ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភានឹងប្រកាសសុពលភាពលោក សៅ សារ៉ាត់ និងលោក លី ស៊ុគ្រី ជាតំណាងរាស្ត្រថ្មី
24, Dec 2020 , 3:13 pm        
រូបភាព
លោក សៅ សារ៉ាត់ (ឆ្វេង) នឹងក្លាយជាតំណាងរាស្ត្រប៉ៃលិន រីឯលោក លី ស៊ុគ្រី ជាតំណាងរាស្ត្រតាកែវ
លោក សៅ សារ៉ាត់ (ឆ្វេង) នឹងក្លាយជាតំណាងរាស្ត្រប៉ៃលិន រីឯលោក លី ស៊ុគ្រី ជាតំណាងរាស្ត្រតាកែវ
ដោយ: រួបរួម
រដ្ឋសភា នាកិច្ចប្រជុំពេញអង្គនាថ្ងៃទី២៩ ខែធ្នូ ខាងមុខ នឹងប្រកាសសុពលភាពតំណាងរាស្ត្រថ្មី២រូប ព្រមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មការសភា២រូបទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាជាតិ។

 
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ក្រោមអធិបតីភាពសម្តេច ហេង សំរិន បានអនុម័ត ទទួលស្គាល់ លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រខេត្តប៉ៃលិន និងលោក លី ស៊ុគ្រី ជាអ្នកតំណាងរាស្ត្រខេត្តតាកែវ។
 
លោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ត្រូវជំនួសតំណែងលោកស្រី បាន ស្រីមុំ បានសុំលាលែង ហើយទៅកាន់តំណែងជាអភិបាលខេត្តប៉ៃលិន។ រីឯលោក លី ស៊ុគ្រី សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ត្រូវជំនួសតំណែងលោក សុខ សូកាន ដែលឡើងទៅកាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
 
ក្រៅពីសម្រេចសុពលភាពនៃអណត្តិតំណាងរាស្ត្រថ្មីទាំងពីរ កិច្ចប្រជុំពេញអង្គនាថ្ងៃទី២៩ ខែធ្នូ ខាងមុខ នឹងបោះឆ្នោតផ្តល់សេចក្តីទំនុកចិត្តលើលោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
 
 

Tag:
 រដ្ឋសភា
  តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com