ច្បាប់កសិកម្មថ្មីរបស់រដ្ឋាភិបាលឥណ្ឌាកំពុងក្លាយជាដើមចមដែលបញ្ឆេះកំហឹងប្រជាជនរាប់ម៉ឺននាក់ឲ្យចេញតវ៉ាជាហូរហែ ដ្បិតថា ពួកគេយល់ថា បទបញ្ញត្តិទាំងនោះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពខ្លួន និងជំរុញឲ្យមានការកេងប្រវ័ញ្ចកាន់តែខ្លាំងពីសំណាក់នាយទុន។
ចាប់ពីចុងខែវិច្ឆិកា មកកសិករឥណ្ឌារាប់ម៉ឺននាក់បានចាកចេញពីស្រែចម្ការមកធ្វើបាតុកម្មនៅរដ្ឋធានីញូវដែលីដើម្បីទាមទារឲ្យរដ្ឋាភិបាលលុបច្បាប់កសិកម្មសំខាន់ៗចំនួនបី។ បើតាមក្រុមកសិករ ច្បាប់នេះនឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃកសិផលរបស់ខ្លួន បូករួមទាំងមានការកែប្រែរបៀបធ្វើកសិកម្ម និងឈានទៅដល់ការកើតឡើងនូវអំពើកេងប្រវ័ញ្ចពីក្រុមហ៊ុនឯកជនផង។
យ៉ាងណាមិញ រដ្ឋាភិបាលសហព័ន្ធឥណ្ឌា អះអាងថាច្បាប់នេះធ្វើឡើងដើម្បីកំណែទម្រង់វិស័យកសិកម្មឥណ្ឌាដោយបើកចំហទីផ្សារបន្ថែមទៀត ក៏ដូចជាឈានទៅដល់ទំនើបកម្មវិស័យមួយនេះ ដែលប្រជាជនឥណ្ឌាប្រមាណ៦០ភាគរយពឹងផ្អែកក្នុងការប្រកបរបរចិញ្ចឹមជីវិត។
តាមពិតទៅ ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind យល់ព្រមចុះហត្ថលេខាលើច្បាប់កសិកម្មចំនួន៣ ដែលអនុម័តដោយសភាទាំង២ថ្នាក់ និងដែលត្រូវស្នើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីនារិន្ទ្រា ម៉ូឌី កាលពីថ្ងៃទី២៧ កញ្ញា។ ច្បាប់ទាំងបីនេះរួមមានទីមួយ ច្បាប់ស្តីពីការផ្តោះប្តូរពាណិជ្ជកម្មរបស់កសិករ, ទីពីរ ច្បាប់ស្តីពីកិច្ចព្រមព្រៀងធានាតម្លៃ និងសេវាកម្មកសិដ្ឋាន និងទីបី ច្បាប់វិសោធនកម្មស្តីពីទំនិញសំខាន់។
ច្បាប់ស្តីពីការផ្តោះប្តូរពាណិជ្ជកម្មរបស់កសិករ បើកផ្លូវឲ្យកសិករអាចលក់កសិផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់ភោជនីយដ្ឋាន សណ្ឋាគារ ឃ្លាំងស្តុក និងផ្សារទំនើបជាដើម។ច្បាប់នេះ ក៏ហាមរដ្ឋនីមួយៗយកពន្ធបន្ថែម ឬបង់ថ្លៃទីផ្សារចំពោះការទិញដូចជាមួយកសិករផងដែរ។
រដ្ឋាភិបាលអះអាងថាច្បាប់នេះ នឹងនាំការបង្កើនតម្លៃកសិកផលដល់កសិករ ដោយសារតែការទិញលក់មានលក្ខណៈប្រកួតប្រជែងជាមុន នឹងពុំមានការយកពន្ធក្នុងការលក់ផលិតផលក្នុងរដ្ឋ និងឆ្លងរដ្ឋឡើយ។ បន្ថែមពីនេះ ច្បាប់ខាងលើក៏បើកផ្លូវឲ្យមានការជួញដូរកសិផលតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។
