ជាតិ
សង្គមជាតិ
អ្នកជំនាញ​៖ ការបាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ទឹក​អាល់កុល លើ​រាងកាយ​មនុស្ស​មិនអាច​ប្រឆាំង​កូ​វីដ​-១៩​ឡើយ​
22, Dec 2020 , 4:06 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល​នៅលើ​រូបរាងកាយ​មនុស្ស មិនអាច​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩​ឡើយ​។ ផ្ទុយទៅវិញ​វា​អាចធ្វើ​ឲ្យ​មនុស្ស​គ្រោះថ្នាក់​ដល់​សុខភាព​។ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់​ណែនាំ​បែបនេះ ដោយយោង​តាម​អង្គការ​សុខភាព​ពិភពលោក​។

 
​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់ថា នៅពេល​មនុស្ស​យកសារ​ធាតុ ឬ​ថ្នាំ​បាញ់សម្លាប់​មេរោគ ទៅ​បាញ់​នៅ​រូបរាងកាយ វា​អាច​នឹង​ប៉ះពាល់​ដល់​ស្បែក និង​ភ្នែក ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពុល​ផងដែរ បើសិនជា​បាញ់​ចូល​មាត់​។​
 
​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ពន្យល់​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ដូច្នេះ​ថា​៖«​សារធាតុ​ទាំងនោះ​អាចធ្វើ​ឲ្យ​ពុល ប្រសិនបើ​ប៉ះ​មាត់ ហើយ​លេប​ចូលទៅ អាចធ្វើ​ឲ្យ​រំខាន រមាស់ ឬ​រលាក​អាល់​ឡែក​ហ្ស៊ី​ស្បែក ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក​របស់​មនុស្ស​»​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ពន្យល់ថា សារធាតុ ឬ​ថ្នាំ​សម្លាប់​មេរោគ​នោះ គឺ​ប្រើ​បាន​សម្រាប់តែ​សម្លាប់​មេរោគ​នៅ​ផ្ទៃ​ទីកន្លែង​ណាមួយ​តែប៉ុណ្ណោះ​។ លោកស្រី ឱ វណ្ណឌី​ន ក៏​សង្កត់ធ្ងន់ថា ទឹក​អាល់កុល ឬ​ជែ​លអាច​បាញ់​តែ​នៅលើ​ដៃ​មនុស្ស សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ​។ ប៉ុន្តែ​មិនអាច​បាញ់​នៅលើ​ផ្ទៃ​ខ្លួន​របស់​មនុស្ស​បានឡើយ​។​
 
​លោកស្រី ឱ វណ្ណឌី​ន បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទុកដាក់​នូវ​សារធាតុ ឬ​ថ្នាំ​សម្លាប់​មេរោគ​ទាំងនោះ​ឲ្យ​ឆ្ងាយ​ពី​កុមារ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​កុមារ​។ 
 
​ជម្រើស​ដ៏​ល្អ​ដើម្បី​ការពារ និង​ទប់ស្កាត់​ពី​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ​ផ្ទះ លាងដៃ​ជាមួយនឹង​ទឹក​អាល់កុល ឬ​ជែ​ល ឬ​ទឹកសាប៊ូ ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា​១​ម៉ែត្រ​កន្លះ​ឡើងទៅ នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ​៕ 
 

Tag:
 ទឹក​អាល់កុល​
 ​សរីរាង្គ​
 ​វីរុស​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com