អន្តរជាតិ
នយោបាយអន្តរជាតិ
បក្សប្រឆាំងចំនួន៦នៅថៃ បញ្ជាក់ជំហរមិនចូលរួមគណៈកម្មការផ្សះផ្សាជាតិ កិច្ចប្រជុំសភាថៃនាពេលកន្លងមក។ រូបភាព AFP
× នៅថ្ងៃទី២២ធ្នូ បក្សប្រឆាំងថៃធំៗចំនួន៦ បញ្ជាក់ជំហរមិនចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាតិដែលផ្ដើមគំនិតដោយសភា ក្រោមហេតុផលថា រដ្ឋាភិបាលខ្វះភាពស្មោះត្រង់ក្នុងការបង្រួបបង្រួមជាតិ។ ការបង្កើតគណៈកម្មការនេះ ជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋសភាថៃ ដោយមានបំណងស្វែងរកដំណោះស្រាយរួមក្នុងចំណោមរដ្ឋាភិបាល បក្សប្រឆាំង និងក្រុមបាតុករ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២២ធ្នូ បក្សប្រឆាំងនៅថៃចំនួន៦ បានស្រុះស្រួលគ្នា ដោយប្រកាន់ជំហររួមថា នឹងមិនចូលរួមគណៈកម្មការផ្សះផ្សាជាតិឡើយ។ ពួកគេលើកឡើងថា រដ្ឋាភិបាលខ្វះភាពស្មោះត្រង់ ហើយចង់ប្រើប្រាស់គណៈកម្មការនេះដើម្បីពន្យារពេលដើម្បីមិនដោះស្រាយបញ្ហាតែប៉ុណ្ណោះ។
រដ្ឋាភិបាលត្រូវតែបង្ហាញភាពស្មោះត្រង់ក្នុងការបង្កើតបរិយកាសផ្សះផ្សាជាតិ ដោយឈប់បំពាន និងចាត់សកម្មភាពផ្លូវច្បាប់ទៅលើអ្នកប្រឆាំងដោយគ្មានហេតុផលត្រឹមត្រូវ។ នេះជាការលើកឡើងរបស់លោក Sompong Amornvivat មេដឹកនាំបក្សភឿថៃ។ បើតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនយោបាយរូបនេះថា បក្សប្រឆាំងនឹងចូលរួម លុះត្រាតែបាតុករចូលរួមដែរ។
ដូចគ្នានេះ លោកអគ្គលេខាធិការបក្សចលនាទៅមុខទើបបង្កើតថ្មី បញ្ជាក់ថា បក្សប្រឆាំងយល់ព្រមលើកិច្ចប្រឹងប្រែងក្នុងការរួបរួមជាតិ ប៉ុន្តែដំណើរការមិនឈានទៅមុខឡើយ បើសិនជារដ្ឋាភិបាលបន្តធ្វើបាបអ្នកដែលមានគំនិតខុសពីខ្លួន។ រីឯលោក Wan Muhama មេដឹកនាំបក្សប្រជាជាតិថៃ និយាយថា រដ្ឋាភិបាលត្រូវតែបង្ហាញពីបំណងច្បាស់លាស់លើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោក Muhama បន្តថា វិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹង ជាពិសេសការកាត់បន្ថយអំណាចសមាជិកព្រឹទ្ធសភា២៥០រូបដែលជ្រើសតាំងដោយក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ដែលដឹកនាំប្រទេសក្រោយរដ្ឋប្រហារឆ្នាំ២០១៤។ ជាចំណុចចម្រូងចម្រាសមួយក្នុងរដ្ឋធម្មនុញ្ញថៃ សមាជិករដ្ឋសភាមានសិទ្ធិក្នុងការចូលរួមបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី រួមជាមួយតំណាងរាស្ត្រផងដែរ។
សម្រាប់ក្រុមប្រឆាំង ការចូលរួមក្នុងគណៈកម្មការខាងលើ បានន័យថា បក្សប្រឆាំងផ្តល់ភាពស្របច្បាប់ទៅលើសកម្មភាពរដ្ឋាភិបាលនាពេលកន្លងមក។
អវត្តមានក្រុមបក្សប្រឆាំង នឹងធ្វើឲ្យការប៉ុនប៉ងរបស់លោក Chuan Leekphai ដែលជាប្រធានសភា ជួបបញ្ហា ខណៈក្រុមបាតុកបានប្រកាសមិនចូលរួមស្រេចទៅហើយ។ ហេតុផលក៏ខុសគ្នាពីក្រុមប្រឆាំងដែរ ដោយពួកគេចាត់ទុកគណៈកម្មការខាងលើ ជាការអូសបន្លាយពេលពីសំណាក់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចន្ទអូចា ប៉ុណ្ណោះ ហើយក៏មិនមានប្រសិទ្ធភាពអ្វីដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com