ជាតិ
ដំឡូង​មី​ស្រស់​នៅ​ស្ទឹងត្រែង​អាច​លក់បាន​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ទិន្នផល​ធ្លាក់ចុះ​
23, Dec 2020 , 9:59 pm        
រូបភាព
កសិករកំពុងប្រមូលផលដំឡូងមី (រូបភាពពីគម្រោងអាស្ប៉ាយ)
កសិករកំពុងប្រមូលផលដំឡូងមី (រូបភាពពីគម្រោងអាស្ប៉ាយ)
ដោយ:
​រដូវ​ប្រមូល​ផល​ដំឡូង​មី បានមក​ដល់ (​វិច្ឆិកា​-​មករា​) កសិករ ក្នុង​ខេត្តស្ទឹងត្រែង ក៏​កំពុង​មមាញឹក ប្រមូល​ផល​ដូចគ្នា​។ ជាក់ស្ដែង​ឆ្នាំនេះ តម្លៃ​ដំឡូង​មី​ស្រស់ អាច​លក់បាន​ក្នុងតម្លៃ ៣២០​រៀល​ទៅ ៤០០​រៀល ក្នុង​មួយ​គីឡូ ខណៈ​ឆ្នាំមុន​ដំឡូង​មី​ស្រស់ តម្លៃ​មិនបាន ៣០០​រៀល​។ បើតាម​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ជា​មធ្យម​កសិករ​ទទួល​បាន​ទិន្នផល​ដំឡូង​មី​ចំនួន ២០​តោន ក្នុង​មួយ​ហិកតា​។

 
​លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា ឆ្នាំនេះ​ដំឡូង​មី​ហាក់ មានតម្លៃ​កើន​ជាង​ឆ្នាំមុន ប៉ុន្តែ​ទិន្នផល​បែរជា​ថយចុះ​បន្តិច​។ 
 
​លោក លៀង សេង ពន្យល់​យ៉ាង​ដូច្នេះ​៖«​ដ្បិត​ឆ្នាំនេះ តម្លៃ​ដំឡូង​មី​កើន​បន្តិច​មែន តែ​ទិន្នផល​មានការ​ថយចុះ ព្រោះ​ឆ្នាំនេះ ដំណាំ​ដំឡូង​មី មាន​បញ្ហា​ជំងឺ​ដង្កូវ​ស៊ី​ស្លឹក​។ មួយផ្នែក​ទៀត កន្លងមក​ទឹកជំនន់ ក៏បាន​វាយប្រហារ ដំណាំ​ដំឡូង​មី​យើង​ខ្លះ​ដែរ​»​។ 
 
​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បន្តថា តម្លៃ​ដំឡូង​មី​ស្រស់ ឆ្នាំនេះ កើន​ជាង​ឆ្នាំមុន ពលរដ្ឋ​ភាគច្រើន​ចូលចិត្ត លក់​ដំឡូង​មី​ស្រស់ ជាង​ដំឡូង​មី​ស្ងួត ដែលមាន​តម្លៃ​ប្រមាណ ៧០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
​ប្រទេស​វៀតណាម ជាទី​ផ្សារ​ធំ ក្នុងការ​នាំចេញ​ដំឡូង​មី ចេញពី​ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ន ទូទាំង​ខេត្តស្ទឹងត្រែង មាន​ផ្ទៃដី​ដាំ​ដំណាំ​ដំឡូង​មី ប្រមាណ ១​ម៉ឺន​ហិកតា ជា​ប្រភេទ​ដំណាំ​ដែល កសិករ​និយម​ដាំ បន្ទាប់ពី​ដំណាំ​ស្រូវ និង​ប្រភេទ​បន្លែ ជាច្រើន​មុខ​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​៕

Tag:
 ​ដំឡូង​មី
© រក្សាសិទ្ធិដោយ thmeythmey.com