អន្តរជាតិ
វេជ្ជបណ្ឌិត​មួយចំនួន​បាន​ស្លាប់​ក្នុង​ការផ្ទុះ​គ្រាប់មីន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
23, Dec 2020 , 7:59 pm        
រូបភាព
​កងកម្លាំង​សន្ដិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​នាំគ្នា​យក​រថយន្ដ​មួយគ្រឿង​ដែល​រងគ្រោះ​ដោយសារ​ការផ្ទុះ​គ្រាប់មីន ចេញពី​ដងផ្លូវ​ក្នុង​ទីក្រុង​កា​ប៊ុល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​
​កងកម្លាំង​សន្ដិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​នាំគ្នា​យក​រថយន្ដ​មួយគ្រឿង​ដែល​រងគ្រោះ​ដោយសារ​ការផ្ទុះ​គ្រាប់មីន ចេញពី​ដងផ្លូវ​ក្នុង​ទីក្រុង​កា​ប៊ុល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​ទីក្រុង ISLAMABAD — ​យ៉ាងហោចណាស់ មាន​វេជ្ជបណ្ឌិត​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​៣​នាក់ និង​អ្នកបើកបរ​របស់​ពួកគាត់​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស នៅក្នុង​ការផ្ទុះ​មួយ នៅ​ផ្នែក​ខាងត្បូង​ទីក្រុង​កា​ប៊ុល ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ខណៈ​ពួកគេ កំពុង​ជិះ​រថយន្ត​ទៅធ្វើ​ការ​នៅ​ទីតាំង​ពន្ធនាគារ​មួយ​ដែល​ធំ​បំផុត​របស់​ប្រទេស​នេះ​។

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អាជ្ញាធរ​ពន្ធនាគារ Pul-e-Charkhi បាន​សម្តែង​នូវ​សេចក្តីសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​ដ៏​រន្ធត់​នេះ ដែល​អគ្គនាយក​ស្តីទី​នៃ​នាយកដ្ឋាន​សុខាភិបាល​ពន្ធនាគារ លោក​ឧ​ត្ត​ម​សេនីយ​ត្រី​វេជ្ជបណ្ឌិត Nazefa Ibrahimi បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​នោះ ជាមួយ​វេជ្ជបណ្ឌិត​២​នាក់​ផ្សេងទៀត និង​អ្នកបើកបរ​ម្នាក់​ផងដែរ ដែល​បាន​ស្លាប់​ក្នុង​ការផ្ទុះ​គ្រាប់មីន​នៅលើ​ផ្លូវ នៅវេលា​ម៉ោង​ប្រមាណ​៧:៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
 
​អ្នកនាំពាក្យ​រង​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា មាន​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាច្រើន បាន ក៏​ទទួល​រងរបួស ក្នុង​ការផ្ទុះ​គ្រាប់មីន​នោះ​ផងដែរ​។​
 
​ភារៈធារី​សា្ថ​ន​ទូត​អាមេរិក ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​Ross Wilson បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​ការ​បង្កប់​គ្រាប់មីន​នោះ ដោយបាន​លើកឡើងថា វា​ជាការ​រន្ធត់​មួយ ដែល​បានដឹង​ពី​ការស្លាប់​របស់ វេជ្ជបណ្ឌិត នៃ​ការិយាល័យ​រដ្ឋបាល​ពន្ធ​នាគារ ដែល​បាន​ខិតខំ​បំពេញការងារ ដោយ​មិន​ខ្លាច​នឿយហត់​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ជាពិសេស​ក្នុងពេល​ដែលមាន​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ ដែលជា​ពេលវេលា​ដែល​ត្រូវការ​ជា​ជាំ​បាច់​នូវ​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងនោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com