ប៉ុន្តែបញ្ហាដែលកសិករបារម្ភគឺនៅត្រង់ថា មុននឹងមានច្បាប់នេះ កសិករឥណ្ឌាលក់ផលិតផលរបស់ខ្លួនទៅកាន់គណៈកម្មធិការទីផ្សារផលិតផលកសិកម្ម(APMC)តែមួយគត់។ APMC បង្កើតឡើងដោយរដ្ឋាភិបាលសហព័ន្ធដើម្បីទប់ស្កាត់អំពើកេងប្រវ័ញ្ចលើកសិករដោយកំណត់តម្លៃ និងដាក់ដេញថ្លៃតម្លៃកសិផលនោះទៅអ្នកទិញដុំ បន្ទាប់មកទើបអ្នកទិញដុំទទួលអាជ្ញាប័ណ្ណនោះដើម្បីទិញពីកសិករទៅលក់បន្តបាន។
ប៉ុន្តែច្បាប់ថ្មី ដែលបើកផ្លូវឲ្យភោជនីយដ្ឋាន សណ្ឋាគារ អ្នកទិញដុំ និងឃ្លាំងស្តុកទំនិញ បញ្ជាទិញកសិផលដោយផ្ទាល់ពីកសិករ ដោយមិនចាំបាច់ចូលដេញថ្លៃក្នុង APMC ដែលតាមលក្ខខណ្ណគឺត្រូវបង់ពន្ធ និងជាប់បញ្ញត្តិជាដើម។ដូច្នេះហើយ APMCអាចឈានដល់លែងដំណើរការផង។
ហេតុនេះហើយទើប កសិករឥណ្ឌាអះអាងថា ច្បាប់ថ្មីនេះនឹងនាំឲ្យអ្នកទិញដុំកំណត់តម្លៃទីផ្សារ និងទិញផលិតផលក្នុងតម្លៃមួយទាប ឬអាចថោកជាងតម្លៃផលិតផង បើសិនជាAPMCត្រូវបានលុបបំបាត់។នេះក៏ដោយសារកសិករប្រឈមនឹងផលលំបាកក្នុងការចចារតម្លៃលក់ ដ្បិតអី កសិករឥណ្ឌា៦៥ភាគរយជាកសិករតូចតាចដែលមានដីមិនដល់២ហិកតាផង។ច្បាប់នេះគឺជាច្បាប់ចម្រូងចម្រាស់ខ្លាំងជាងគេក្នុងចំណោមច្បាប់ទាំងបី។
ដោយឡែក ច្បាប់ស្តីពីកិច្ចព្រមព្រៀងធានាតម្លៃ និងសេវាកម្មកសិដ្ឋានឯណោះវិញ លើកឡើងពីការផ្តល់សិទ្ធិទៅដល់កសិករក្នុងការចុះកិច្ចព្រមព្រៀងលក់កសិផលរបស់ខ្លួន ទៅកាន់អ្នកទិញដុំ ផ្សារទំនើប ក្រុមហ៊ុននាំចេញ ឬឃ្លាំងជាដើម។ច្បាប់នេះ អនុញ្ញាតឲ្យកសិករ និងអ្នកទិញកំណត់ពីតម្លៃ ប្រភេទ និងគុណភាពនៃទំនិញមុនពេលប្រមូលផល។
រដ្ឋាភិបាលអះអាងថា ច្បាប់នេះនឹងនាំមកនូវទំនើបកម្មវិស័យកសិកម្មដោយសារតែឈ្មួញ ក្រុមហ៊ុននាំចេញ អាចនឹងផ្តល់នូវបច្ចេកទេស គ្រាប់ពូជ សម្ភារៈ ឧបករណ៍កសិកម្ម និងវិធីនៃការរៀបចំដីក្នុងការដាំដុះ។
ប៉ុន្តែកសិករអះអាងវិញថា ច្បាប់នេះនឹងបើកផ្លូវឲ្យក្រុមហ៊ុន ឬអ្នកទិញដែលមានឥទ្ធិពលជាង កេងប្រវ័ញ្ចកសិករដោយស្របច្បាប់ដ្បិតអីកសិករពុំមានចំណេះដឹងផ្លូវច្បាប់។ដូចគ្នានេះដែរ កសិករអះអាងថាច្បាប់នេះពុំមានដាក់យន្តការក្នុងការកំណត់តម្លៃឡើយ ដែលហេតុនេះហើយទើបកសិករនិយាយថាខ្លួនអាចនឹងចុះកិច្ចសន្យាលក់ផលិតផលក្នុងតម្លៃមួយដែលមិនសាកសម។ បន្ថែមពីនេះ នៅពេលជម្លោះក្នុងការអនុវត្តកិច្ចសន្យា ភាគីទាំងសងអាចត្រឹមដោះស្រាយក្រោយយន្តការក្រៅតុលាការដែលរៀបចំដោយរដ្ឋាភិបាល តែមិនអាចយកទៅប្តឹងក្នុងតុលាការបានឡើយ។
