អង្គការសុខភាពពិភពលោក (WHO) អះអាងថា ទម្រង់ថ្មីរបស់ជំងឺកូវីដ-១៩ ដែលកើតមាននៅក្នុងចក្រភពអង់គ្លេស ជាផ្នែកធម្មតានៃការវិវត្តរបស់ជំងឺរាតត្បាតសកលមួយ។ ទន្ទឹមនេះ WHO ថា មិនទាន់មានភស្តុតាងណាបញ្ជាក់ទម្រង់ថ្មីរបស់កូវីដ-១៩នេះធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ ឬធន់នឹងវ៉ាក់សាំងដែលមាននៅពេលបច្ចុប្បន្នឡើយ។
អំឡុងសន្និសីទព័ត៌មានតាមអនឡាញ នៅថ្ងៃទី២១ ខែធ្នូ ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO លោក Mike Ryan និយាយដល់ទម្រង់ថ្មីរបស់ជំងឺកូវីដ-១៩ថា៖«យើងត្រូវតែស្វែងរកតុល្យភាពមួយ។ វាសំខាន់ដែលមានតម្លាភាព។ វាសំខាន់ដែលប្រាប់សាធារណរជនអំពីវា។ តែវាក៏សំខាន់ដែលត្រូវយល់ដឹងដែរថា នេះជាផ្នែកធម្មតានៃការវិវត្តរបស់វីរុសប៉ុណ្ណោះ»។
ដោយស្រង់ទិន្នន័យពីចក្រភពអង់គ្លេស មន្ត្រីអង្គការសុខភាពពិភពលោក អះអាងថា ពួកគេគ្មានភស្តុតាងណាមួយដែលបង្ហាញថា ទម្រង់ថ្មីនៃជំងឺកូវីដ-១៩នេះ ធ្វើឲ្យមនុស្សឈឺកាន់តែខ្លាំង ឬមានអាការៈធ្ងន់ធ្ងរជាងទម្រង់ដើមរបស់កូវីដ-១៩ឡើយ បើទោះបីជាវាមានល្បឿនចម្លងលឿនជាងមុនក៏ដោយក្តី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Ryan អះអាងថា បណ្ដាប្រទេសដែលបិទព្រំដែនជាមួយអង់គ្លេស ជាទង្វើដែលកើតចេញពីការប្រុងប្រយ័ត្ន ខណៈពួកគេវាយតម្លៃលើហានិភ័យ។ មន្ត្រីអង្គការ WHO បញ្ជាក់ទៀតថា មកទល់ពេលនេះ ការបំប្លែងខ្លួនរបស់កូវីដ-១៩ ត្រូវបានសង្កេតឃើញថាមានភាពយឺត បើធៀបនឹងជំងឺផ្ដាសាយធំ (influenza) ហើយទម្រង់ថ្មីរបស់កូវីដ-១៩នេះ ក៏មានល្បឿនចម្លងទាបផងដែរ បើធៀបនឹងជំងឺដទៃដូចជាស្រឡទែន (mumps) ជាដើម។
Relate 98867
ជុំវិញទម្រង់ថ្មីនេះដែរ នៅអាមេរិក លោក Brett Giroir ប្រធានផ្នែកធ្វើតេស្តជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែធ្នូ បានប្រាប់ទូរទស្សន៍អាមេរិក ABC ថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ដល់ពេលប្រកាសអាសន្នឡើយ។ លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ក៏បានសង្កត់ធ្ងន់ថា មកទល់ពេលនេះ គ្មានប្រភេទវីរុសណា អាចធន់នឹងវ៉ាក់សាំងកូវីដ-១៩ ដែលមានឲ្យប្រើប្រាស់នាពេលបច្ចុប្បន្នឡើយ។ សម្រាប់លោក វត្តមានទម្រង់ថ្មីដែលកើតចេញពីការបំប្លែងខ្លួនរបស់កូវីដ-១៩ ក្នុងចក្រភពអង់គ្លេសនេះ មិនទំនងជារួចគេចផុតពីប្រព័ន្ធស៊ាំនៃវ៉ាក់សាំងឡើយ។
មន្ត្រី WHO ក៏បានយល់ស្របនឹងការអះអាងរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់អាមេរិកដែរ ហើយសង្កត់ធ្ងន់ថា WHO កំពុងត្រួតពិនិត្យស៊ីជម្រៅលើករណីនេះ។ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO អ្នកស្រី Soumya Swaminathan លើកឡើងថា ព័ត៌មានលម្អិតពាក់ព័ន្ធទម្រង់ថ្មីដែលកើតចេញពីការបំប្លែងខ្លួនរបស់កូវីដ-១៩នៅអង់គ្លេសនេះ នឹងមានក្នុងពេលឆាប់ៗនេះ។
អ្នកវិទ្យាសាស្ត្រអង់គ្លេស បានរកឃើញវត្តមានទម្រង់ថ្មីរបស់ជំងឺកូវីដ-១៩ ក្នុងខ្លួនអ្នកជំងឺម្នាក់ កាលពីខែកញ្ញា កន្លងទៅ។ នាយករដ្ឋមន្ត្រី អង់គ្លេស បូរីស ចនសុន បង្ហាញថា ទម្រង់ថ្មីនៃកូវីដ-១៩ មានល្បឿនឆ្លងលឿនជាងទម្រង់ចាស់រហូតដល់៧០ភាគរយ។
ក្រោយអង់គ្លេស បានប្រកាសរកឃើញទម្រង់ថ្មីនៃជំងឺកូវីដ-១៩ ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប បានចាប់ផ្ដើមបិទព្រំដែនជាមួយប្រទេសនេះ ក្នុងនោះដូចជា កាណាដា បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ហូឡង់ និងបែលហ្ស៊ិកជាដើម។ នៅថ្ងៃបន្តបន្ទាប់ បណ្ដាប្រទេសផ្សេងទៀត នៅជុំវិញសកលលោក ក៏បានអនុវត្តវិធានការនេះដូចគ្នាជាមួយអង់គ្លេស ដូចយ៉ាង ឥណ្ឌា ប៉ាគីស្ថាន ប៉ូឡូញ អេស្ប៉ាញ ស្វ៊ីស ស៊ុយអែត និងរុស្ស៊ី ៕