COVID-19
អន្តរជាតិ
ឡាវ ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជននៅពាក់កណ្ដាលឆ្នាំ២០២១ នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត ។ រូបថត AFP
× ប្រមុខរដ្ឋាភិបាលឡាវ លោក ថងលួន ស៊ីសូលីត នៅថ្ងៃទី២២ ខែធ្នូ បានបញ្ជាឲ្យអាជ្ញាធរត្រៀមរៀបចំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យប្រជាជនខ្លួន នៅពាក់កណ្តាលឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញវិធានការ ដើម្បីទប់ស្កាត់កូវីដ-១៩ រាតត្បាតនៅក្នុងប្រទេស ស្របពេលប្រទេសជិតខាងកំពុងមានករណីឆ្លងកើនឡើង។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែធ្នូ បន្ទាប់កិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិលើការគ្រប់គ្រង និងទប់ស្កាត់កូវីដ-១៩ លោកនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត បានប្រាប់អាជ្ញាធរឲ្យត្រៀមរៀបចំ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លើប្រជាពលរដ្ឋខ្លួន។ ប្រជាជនឡាវប្រមាណ ២០ភាគរយនៃប្រជាជនសរុប អាចទទួលបានវ៉ាក់សាំងនៅពាក់កណ្តាលឆ្នាំ ២០២១ ខាងមុខ ខណៈកម្មវិធីផ្ដល់វ៉ាក់សាំង អាចចាប់ផ្តើមនៅក្នុងខែមេសា។
បើតាមលោកនាយករដ្ឋមន្ត្រី ក្រុមងាយរងគ្រោះដូចជាគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
ថ្លែងប្រាប់សារព័ត៌មាន Vientiane Times លោក Phouthone Muongpak អនុប្រធានក្រុមការងារថ្នាក់ជាតិលើការគ្រប់គ្រង និងទប់ស្កាត់កូវីដ-១៩ បានអះអាងថា ឡាវ នឹងទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផ្តល់ដោយប្រទេសជាមិត្ត និងតាមរយៈគម្រោង COVAX ។ តាម COVAX ឡាវ ទទួលបានវ៉ាក់សាំងដែលអាចចាក់លើប្រជាជនប្រមាណ២០ភាគរយ។
បន្ថែមពីលើនេះ ប្រមុខរដ្ឋាភិបាលឡាវ ក៏បានបញ្ជាឲ្យ ក្រុមការងារថ្នាក់ជាតិ ត្រៀមថវិកាមួយចំនួន ដើម្បីទិញវ៉ាក់សាំងសម្រាប់ប្រជាជនមួយចំនួនទៀតផងដែរ។
ក្រៅពីបញ្ហាវ៉ាក់សាំង លោក ស៊ីសូលីត ក៏បានលើកឡើងពីករណីឆ្លងកូវីដ-១៩ ដែលកំពុងតែកើនឡើង និងក្រុមកូរ៉ូណាវីរុសថ្មីផងដែរ។ ប្រមុខរដ្ឋាភិបាលឡាវ បានបញ្ជាឲ្យ បន្តបិទព្រំដែនឡាវជាមួយប្រទេសជិតខាង ផ្អាកការចេញចូលរបស់ជនបរទេស និងបន្តជួយប្រជាជនខ្លួន ដែលកំពុងជាប់គាំងនៅក្រៅប្រទេស និងស្នើឲ្យមានការប្រុងប្រយ័ត្នជាងមុនក្នុងស្រុក។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលឡាវបានអំពាវនាវឲ្យប្រជាជនរៀបចំអាពាហ៍ពិពាហ៍ក្នុងទំហំតូចជាមុន មិនអនុញ្ញាតឲ្យមានការប្រគុំតន្ត្រីផ្សេងៗ ឬការជួបជុំមនុស្ស ត្រូវរក្សាគម្លាត និងពាក់ម៉ាស់ជាដើម។ ចំណែកក្នុងឱកាសឆ្នាំថ្មី ឡាវក៏បានស្នើឲ្យប្រជាជន ប្រារព្ធពិធីនៅផ្ទះរៀងៗខ្លួនផងដែរ។
គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឡាវមានករណីឆ្លងសរុបចំនួន ៤១ករណី និងមិនមានអ្នកស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com