ជាតិ
សេដ្ឋកិច្ច
រដ្ឋ បន្ត​អនុគ្រោះ​ពន្ធ​ដល់​វិស័យ​ទេសចរណ៍ និង​ឧបត្ថម្ភ​ប្រាក់​ដល់​ជនក្រីក្រ និង​កម្មករ​រោងចក្រ
24, Dec 2020 , 11:31 am        
រូបភាព
ពលរដ្ឋដែលមានបណ្ណសមធម៌ បន្តទទួលបាន​ប្រាក់ឧបត្ថម្ភពីរដ្ឋ។ រូបថត AFP
ពលរដ្ឋដែលមានបណ្ណសមធម៌ បន្តទទួលបាន​ប្រាក់ឧបត្ថម្ភពីរដ្ឋ។ រូបថត AFP
​ភ្នំពេញ​៖ រដ្ឋាភិបាល​សម្រេច​បន្ត​វិធានការ​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​រោងចក្រ​កាត់ដេរ ទេសចរណ៍ អចលនទ្រព្យ និង​ជនក្រីក្រ រយៈពេល​៣​ខែ​បន្ថែមទៀត ដើម្បី​ស្ការ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​វិបត្តិ​កូ​វីដ​-១៩​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថ្ងៃទី​២៣​ធ្នូ វិធានការ​នេះ​គឺជា​ជុំ​ទី​៧ ដែល​នឹង​អនុគ្រោះ​រយៈពេល​៣​ខែ ចាប់ពី​ខែមករា​ដល់​មីនា ឆ្នាំ​២០២១​។ វិធានការ​សម្រាប់​កម្ម​ករ​ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​ក្នុង​មួយខែ ប្រសិន​រោងចក្រ សហគ្រាស និង​អាជីវកម្ម​ពួកគេ​ព្យួរការងារ​តាម​ការអនុញ្ញាត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ លើសពីនេះ នឹង​ទទួលបាន​៣០​ដុល្លារ​បន្ថែមទៀត ពី​ម្ចាស់​រោងចក្រ អាជីវកម្ម​។ 
 
​ផ្នែក​ពន្ធ​ប្រចាំខែ រដ្ឋាភិបាល​សម្រេច​បន្ត​លើកលែង​ការបង់ពន្ធ​៣​ខែ​ដល់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភាក់​ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​។ ជាមួយគ្នា​ដែរ រដ្ឋ​សម្រេច​បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម បង់​ព​ន្ថ​ប៉ាតង់ និង​ពន្ធ​លើ​ស្លាក​យីហោ​។ 
 
​លើសពីនេះ គឺ​អនុញ្ញាត​ម្ចាស់​រោងចក្រ សហគ្រាស និង​អាជីវកម្ម ពន្យារពេល​ទូទាត់​ប្រាក់​រំលឹក​អតីតភាព​ការងារ​។ រីឯ វិស័យ​អាកាសចរណ៍ ក៏​បន្ត​លើកលែង​បន្ត​ពន្ធ​អប្បបរមា​និង​ពន្យារ​ការបង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរ​ស៊ីវិល​៣​ខែ​ដែរ​។ 
 
​សម្រាប់​វិស័យ​អចលនទ្រព្យ​រដ្ឋ​សម្រេច​បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​ដល់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ទាប​ជាង​ឬ​ស្មើ​ប្រាំ​ពីរម៉ឺន​ដុល្លារ ដោយ​គិតពី​ខែមករា​ដល់​ខែមីនា​។ ទន្ទឹមនឹងនេះ ការបន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្ដល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក​(Withholding Tax) រដ្ឋ​សម្រេច​ទម្លាក់​អត្រាពន្ធ​កាត់​ទុក លើ​កម្ចី​របស់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មក​នៅត្រឹម​៥​ភាគរយ​។​
 
​ចំពោះ​ជនក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដែលមាន​បណ្ណសម​ធម៌ រដ្ឋាភិបាល​សម្រេច​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​៣​ខែ​បន្ថែមទៀត​ផងដែរ​៕ 

Tag:
 ស្ដារ​សេដ្ឋកិច្ច​
  វិស័យ​ទេសចរណ៍​
  ជនក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com