អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជិត​អស់​អាណត្តិ លោក ត្រាំ សម្រុក​លើកលែងទោស​ឲ្យ​មនុស្ស​១៥​នាក់​ទៀត
23, Dec 2020 , 3:54 pm        
រូបភាព
ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ ។ រូបពី AFP
ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ២២ ខែ​ធ្នុ បាន​លើកលែងទោស​មនុស្ស​១៥​នាក់ ក្នុងនោះ​មាន​សម្ព័ន្ធមិត្ត​ក្នុង​បក្ស​សាធារណរដ្ឋ មន្ត្រី​ឃោសនាបោះឆ្នោត​ម្នាក់​ដែល​ពាក់ព័ន្ធ​ការស៊ើបអង្កេត​រុស្ស៊ី និង​អតីត​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវបាន​កាត់ទោស​ក្នុងការ​សម្លាប់​រង្គាល​កាលពី​ឆ្នាំ​២០០៧ នៅ​អ៊ីរ៉ាក់​។ លោក ត្រាំ ក៏បាន​សម្រាលទោស​មនុស្ស​៥​នាក់​ផងដែរ​។

 
​ពុំមែន​ជា​រឿង​ធម្មតា​ឡើយ​សម្រាប់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដូ​ណា​ល់ ត្រាំ ដែល​សម្រុក​លើកលែងទោស​ដល់​មនុស្ស​កាន់តែច្រើន​។ ប៉ុន្តែ​ក្នុងការ​លើកលែងទោស​ចុងក្រោយ​នេះ គេ​មិនឃើញ​ឈ្មោះ​សមាជិក​ក្រុមគ្រួសារ​លោក មេធាវី​ផ្ទាល់ខ្លួន​លោក ក៏ដូចជា​ខ្លួន​លោក​ផ្ទាល់​ឡើយ​។​
 
​សម្រាប់​ការលើកលែងទោស​នៅ​ថ្ងៃទី​២៣ ខែធ្នូ លោក ត្រាំ បាន​លើកលែងទោស​ឲ្យ​អតីត​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ California លោក Duncan Hunter និង​អតីត​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ New York លោក Chris Collins ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ លោក ត្រាំ ក៏បាន​សម្រាលទោស​អតីត​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Texas លោក Steve Stockman ផងដែរ​។​
 
​លោក Collins ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​២​ឆ្នាំ​និង​២​ខែ ក្រោយ​សារភាពថា លោក​បាន​ជួយ​កូនប្រុស​លោក និង​អ្នក​ផ្សេងទៀត​ឲ្យ​រួច​ផុតពី​ការខាតបង់​ទីផ្សារ​ភាគហ៊ុន​៨០​ម៉ឺន​ដុល្លារ នៅពេល​លោក​ដឹងថា រឿងក្តី​របស់​ក្រុមហ៊ុន​ឱសថ​តូច​មួយ បាន​ចាញ់​។ លោក Collins ជា​សមាជិកសភា​អាមេរិក​ដំបូង ដែល​ប្រកាស​គាំទ្រ​លោក ត្រាំ ធ្វើជា​ប្រធានាធិបតី​។ ចំណែក លោក Hunter ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​១១​ខែ ក្រោយ​សារភាព​ទោសកំហុស​ទាក់ទង​ការ​លួច​លុយ​ឃោសនាបោះឆ្នោត និង​ចាយលុយ​ទាំងនោះ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ 
 
​បន្ថែម​ពីលើ​នេះ លោក ត្រាំ ក៏បាន​ប្រកាសថា​លើកលែងទោស​សម្ព័ន្ធមិត្ត​លោក ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​រុស្ស៊ី​។ ទីមួយ គឺ​លោក George Papadopoulos ដែលជា​ទីប្រឹក្សា​ក្រុម​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​។ លោក Papadopoulos ជាដើម​ចម​នៃ​ការបើក​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ជ្រែ​ត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក ហើយ​ជា​រឿងក្តី​ដែល​តាម​លងបន្លាច​លោក ត្រាំ អស់​ជិត​២​ឆ្នាំ​ដែរ​។ 
 
​ទី​ពីរ គឺ​លោក Alex van der Zwaan មេធាវី​ជនជាតិ​ហូ​ឡង់ ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៣០​ថ្ងៃ ដោយសារ​និយាយ​ភូតកុហក​នៅមុខ​មន្ត្រី​ស៊ើបអង្កេត​។ លោក Van der Zwaan និង​លោក Papadopoulos ជា​ជនជាប់ចោទ​ទី​២ និង​ទី​៣ ក្នុង​សំណុំរឿង​រុស្ស៊ី ដែល​ទទួលបាន​ការលើក​លែង​ទោស​។ 
 
​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លើកលែងទោស​នេះ ក៏មាន​អតីត​បុគ្គលិក​សន្តិសុខ​ឯកជន​ដែល​ជួល​ដោយ​រដ្ឋ​ចំនួន​៤​នាក់ ដែល​ត្រូវបាន​កាត់ទោស​ក្នុង​រឿងក្តី​សម្លាប់​រង្គាល​ឆ្នាំ​២០០៧ ក្នុង​ទីក្រុង បា​ក់ដាដ ប្រទេស​អ៊ីរ៉ាក់​។  
 
​កាលពី​ខែ​មុន លោក ត្រាំ បាន​លើកលែងទោស​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn ដែល​បាន​ទោស​ភូតកុហក​ទៅកាន់​ទីភ្នាក់ងារ​ស៊ើបអង្កេត​អាមេរិក (FBI)​។ ប៉ុន្មាន​ខែ​មុន លោក ត្រាំ ក៏បាន​សម្រាលទោស​មនុស្ស​ជំនិត​ម្នាក់ទៀត​ក្នុង​សំណុំរឿង​រុស្ស៊ី​នេះ គឺ​លោក Roger Stone ៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com