្សនកិច្ច​មុនគេ នៅ​ក្រុមហ៊ុន Green Centric Farm Co.,Ltd ដែល​ស្ថិត​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ លោក វេ​ង សាខុន បានសរសេរថា រោងចក្រ​នៃ​ក្រុមហ៊ុន​នេះ សង់​លើ​ផ្ទៃដី ២៧០​ហិកតា និង​មាន​ស្វាយ​ផ្ទាល់ខ្លួន​ចំនួន​៤៦,៣៥៦​ដើម និង​ចម្ការ​ស្វាយ​កិច្ចសន្យា​ជាមួយ​កសិករ​ក្នុង​តំបន់​ជាង ៣,០០០​ហិកតា​ទៀត​។ ដ្បិត​កន្លងមក ក្រុមហ៊ុន​មួយ​នេះ​ផលិត​ស្វាយ​សម្រាប់តែ​ចែកចាយ​ក្នុងស្រុក ប៉ុន្តែ​ក្រុមហ៊ុន​នេះ អះអាង​ប្រា​ប់លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា បាន​ត្រៀមខ្លួន​ជាស្រេច សម្រាប់​នាំចេញ​ស្វាយ ទៅ​ប្រទេស​ចិន​។​
 
​លោក វេ​ង សាខុន បាន​បន្ត​ទស្សនកិច្ច​ក្រុមហ៊ុន​មួយទៀត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺ​ក្រុមហ៊ុន បឹងកេត ហ្វ្រេស​ហ្វ្រូ​ត ឯ​.​ក​។ ទើប​សាងសង់​បាន ៨០​ភាគរយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បានដាក់​ដំណើរការ​រោងចក្រ​របស់ខ្លួន​ជា​បណ្ដោះអាសន្ន ស្របពេល​ដែលរ​ដូ​វប្រ​មូល​ផល​ស្វាយ​ចូលមក​ដល់​។ បើតាម​លោក វេ​ង សាខុន ក្រុមហ៊ុន​នេះ បាន​ដំឡើង​ប្រព័ន្ធ​ខ្សែ​ច្រវាក់​ជ្រើសរើស​គុណភាព​ផ្លែស្វាយ​តាម​ទំហំ និង​សម្លាប់​សមាសភាព​សត្វ​ចង្រៃ ឲ្យ​ស្របតាម​ស្តង់ដារ​ផងដែរ​។ ក្រុមហ៊ុន​នេះ មានលទ្ធភាព​នាំចេញ​ស្វាយ​ចន្លោះ​ពី ១៥០ ទៅ ២០០​តោន​ក្នុង​មួយថ្ងៃ ក្រោយ​រោងចក្រ​នេះ​សាងសង់​រួចរាល់​។ នេះ​បើតាម​សំណេរ​របស់លោក វេ​ង សាខុន នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​។ 


រូបភាពពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ
 
​រីឯ​រោងចក្រ​របស់ ក្រុមហ៊ុន Long Wo Agriculture (Cambodia) ដែល​ស្ថិតនៅ​ស្រុក​ភ្នំស្រួច​ដដែល​នោះ គឺជា​គោលដៅ​ទស្សនកិច្ច​បន្ទាប់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ​នេះ គឺ​ស្ទើរតែ​រួចរាល់​ហើយ​។ តាម​លោក វេ​ង សាខុន នៅពេល​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​រួចរាល់ រោងចក្រ​នេះ មានលទ្ធភាព​សម្អាត​ស្វាយបាន ១០០​តោន នៅ​មួយថ្ងៃ​។​
 
​ចេញពី​ខេត្តកំពង់ស្ពឺ លោក​វេ​ង សាខុន បន្តទៅ​មើល​រោងចក្រ​របស់​ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​មិន ឯ​.​ក ដែល​ស្ថិត​ក្នុងស្រុក​កំពង់​សិលា ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​នេះ បាន​បោះទុន​ទឹកប្រាក់ ៥០​លាន​ដុល្លារ សម្រាប់​ការសាងសង់​រោងចក្រ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ខ្សែ​ច្រវាក់​ផលិតកម្ម និង​ប្រព័ន្ធ​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​។ បច្ចុប្បន្ន ក្រុមហ៊ុន បាន​ចុះកិច្ចសន្យា​ទិញ​ស្វាយ​ពី​កសិករ​លើ​ទំហំ​ដី ៦,០០០​ហិកតា និង​គម្រោង​ដាំ​ស្វាយ​បន្ថែម​លើ​ផ្ទៃដី ១០,០០០​ហិកតា​ទៀត​។ 
 
​ទោះ​រោងចក្រ​នេះ​មិនទាន់បាន​ដំណើរការ តែ​រោងចក្រ​នាំចេញ​ស្វាយ​ទៅ​វេច​ខ្ចប់​នៅ ប្រទេស​វៀតណាម មុន​ចេញទៅ​ប្រទេស​ចិន ប្រមាន​៣០​កុងតឺន័រ​ជា​រៀងរាល់ថ្ងៃ​។ រោងចក្រ​មួយ​នេះ នឹង​អាចមាន​សមត្ថភាព​សម្អាត​ស្វាយ​ប្រមាណ ៤០០​តោន ក្នុង​មួយថ្ងៃ នៅពេល​បើក​ដំណើរការ​។  នេះ​បើតាម លោក វេ​ង សាខុន​។​


រូបភាពពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ
 
​សូម​រំឭកថា កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​បាន​ចំនួន​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ក្រោយ​ភាគី​ទាំងពីរ​បានរៀបចំ​ផ្លាស់ប្តូរ​ពិធីសារ​នាំ​ផ្លែស្វាយ​ជា​ផ្លូវ កាលពី​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ សូម​ជម្រាប​ដែរ​ថា កាលពីដើម​ខែធ្នូ​កន្លងទៅនេះ កម្ពុជា បាន​នាំចេញ​ស្វាយ​ដោយផ្ទាល់ ជា​លើកដំបូង ទៅ​ប្រទេស​ចិន ជិត​៦០​តោន​។ ចំនួន​នេះ នឹង​កើន​ឡើងជា​បន្ទ​បន្ទាប់​ក្រោយ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​នាំចេញ​ស្វាយ​ទៅ​ចិន​នេះ សង់​រោងចក្រ​របស់ខ្លួន​រួចរាល់​៕
 

Tag:
 ស្វាយ​
 ​នាំចេញ​
 ​ចិន​
 ​កំពង់ស្ពឺ​
  ព្រះសីហនុ​
  កសិកម្ម​
  ThmeyThmey 25
© រក្សាសិទ្ធិដោយ thmeythmey.com