កសិករជាង៦៥ភាគរយ ដែលជាកសិករតូចតាចនិយាយថាច្បាប់នេះនឹងមិនផ្តល់ផលអ្វីឲ្យខ្លួនឡើយដោយសារតែខ្លួនមិនសូវមានចំណេះដឹងទាំងផ្លូវច្បាប់ និងបច្ចេកទេសកសិកម្ម តែផ្តល់ផលប្រយោជន៍ដល់កសិដ្ឋានធំៗតែប៉ុណ្ណោះ។
ច្បាប់ទី៣ គឺទាក់ទងនឹងការស្តុកទុកផលិតផលកសិកម្មសំខាន់ៗ។មុនច្បាប់នេះត្រូវបានអនុម័ត រដ្ឋាភិបាលសហព័ន្ធដាក់កំហិតដល់ក្រុមហ៊ុនឯកជន អ្នកទិញដុំ និងឃ្លាំង លើបរិមាណនៃការស្តុកផលិតផលមួយចំនួនដូចជាដំឡូងបារាំង ខ្ទឹមបារាំង ស្រូវសាឡី និងប្រេងជាដើម។ ប៉ុន្តែក្រោយច្បាប់នេះបានអនុម័ត ក្រុមហ៊ុន អាចស្តុកផលិតផលទាំងអស់នោះដោយគ្មានកំណត់ឡើយ។
រដ្ឋាភិបាលអះអាងថាការធ្វើបែបនេះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ បង្កើនចំណូលដល់កសិករ ក៏ដូចជាភាពបត់បែនក្នុងទីផ្សារ។ប៉ុន្តែសាធារណៈជនអះអាងថា ច្បាប់នេះជះផលប៉ះពាល់ដល់សន្តិសុខស្បៀង ក៏ដូចជាផលចំណេញរបស់កសិករកាន់តែខ្លាំ។ នេះក៏ ដោយសារវាអនុញ្ញាតឲ្យឈ្មួញ ប្រមូលទិញផលិតផលកសិកម្មនៅរដូវប្រមូលផលដែលមានតម្លៃថោកពីកសិករ និងលក់ចេញក្នុងតម្លៃថ្លៃ។រដ្ឋាភិបាលអាចដាក់កំហិតក្នុងការស្តុកផលិតផលវិញ ដរាបណាតែក្នុងពេលមានសង្គ្រាម គ្រោះទុរភិក្ស ស្ថានការណ៍ពិសេសតែប៉ុណ្ណោះ ឬនៅពេលដែលតម្លៃទំនិញត្រូវដំឡើងតម្លៃបន្ថែមចំនួន៥០ភាគរយ(ផលិតផលងាយខូចដូចជាដំឡូង) និង១០០ភាគរយ(ផលិតផលមិនងាយខូចដូចជាប្រេង)។
ត្រឡប់មកដល់ការប្រឈមមុខគ្នានេះ តំណាងកសិករ និងរដ្ឋាភិបាលកន្លងមកបានជួបចចារគ្នាចំនួនប្រាំដងហើយ ប៉ុន្តែពុំមានផ្លែផ្កាអ្វីឡើយ។ កសិករទាមទារឲ្យលុបច្បាប់ទាំង៣នេះចោល ប៉ុន្តែរដ្ឋាភិបាលនិយាយថាខ្លួនអាចត្រឹមតែធ្វើវិសោធនកម្មលើមាត្រាខ្លះប៉ុណ្ណោះ។ ដោយសារទាល់ច្រកមិនរកដំណោះស្រាយមិនឃើញ នៅថ្ងៃទី១៦ ធ្នូ តុលាការកំពូលឥណ្ឌាលើកសំណើធ្វើជាអ្នកសម្របសម្រួលដល់ភាគីទាំងសងខាង ប៉ុន្តែមិនទាន់មានភាគីណាឆ្លើយតបនៅឡើយទេ។ ចំណែកសហព័ន្ធកសិករបានប្តឹងទៅតុលាការកំពូលឲ្យលុបច្បាប់ទាំងបីនេះចោល។
នៅថ្ងៃទី២៣ ធ្នូ កសិករឥណ្ឌាអះអាងថា ខ្លួននឹងធ្វើកូដកម្មអត់អាហាររយៈពេលមួយថ្ងៃដើម្បីប្រឆាំងនឹងច្បាប់ទាំង៣នេះ។ កសិករនាំគ្នាបោះតង់ នៅតាមដងវិថីក្នុងរដ្ឋធានី ដែលសីតុណ្ហភាពធ្លាក់ចុះមកត្រឹមពី ២ទៅ៣អង្សារប៉ុណ្ណោះ។ មកទល់ពេលនេះ មានបាតុកររហូតដល់ ៣០នាក់ស្លាប់ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំង។ ចំណែក១០នាក់ផ្សេងទៀតស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ៕