ជាតិ
​អ្នក​ចិញ្ចឹម​ទា​មួយចំនួន​នៅ​ព្រៃវែង ជួប​ការលំបាក​ដោយសារ​ពង​ទា​ចុះថោក​ខ្លាំង​
23, Dec 2020 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កសិករ​ចិញ្ចឹម​ទា នៅក្នុង​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​ជួប​ការលំបាក​ដោយសារ​ពង​ទា មានការ​ចុះថ្លៃ​ខ្លាំងពេក ដែល​នាំ​ឲ្យ​ខាត​ប្រាក់​យ៉ាងតិចណាស់ ១៥​ម៉ឺន​រៀល ជា​រៀងរាល់ថ្ងៃ​។ បើតាម​លោក ឃ្លាំង មឿង ជា​កសិករ​ចិញ្ចឹម​ទា ក្នុង​ឃុំ​ព្រៃ​ព្នៅ មូលហេតុ​ដែល​ពង​ទា​មានការ​ធ្លាក់ចុះ ព្រោះ​មានការ​នាំចូល​ពង​ទា​ពី​ប្រទេសជិតខាង​ច្រើនពេក​។



​ការធ្លាក់ចុះ​នៃ​តម្លៃ​ពង​ទា ធ្វើ​ឲ្យ​កសិករ​ក្នុង​ឃុំ​ព្រៃ​ព្នៅ មាន​កង្វល់​ជាខ្លាំង​ដោយ​ត្រូវ​ប្រឈមមុខ ជាមួយ​ការ​ខាត​ថ្លៃ​ចំណី​ជា​រៀងរាល់ថ្ងៃ​។ លោក ឃ្លាំង មឿង កសិករ​ចិញ្ចឹម​ទា បញ្ជាក់ថា ពង​ទា​ធ្លាប់តែ​មានតម្លៃ​មួយគ្រា​ប់ ៤៣០​រៀល ទៅ​៤៩០​រៀល ពេលនេះ​សល់​ត្រឹម មួយ​គ្រាប់​៣៣០​រៀល​តែប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ប្រជាជន​មិន​អាចមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ចំណី​ដល់​សត្វ​ទា​នោះទេ​។​


 
​បើតាម​លោក ឃ្លាំង មឿង ក្នុងចំណោម​កសិករ ដទៃទៀត​ដែល​ចិញ្ចឹម​ទា​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា​ពង​ទា​ក្នុង​កសិដ្ឋាន​របស់លោក​បាន​ធ្លាក់​ថ្លៃ​ប្រហែល ១​ខែ​ចុង​ក្រោយនេះ​។ កសិករ​ចិញ្ចឹម​ទា​ចំនួន ៥០០០​ក្បាល ត្រូវ​ខាត​ប្រាក់​យ៉ាងតិចណាស់​១៥​ម៉ឺ រៀល​ជា​រៀងរាល់ថ្ងៃ ក្នុង​ការទិញ​ចំណី​។ 
 
​លោក ឃ្លាំង មឿង បានលើកឡើង​ពី​មូលហេតុ​ដែល​ពង​ទា​ចុះថោក​ដូច្នេះ​ថា​៖ « ពង​ទា​ចុះថោក ដោយសារ​មានការ​នាំចូល​ពី​ប្រទេសជិតខាង​ច្រើនពេក អ៊ីចឹង​ធ្វើ​ឲ្យ​ពង​ទា​ខ្មែរ​យើង​ពិបាក​លក់​។ បើ​បិទ​ការនាំ​ចូលទៅ​គឺ​ពង​ទា​អាច​ឡើងថ្លៃ​ឯង​តែម្ដង​»​។ បញ្ហា​នេះ​មិនមែន​កើតឡើង​តែ​ចំពោះ​លោក​នោះទេ ខណៈ​ប្រជាជន​ប្រមាណ​២០-៣០ គ្រួសារ ក្នុង​ឃុំ​ព្រៃ​ព្នៅ កំពុង​ជួប​វិបត្តិ​ជំពាក់​ធនាគា​ផងដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក មឿង​។​


 
​លោក ឃ្លាំង មឿង បាន​សំណូមពរ​ឲ្យ រដ្ឋាភិបាល​ទប់ស្កាត់​ការនាំ​ចូល​ពង​ទា ពី​ប្រទេសជិតខាង​ដើម្បី​ឲ្យ​រូបលោក និង​កសិករ​ដែល​ចិញ្ចឹម​ទា​ផ្សេងទៀត​អាច​លក់​ពង​ទា បាន​ក្នុងតម្លៃ​មួយ​សមរម្យ​ឡើងវិញ​ដើម្បី​យកប្រាក់​មក​ដោះបំណុល​ធនាគា និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​៕
 

Tag:
 ព្រៃវែង​
  កសិកម្ម​
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com