COVID-19
អន្តរជាតិ
តៃវ៉ាន់ មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងក្នុងរយៈពេល៨ខែ ការបាញ់សម្លាប់មេរោគតាមទីសាធារណៈនៅតៃវ៉ាន់។ រូបភាព៖AFP
× នៅថ្ងៃទី២២ ធ្នូ អាជ្ញាធរគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់ ប្រកាសថា កោះនេះមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលជាង៨ខែ។ តៃវ៉ាន់ មានករណីឆ្លងក្នុងស្រុកជាលើកចុងក្រោយនៅថ្ងៃទី១២ ខែមេសា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ និងជាប្រធានអាជ្ញាធរគ្រប់គ្រងជំងឺឆ្លង និយាយថា ករណីឆ្លងក្នុងស្រុកលើកទីមួយ ជាស្ត្រីអាយុ៣០ឆ្នាំ និងជាមិត្តភ័ក្តិរបស់ក្រុមអ្នកបើកយន្តហោះមកពីនូវែលសេឡង់ដែលផ្ទុកជំងឺកូវីដ-១៩ ហើយបានមកនៅតៃវ៉ាន់កាលពីថ្ងៃទី៨ ខែធ្នូ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានTaiwan News។ នៅថ្ងៃដដែល តៃវ៉ាន់ប្រកាសពីករណីនាំចូលចំនួន៣ផ្សេងទៀត។
ស្ត្រីដែលជាករណីឆ្លងក្នុងស្រុកថ្មីនេះ បានប៉ះពាល់ជាមួយមនុស្សចំនួន១៦៧នាក់ ក្នុងនោះ១៣នាក់បានធ្វើចត្តាឡីស័ក។ អាជ្ញាធរសុខាភិបាលតៃវ៉ាន់ ក៏បានធ្វើតេស្តលើមនុស្សចំនួន២១នាក់ ចំណែក១៤៦នាក់ទៀតកំពុងរងចាំការធ្វើតេស្ត។ ក្រុមការងារសុខាភិបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈដែលស្ត្រីនោះបានឆ្លងកាត់ និងនៅកន្លែងធ្វើការផងដែរ។ ស្ត្រីរូបនេះជាករណីឆ្លងក្នុងស្រុកទី៧៧១ នៅតៃវ៉ាន់។
យោងតាមច្បាប់តៃវ៉ាន់ អ្នកដែលបដិសេធ គេចវេស ឬហាមឃាត់មិនឲ្យពិនិត្យ ឬស៊ើបអង្កេតករណីជំងឺឆ្លងអាចនឹងត្រូវពិន័យជាប្រាក់ជាង២ពានដុល្លារ ដល់ជាង១ម៉ឺនដុល្លារ។
ក្រៅតែពីករណីឆ្លងក្នុងស្រុកនេះ អ្នកបើកយន្តហោះដឹកទំនិញដែលផ្ទុកជំងឺកូវីដ-១៩ ខាងលើ ក៏បានប៉ះពាល់ជាមួយ៩៤នាក់ដែរ។ មនុស្សចំនួន៧៨នាក់ធ្វើតេស្តអវិជ្ជមាន ៦នាក់កំពុងរងចាំលទ្ធផល និង១០នាក់មិនទាន់ធ្វើតេស្តនៅឡើយ។
តៃវ៉ាន់ ត្រូវចាត់ទុកជាគំរូសម្រាប់ពិភពលោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ តាំងពីមុនពេលដែលអង្គការសុខភាពពិភពលោក(WHO)ប្រកាសពីជំងឺឆ្លងសាកលក្នុងខែមីនា តៃវ៉ាន់ ចាប់ផ្តើមធ្វើតេស្តអ្នកដំណើរមកពីវូហានតាំងពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩មកម្ល៉េះ។ តៃវ៉ាន់ ក៏ពុំបានចាត់វិធានការរឹតត្បិតសេរីភាពពលរដ្ឋខ្លួនឡើយ ចំណែកសាធារណជនវិញក៏ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួនវិធានគម្លាតសុវត្ថិភាព និងការពាក់ម៉ាស់។
តៃវ៉ាន់រាយការណ៍ករណីទីមួយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ ក្រោយមក កោះនេះ ក៏បានហាមឃាត់អ្នកធ្វើដំណើរពីវូហាន ហើយឲ្យអ្នកដំណើរមកពីដីគោករួមទាំងហុងកុង និងម៉ាកាវផង ត្រួតពិនិត្យសុខភាពទាំងអស់។ ដល់ខែមីនា តៃវ៉ាន់ក៏ផ្អាកទទួលអ្នកដំណើរបរទេសទាំងអស់ លើកលែងអ្នកការទូត និងអ្នកដែលមានការអនុញ្ញាត៕
© រក្សាសិទ្ធិដោយ thmeythmey.com