COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​ក្រុមហ៊ុន Pfizer និង Janssen
24, Dec 2020 , 2:17 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឱសថ​ចំនួន​ពីរ ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដើម្បី​ទុក​ចាក់​ឲ្យ​ប្រជាជន​ខ្លួន​។ 

 
​តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េខាងត្បូង (KDCA) រដ្ឋាភិបាល ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ប្រជាជន​១០​លាន​នាក់​ពី​ក្រុមហ៊ុន Pfizer និង​សម្រាប់​មនុស្ស​៦​លាន​នាក់​ពី​ក្រុមហ៊ុន​ឱសថ Janssen ដែល​ពីមុន​គ្រោង​ទិញ​សម្រាប់​ប្រជាជន​៤​លាន​នាក់​ប៉ុណ្ណោះ​។ កូរ៉េខាងត្បូង នឹង​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន Moderna នៅ​ដើមឆ្នាំ​២០២១​។ 
 
​លើសពីនោះ កូរ៉េខាងត្បូង ក៏​បញ្ជា​ទិញ​វ៉ាក់សាំង​តាមរយៈ COVAX ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​វិញ លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​លើកឡើងថា រដ្ឋាភិបាល​គ្រោង​នឹង​ចាប់ផ្តើម​កម្មវិធី​វ៉ាក់សាំង​របស់ខ្លួន​នៅ​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០២១​។ «​រដ្ឋាភិបាល នឹង​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យ​ល្អ​បំផុត ដើម្បី​ធ្វើ​ឲ្យ​សាធារណជន អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​នេះ​»​។ លោក Chung បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការឆ្លើយតប​នឹង​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​ប្រទេស​។ 
 
​កន្លងមក កូរ៉េខាងត្បូង​គ្រោង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ត្រឹមតែ ៤៤​លាន​នាក់​ទេ​។ ប៉ុន្តែ​ដោយសារ​កូរ៉េខាងត្បូង បាន​បង្កើន​ការទិញ​វ៉ាក់សាំង ពីរលាន​ដូ​ស​បន្ថែមទៀត វា​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង ចំនួន ៤៦​លាន​នាក់ អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ។ 
 
​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន AstraZeneca, Moderna និង Pfizer សុទ្ធតែ​ត្រូវការ​ការចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូ​ស​លើ​មនុស្ស​ម្នាក់ ឯ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Janssen ត្រូវ​ការចាក់​វ៉ាក់សាំង​តែមួយ​ដូ​ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ការដឹកជញ្ជូន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​កូរ៉េខាងត្បូង​ទិញ​កាលពី​ខែវិច្ឆិកា នឹងត្រូវ​ដឹកជញ្ជូន​មក​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​ខែមីនា​ខាងមុខ​។ ចំណែក​ការដឹកជញ្ជូន​វ៉ាក់សាំង​ផ្សេងទៀត អាជ្ញាធរ​កូរ៉េខាងត្បូង មិនបាន​បញ្ជាក់​ទេ ថា​នឹង​មកដល់​ពេលណា​។ 
 
​នៅ​ថ្ងៃទី​២៤ ខែធ្នូ កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី​ចំនួន ៩៨៥​ករណី និង​អ្នកស្លាប់​ចំនួន ១៧​នាក់​។ តួលេខ​សរុប កូរ៉េខាងត្បូង​មាន​ចំនួន ៥៣៥៣៣​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៧៥៦​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៤២៥​នាក់​។ 
 
​បើទោះបីជា​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង​ក៏ដោយ ក៏​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល មិនទាន់​សម្រេច​ដំឡើង​វិធានការ​ដល់​កម្រិត​៣ នៅឡើយ​ទេ ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​។ ពេលនេះ កូរ៉េខាងត្បូង អនុវត្ត​វិធាន​រក្សា​គម្លាត​សង្គម​ត្រឹមតែ​កម្រិត ២,៥​ប៉ុណ្ណោះ សម្រាប់​តំបន់​ដែលមាន​ករណី​ឆ្លង​ខ្ពស់​។ 
 
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៣ ខែធ្នូ អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល បានដាក់​ចេញ​វិធានការ​ហាមឃាត់​ការជួបជុំ​មនុស្ស​លើសពី ៤​នាក់​។ ភោជនីយដ្ឋាន​អនុញ្ញាត​ឲ្យ​ទទួលភ្ញៀវ​ត្រឹមតែ ៤​នាក់​ប៉ុណ្ណោះ​។ ចំណែក​កន្លែង​ជិះ​ស្គី និង​តំបន់​ភ្ញៀវ​ទេសចរណ៍​ផ្សេងទៀត ក៏ត្រូវ​បិទ​ដែរ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ ក្នុងអំឡុងពេល​បុណ្យ​ណូអែល និង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​៕ 

Tag:
 កូរ៉េខាងត្បូង​
  វ៉ាក់សាំង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com