កីឡាអន្តរជាតិ
អន្តរជាតិ
Messi បំបែក​កំណត់ត្រា Pele ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់​ក្លិប មុន​ផុត​កុងត្រា​ខ្លួន
23, Dec 2020 , 10:54 am        
រូបភាព
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi រកបាន​១​គ្រាប់ ក្នុង​ជ័យជម្នះ​៣​ទល់​០ លើ​ក្រុម Real Valladolid នៅក្នុង​ក្របខណ្ឌ LaLiga Santander របស់​អេស្បាញ នៅ​ថ្ងៃទី​២៣ ធ្នូ​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​។ ១​គ្រាប់​របស់ Messi បាន​ជួយ​ឲ្យ​រូបគេ​បំបែក​កំណត់ត្រា អតីត​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Pele ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់​ក្លិប​ផងដែរ​។​


Messi បាន​ស៊ុត​ប​ញ្ចូ​ល​ទី​គូប្រកួត​នៅ​នាទី​៦៥ ក្រោយពី​មិត្តរួម​ក្រុម Clement Lenglet រកបាន​១​គ្រាប់​នៅ​នាទី​២១ និង Martin Braithwaite រកបាន​១​គ្រាប់​នៅ​នាទី​៣៥ នៃ​ជ័យជម្នះ​លើ​ក្រុម Real Valladolid​។ ១​គ្រាប់​របស់ Messi បាន​ជួយ​ឲ្យ​រូបគេ មាន​គ្រាប់​បាល់​លើស​វីរបុរស​ប្រេ​ស៊ី​ល Pele សម្រាប់​កំណត់ត្រា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​ឲ្យ​ក្លិប​។​
 
​ក្រោយ​រកបាន​១​គ្រាប់​បន្ថែម​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ បាន​កើន​គ្រាប់​បាល់​ដល់​៦៤៤​គ្រាប់ សម្រាប់​ការលេង​ឲ្យ​ក្លិប Barcelona ចំនួន​៧៤៩​ប្រកួត​នេះ ខណៈ​អតីត​ខ្សែប្រយុទ្ធ​ប្រ​ស៊ី​ស Pele រកបាន​តែ​៦៤៣​គ្រាប់ សម្រាប់​ការលេង​ឲ្យ​ក្លិប Santos របស់​ប្រេ​ស៊ី​ល រយៈពេល​១៩​រដូវ​កាល ចន្លោះ​ពី​ឆ្នាំ​១៩៥៦ ដល់​១៩៧៤​។​
 
Messi បាន​បំបែក​កំណត់ត្រា វីរបុរស​ប្រេ​ស៊ី​ល Pale មុន​រូបគេ​ផុត​កុងត្រា នៅ​ខែមករា ឆ្នាំ​២០២១​ខាងមុខ​។ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ បានទាមទារ​ចាកចេញ​ពី Barcelona ម្ដង​ហើយ កាលពី​ខែសីហា ឆ្នាំ​២០២០ ប៉ុន្តែ​ក្លិប​បានដាក់​តម្លៃ​ខ្លួន Messi ខ្ពស់កប់ពពក រហូតដល់​៧០០​លាន​អឺរ៉ូ (៦២៤​លាន​ផោន​) សម្រាប់​ក្លិប ដែល​ចង់បាន Messi ទៅលេង មុន​បញ្ចប់​កុងត្រា​នេះ​។ តម្លៃ​ខ្លួន​នេះ បានធ្វើ​ឲ្យ​ក្លិប​ផ្សេងៗ មិន​ហ៊ាន​ចរចា​យក Messi ឡើយ​។ ប៉ុន្តែ​នៅ​ខែមករា ឆ្នាំ​២០២១​ខាងមុខ Messi នឹង​អាច​ចាក​ចេញពី​ក្លិប Barca ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ផុត​កុងត្រា​។​
 
​ខ្សែប្រយុទ្ធ វ័យ​៣៣​ឆ្នាំ​រូប បាន​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប Barcelona ចាប់តាំងពី​ឆ្នាំ​២០០៥​មក ដែល​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពានរង្វាន់ LaLiga Santander ចំនួន​១០​លើក និង​Champions Leagues ចំនួន​៤​លើក​។​
 
​ដ្បិត Messi អាច​បំបែក​កំណត់ត្រា វីរបុរស​ប្រេ​ស៊ី​ល Pele សម្រាប់​ការរក​គ្រាប់​បាល់​ឲ្យ​ក្លិប​មែន​។ ប៉ុន្តែ Messi បែរជា​នៅ​ចាញ់​គ្រាប់​បាល់ Pele សម្រាប់​ជម្រើសជាតិ​ទៅវិញ​។ Pele បា​នរក​គ្រាប់​បាល់​៧៧​គ្រាប់ ឲ្យ​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក្នុងការ​បង្ហាញខ្លួន​១៣៧​ប្រកួត ខណៈ Messi រក​ទើប​រក​បានតែ​៧១​គ្រាប់​ប៉ុណ្ណោះ សម្រាប់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន នៅក្នុង​ការប្រកួត​១៣៨​លើក​របស់​រូបគេ​។ ប៉ុន្តែ Messi អាច​នៅមាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែមទៀត សម្រាប់​ជម្រើសជាតិ ខណៈ​រូបគេ ទើប​មាន​វ័យ​៣៣​ឆ្នាំ និង​មិនទាន់​ប្រកាស​ចូល​និវត្ត​៕ 

Tag:
 Messi
  Pele
  កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com