កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Newcastle ធ្លាក់​ចេញពី League Cup
23, Dec 2020 , 1:44 pm        
រូបភាព
​ភ្នំពេញ​៖ ក្លិប Arsenal និង Newcastle បាន​ធ្លាក់​ចេញពី​ពានរង្វាន់ League Cup (Carabao Cup)​ដែលជា​ពាន​លំដាប់​ទី​៣ របស់​អង់គ្លេស កាលពី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៣ ធ្នូ (​ម៉ោង​នៅ​កម្ពុជា​) ។ Manchester City និង Brentford ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​នេះ​។​


​ក្លិប​រហស្សនាម កាំភ្លើង​ធំ Arsenal បាន​ចាញ់​ក្រុម​Man City ដោយ​លទ្ធផល ៤​ទល់​១ នៅ​ទឹកដី Emirates ។ បើកឆាក​សម្រុក​ត្រឹម​២​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Gabriel Jesus បានរ​កមួយ​គ្រាប់​នាំមុខ​ឲ្យ Man City ក្រោយពី​ការបញ្ជូន​របស់​កីឡាករ Zinchenko​។ ៣០​នាទី​ក្រោយមក ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​Alexandre Lacazette បានរ​កមួយ​គ្រាប់​វិញ តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​Man City ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរ មាន​គ្រាប់​បាល់​១​ទល់​១ នៅ​តង់​ទី​១​។​
 
​ការប្រកួត​ចូលមក​វគ្គ​ទី​២ បាន​ត្រឹម​នាទី​៥៤ ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​ឆ្វេង Riyad Mahrez រកបាន​មួយ​គ្រាប់​បន្ថែម​ឲ្យ Man City មុននឹង​មិត្ត​រួម​ក្រុម Phil Foden និង Laporte បន្ថែម​ម្នាក់​១​គ្រាប់​ទៀត​នៅ​នាទី​៥៩ និង​នាទី​៧៣ ដែល​នាំ​ឲ្យ Man City យកឈ្នះ​ក្រុម Arsenal របស់លោក Mikel Arteta នៅ​លទ្ធផល​៤​ទល់​១​។​
 
​ចំណែក​ក្រុម​សារិកា​ព្រៃ Newcastle United ក៏បាន​ចាញ់​ក្រុម Brentford ដែល​មកពី​ក្របខណ្ឌ​ទី​២ Championship របស់​អង់គ្លេស ក្នុង​លទ្ធផល ១-០ នៃ​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​ដែរ​។​កីឡាករ Josh Dasilva ជា​អ្នក​រកបាន​គ្រាប់​ជ័យជម្នះ​ឲ្យ Brentford នៅ​នាទី​៦៦ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ League Cup ជា​លើកដំបូង នៃ​រយៈពេល​១៣១​ឆ្នាំ​របស់​ក្លិប​។​
 
​ចំណែក​ក្រុម​Stoke City ត្រូវ​ជួប​ក្រុម Tottenham Hotspur នៅ​ម៉ោង​១២៖៣០​នាទី រីឯ​ក្រុម Everton ត្រូវ​ប៉ះ​ជាមួយ​ក្រុម Manchester United នៅ​ម៉ោង​៣​យប់ ឈានចូល​ថ្ងៃទី​២៤ ធ្នូ (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើងទៅ​ជួប Man City និង​Brentford នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន League Cup៕

Tag:
 Arsenal
  League Cup
© រក្សាសិទ្ធិដោយ thmeythmey.com