COVID-19
អន្តរជាតិ
បេសកកម្ម WHO នៅ​ចិន​នឹង​ផ្តោតលើ​ប្រភព​កូ​វីដ​-១៩ មិនមែន​ទៅរក​កំហុស​អ្នកណា​ឡើយ​
24, Dec 2020 , 11:56 am        
រូបភាព
បុគ្គលិកសុខាភិបាលចិននៅផ្សារក្រុងវូហាន។ រូបភាព៖AFP
បុគ្គលិកសុខាភិបាលចិននៅផ្សារក្រុងវូហាន។ រូបភាព៖AFP
ដោយ:
​បេសកកម្ម​ស៊ើបអង្កេត​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ទៅកាន់​ចិន​ដើម្បី​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នឹង​ពិនិត្យ​លើ​គ្រប់​ច្រកល្ហក​ទាំងអស់​ដើម្បី​ស្វែងយល់​ពី​ជំងឺ​នេះ​។ សមាជិក​ម្នាក់​នៃ​ក្រុមការងារ WHO ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ ដោយ​បន្ថែម ប៉ុន្តែ​បេសកកម្ម​នេះ មិនមែន​ដើម្បី​រក​កំហុស​របស់​ប្រទេស​ណា​ឡើយ​។

 
​នៅ​ថ្ងៃទី​១៧ ធ្នូ WHO ប្រកាសថា ក្រុម​អ្នកជំនាញ​មាន​សមាជិក​១០​នាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ចិន​រយៈពេល​៥​ទៅ​៦​សប្តាហ៍ ដើម្បី​ពិនិត្យ​ភស្តុតាង ដែល​រួមមាន​សំណាក​តេស្ត​របស់​មនុស្ស និង​សត្វ​ដែល​ប្រមូល​ដោយ​អ្នកស្រាវជ្រាវ​ចិន ក្នុង​គោលដៅ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ ។​
 
 
 
​លោក Fabian Leendertz សមាជិក​ម្នាក់​នៃ​បេសកកម្ម​ខាងលើ​និយាយថា ការស៊ើបអង្កេត​នេះ​មិនមែន​ស្វែងរក​ប្រទេស ឬ​អាជ្ញាធរ​ដែល​ធ្វើ​ខុស​នោះទេ​។ បេសកកម្ម​នេះ​មានបំណង​ក្នុងការ​ស្វែងយល់​ពីអ្វី​ដែល​បានកើត​ឡើង និង​ដើម្បី​បង្ការ​ហេតុការណ៍​បែបនេះ​នាពេល​អនាគត តាមរយៈ​ការកាត់បន្ថយ​គ្រោះថ្នាក់​។ លោក Leendertz ជា​អ្នកជំនាញ​ជំងឺឆ្លង​មកពី​វិទ្យាស្ថាន Robert Koch ដែលជា​ភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​របស់​អាល្លឺម៉ង់​។​
 
​យោងតាម​អ្នកជំនាញ​រូបនេះ បេសកកម្ម​នឹង​ចាប់ផ្តើម​នៅ​ក្រុង​វូ​ហាន ទី​ដែល​ជំងឺ​ផ្ទុះឡើង ព្រោះ​មាន​ទិន្ន័យបឋម​ច្បាស់លាស់ ហើយ​ក្រុមការងារ​នឹង​តាមដាន​រាល់​តម្រុយ​ទាំងអស់​ដែលមាន​។ លោក​បន្ថែមថា ទោះជា​ការស៊ើបអង្កេត​ធ្វើឡើង​មួយឆ្នាំ​ក្រោយ​ការផ្ទុះ​នៃ​ជំងឺ​នេះ​ក្តី ក៏​ក្រុមការងារ​មានលទ្ធភាព​ក្នុង​ការរក​ព័ត៌មាន​ដដែល តែ​លោក​ទទួលស្គាល់ថា ការស៊ើបអង្កេត​ភ្លាមៗ​ក្រោយ​ការ​ផ្ទុះឡើង ជា​រឿង​ប្រសើរ​បំផុត​។​
 
​ទោះជា​យ៉ាងណាក្តី អ្នកជំនាញ​រូបនេះ​ប្រាប់​ឲ្យ​សាធារណៈជន កុំ​ទាន់​រំពឹង​ទទួលបាន​លទ្ធផល​គ្រប់គ្រាន់​ពី​ការស៊ើបអង្កេត​នេះ​។ លោក​បង្ហាញ​សង្ឃឹមថា បេសកកម្ម​នឹង​ត្រឡប់​មកពី​ចិន​ដោយមាន​ផែនការ​ច្បាស់លាស់​ក្នុងការ​ស៊ើបអង្កេត​ដំណាក់​កាលពី​២ បន្ត​ទឿ​ត​ដោយ​ស្វែងរក​ព្រឹត្តិការណ៍​ដែល​វីរុស​ចាប់ផ្តើម​ឆ្លង​ពីស​ត្វ​ទៅ​មនុស្ស​។​
 
​ជារួម អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ជឿថា ប្រជៀវ ជា​សត្វ​ដែល​ផ្ទុក​វីរុស​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ពួកគេ​ពុំ​ដឹងថា​សត្វ​អ្វីដែល​ឆ្លង​វីរុស​នេះ​ពី​ប្រជៀវ និង​ចម្លង​មក​មនុស្ស​ឡើយ ឬ​វីរុស​ឆ្លង​ដោយផ្ទាល់​ទៅ​មនុស្ស​ឡើយ​។​
 
​អំឡុងពេល​បំពេញបេសកកម្ម ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​ផ្សេងគ្នា នឹង​ពិនិត្យ​សំណាក​មនុស្ស​ដែល​រក្សា​ដោយ​អាជ្ញាធរ​ចិន ក៏ដូចជា​សំណាក​ឈាម ដើម្បី​ពិនិត្យថា តើ​មនុ​ស្សបាន​ប៉ះពាល់​វីរុស​នេះ មុនពេល​ការប្រកាស​ពី​ការឆ្លង​ដោយ​អាជ្ញាធរ​ចិន​នៅ​ខែធ្នូ ឆ្នាំ​២០១៩​ឬ​យ៉ាងណា​? ចំណែក​ផ្សារ​ទិញ​លក់​សត្វព្រៃ Huanan ក្នុង​ទីក្រុង​វូ​ហាន ក៏​ស្ថិតក្នុង​គោលដៅ​ស៊ើបអង្កេត​ដែរ​។​
 
​ការស៊ើបអង្កេត​ខាងលើនេះ អាច​នឹងត្រូវ​ការ​រយៈ​ពេលខ្លះ ហើយ​ក្រុមការងារ​មួយផ្នែកធំ ក៏​នឹងត្រូវ​ជំនួយ​ពី​អ្នកជំនាញ​ចិន​ដែរ ដើម្បី​ធានា​ពី​តម្លាភាព​សម្រាប់​ពិភពលោក​ទាំងមូល​។​
 
 

Tag:
 កូ​វីដ​-១៩
 ​ចិន​
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com