COVID-19
អន្តរជាតិ
លោក ពូ​ទីន ចុះហត្ថលេខា​លើ​ច្បាប់​ផ្ដល់​អភ័យឯកសិទ្ធិ​មួយជីវិត​ឲ្យ​អតីត​ប្រធានាធិបតី​
23, Dec 2020 , 11:22 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាកិច្ចប្រជុំមួយនៅថ្ងៃទី២១ ខែធ្នូ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាកិច្ចប្រជុំមួយនៅថ្ងៃទី២១ ខែធ្នូ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចុះ​ហត្ថ​ល​ខា​លើ​សេចក្ដីស្នើច្បាប់​មួយ​ដែល​ផ្ដល់​អភ័យឯកសិទ្ធិ​មួយជីវិត​ឲ្យ​អតីត​ប្រធានាធិបតី​គ្រប់រូប​របស់​ប្រទេស​។ ច្បាប់​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​វិសោធនកម្ម​ដ៏​ទូលាយ​លើ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ដែល​អនុញ្ញាត​ឲ្យ​លោក ពូ​ទីន កាន់អំណាច​ដល់​ឆ្នាំ​២០៣៦ ឯណោះ​។ លោក ពូ​ទីន មិនទាន់​សម្រេចចិត្ត​យ៉ាងណា​ឡើយ​ទាក់ទង​រឿងនេះ ខណៈ​អាណត្តិ​បច្ចុប្បន្ន​របស់លោក​ត្រូវអស់​នៅ​ឆ្នាំ​២០២៤​។

 
​អតីត​ប្រធានាធិបតី​រុស្ស៊ី និង​ក្រុមគ្រួសារ នឹង​ទទួលបាន​អភ័យឯកសិទ្ធិ​រួច​ពី​ការដាក់ទោស​ទាំងអស់​។ នេះ​បើតាម​ច្បាប់​ថ្មី​ដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទើប​ចុះហត្ថលេខា​។ បើតាម​សេចក្ដីស្នើច្បាប់​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែធ្នូ អតីត​ប្រធានាធិបតី និង​សមាជិកគ្រួសារ មាន​សិទ្ធិ​រួច​ផុតពី​ការចាប់ខ្លួន ស៊ើបអង្កេត ឆែកឆេរ និង​កាត់ទោស​មួយជីវិត​តែម្ដង​។ ច្បាប់​រុស្ស៊ី​បច្ចុប្បន្ន ក៏​ចែង​ពី​ការការពារ​អតីត​ប្រធានាធិបតី​ពី​ទង្វើ​ខុសច្បាប់​ណា ដែល​កើតឡើង​ពេល​កាន់តំណែង​ផងដែរ​។​
 
​បន្ថែម​ពីលើ​នេះ ច្បាប់​ថ្មី​ខាងលើ ក៏​ផ្ដល់​តំណែង​ឲ្យ​អតីត​ប្រធានាធិបតី​រុស្ស៊ី​ជា​សមាជិក​ព្រឹទ្ធសភា​មួយជីវិត​។ ច្បាប់​មាន​ស្រាប់​របស់​រុស្ស៊ី ក៏​ផ្ដល់​អភ័យឯកសិទ្ធិ​រួច​ផុតពី​ការចោទប្រកាន់ ឬ​ការដាក់ទោស​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ផងដែរ​។ លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ក៏​ទទួលបាន​សិទ្ធិ​នេះដែរ ដោយ​លោក​អាច​ចុះឈ្មោះ​ពេលណា​ក៏បាន​។ ចំណែក​ប្រធានាធិបតី​ដែល​ចប់​អាណត្តិ អាចដាក់​ពាក្យសុំ​អំឡុង​បី​ខែ ឬក៏​អាច​បដិសេធ​ទទួលយក​ក៏បាន​ដែរ​។​
 
​ច្បាប់​នេះ អាចជា​ពន្លឺ​ខ្លះ​សម្រាប់​ការវិភាគ​ពី​អនាគត​របស់លោក ពូ​ទីន ។ មកទល់ពេលនេះ លោក​នៅតែ​មិន​និយាយ​ពី​ជំហាន​ខាងមុខ​របស់លោក ទោះជា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​អនុម័ត​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ អនុញ្ញាត​ឲ្យ​លោក​កាន់តំណែង​ដល់​ឆ្នាំ​២០៣៦ ក្ដី​។ អាណត្តិ​ប្រធានាធិបតី​របស់លោក ពូ​ទីន នឹង​ចប់​នៅ​ឆ្នាំ​២០២៤ ។ បើ​លោក​សម្រេចចិត្ត​មិន​បន្ត​ឈរឈ្មោះ​ទៀត​ទេនោះ តំណែង​សមាជិក​ព្រឹទ្ធសភា​មួយជីវិត និង​អភ័យឯកសិទ្ធិ​មួយជីវិត នឹង​រង់ចាំ​លោក​ជាស្រេច​។ 
 
​បើតាម​សារព័ត៌មាន Moscow Times ច្បាប់​នេះ ក៏បាន​ចែង​ពី​នីតិវិធី​ដ៏​លំបាក​ដើម្បី​ដក​អភ័យឯកសិទ្ធិ​ពិសេស​នេះដែរ​។ ការដក​នីតិវិធី​មាន​ច្រើន​រាប់បញ្ចូល​ទាំង​ការយល់ព្រម​ដោយ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធសភា​លើ​ការចោទប្រកាន់​ដែល​ធ្វើឡើង​ដោយ​រដ្ឋសភា​ដូចជា​ទោស​ក្បត់ជាតិ ឬ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ណាមួយ​៕
 
 

Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com