អន្តរជាតិ
អ៊ីស្រាអែល ជួប​វិបត្តិ​នយោបាយ​ជាថ្មី​រហូត​ត្រូវ​រំលាយ​សភា​
23, Dec 2020 , 11:29 pm        
រូបភាព
លោក បេននី ហ្កាន់ (ឆ្វេង) និងលោកនាយករដ្ឋមន្រ្តី បេនចាមី ណេតាន់យ៉ាហ៊ូ (ស្តាំ) ។ រូបថត៖ AFP
លោក បេននី ហ្កាន់ (ឆ្វេង) និងលោកនាយករដ្ឋមន្រ្តី បេនចាមី ណេតាន់យ៉ាហ៊ូ (ស្តាំ) ។ រូបថត៖ AFP
ដោយ:
​នៅ​ថ្ងៃទី​២៣ ធ្នូ រដ្ឋសភា​អ៊ីស្រាអែល​ត្រូវបាន​រំលាយ​ជាថ្មី បន្ទាប់ពី​រដ្ឋាភិបាលចម្រុះ​របស់លោក​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ មិនអាច​ស្វែងរក​សំឡេង​គ្រប់គ្រាន់​ក្នុងការ​អនុម័ត​ការទូទាត់​ចំណាយ​ឆ្នាំ​២០២០ និង​កញ្ចប់​ថវិកា​ថ្មី​សម្រាប់​ឆ្នាំ​២០២១​បាន​។ ការរំលាយ​សភា​នេះ តម្រូវ​ឲ្យ​អ៊ីស្រាអែល​រៀបចំ​ការបោះឆ្នោត​លើក​ទី​៤ ក្នុង​រយៈពេល​២​ឆ្នាំ ដែលជា​វិបត្តិ​នយោបាយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​។​

 
​ក្រោយ​ការបោះឆ្នោត​រដ្ឋសភា​៣​ដង​ជាប់ៗ​គ្នា តែ​មិនអាច​រក​សំឡេង​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​បាន នៅ​ខែមេសា ឆ្នាំ​២០១៩ លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ចាប់​ដៃគូ​ជាមួយ​គូប្រជែង បេន​នី ហ្កា​ន់ ក្នុង​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ដែលមាន​រយៈពេល​៣​ឆ្នាំ​។ ក្នុង​កិច្ចព្រមព្រៀង លោក ណេ​តាន់​យ៉ា​ហ៊ូ នឹងធ្វើ​នាយករដ្ឋមន្ត្រី​រយៈពេល​មួយឆ្នាំ​កន្លះ​រហូតដល់​ខែតុលា ឆ្នាំ​២០២១ មុននឹង​ប្រគល់​តំណែង​នេះ​លោក ហ្កា​ន់ ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​បច្ចុប្បន្ន​។​
 
​ប៉ុន្តែ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ រស់​មិនបាន​៣​ឆ្នាំ​ឡើយ ដោយ​បក្ស​លី​ឃូ​ដ របស់លោក ណេ​តាន់​យ៉ា​ហ៊ូ និង​បក្ស​ខៀវ​ស​របស់លោក ហ្កា​ន់ មិនអាច​រក​សំឡេង​ក្នុងការ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ និង​២០២១​។ បក្ស​របស់លោក ណេ​តាន់​យ៉ា​ហ៊ូ មាន​កៅអី​៣៦ ឯ​បក្ស​របស់លោក ហ្កា​ន់ មាន​កៅអី​ចំនួន​១៤ ក្នុង​សភា​អ៊ីស្រាអែល​ដែលមាន​អាសនៈ​សរុប​ចំនួន​១២០​។ កៅអី​១៧​ទៀត​របស់លោក ហ្កា​ន់ ប្រែ​ទៅជា​សំឡេង​ប្រឆាំង ដោយសារ​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាលចម្រុះ​។ 
 
​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​AFP អ្នកនាំពាក្យ​រដ្ឋសភា​អ៊ីស្រាអែល​លោក Uri Michael និយាយថា តាមផ្លូវ​ច្បាប់ ការមិនអាច​អនុម័ត​ថវិកា​បាន នឹង​តម្រូវ​ឲ្យ​មានការ​រំលាយ​រដ្ឋសភា​។​
 
​ក្រោយពេល​រដ្ឋសភា​ត្រូវបាន​រំលាយ រដ្ឋាភិបាល​រួបរួម​ជាតិ ត្រូវ​ក្លាយជា​រដ្ឋាភិបាល​អន្តរ​កាល ដោយ​ការបោះឆ្នោត​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​។ អ្នកវិភាគ​នយោបាយ​មួយចំនួន​អះអាងថា លោក ណេ​តាន់​យ៉ា​ហ៊ូ ចង់​ឲ្យ​មានការ​បោះឆ្នោត​ថ្មី ដោយសារតែ​លោក​មិន​ចង់​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ទៅ​ឲ្យ​លោក ហ្កា​ន់ នៅ​ឆ្នាំ​២០២១​។​
 
​ចំពោះ​ការបោះឆ្នោត​ថ្មី​នេះ លោក ហ្កា​ន់ និង​លោក ណេ​តាន់​យ៉ា​ហ៊ូ សុទ្ធសឹង​ប្រឈម​ហានិភ័យ​ដូចគ្នា​។ បក្ស​ខៀវ​ស​របស់លោក ហ្កា​ន់ ប្រឈម​នឹង​ការបាត់បង់​សំឡេង​ដោយសារតែ​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​។ ក្រោយ​ការបង្កើត​រដ្ឋាភិបាលចម្រុះ សម្ព័ន្ធមិត្ត​ចាស់​របស់លោក ហ្កា​ន់ បាន​ទៅ​បង្កើត​បក្ស​ថ្មី ដែល​ពេលនេះ​ជា​បក្សប្រឆាំង​ធំ​បំផុត​ក្នុង​រដ្ឋសភា​។​
 
​ចំណែក​លោក ណេ​តាន់​យ៉ា​ហ៊ូ វិញ​ក៏​មិន​ទំនងជា​រកបាន​អាសនៈ​ច្រើន​ដែរ ដោយសារ​លោក​កំពុង​ជាប់​ក្តីក្តាំ​រឿង​សំណូក កេង​បន្លំ និង​រំលោភ​លើ​សេចក្តីទុកចិត្ត​។ បើ​ការបោះឆ្នោត​សភា​ធ្វើឡើង​ក្នុង​ខែមីនា ឆ្នាំ​២០២១ ដូចដែល​បានគ្រោង​ទុក លោក​បង្ខំចិត្ត​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ត្រឹម​ខែកុម្ភៈ ដោយ​លោក​ត្រូវ​ចូលទៅ​បំភ្លឺ​ក្នុង​តុលាការ​ជាច្រើន​ដង​ក្នុង​ខែមីនា​។ លោក​ទំនង​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ខ្លះ ចំពោះ​ការសម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋ​អារ៉ាប់ ក៏ដូចជា​ការទទួលបាន​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១ ៕
 

Tag:
 អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com