អន្តរជាតិ
លោក ត្រាំ ព្រមាន​អ៊ីរ៉ង់ ក្រោយ​ការបាញ់​រ៉ុក្កែត​ចូល​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់​
24, Dec 2020 , 8:29 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖AFP
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​២៣ ធ្នូ ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ព្រមាន​ចំៗ​ទៅកាន់​អ៊ីរ៉ង់ ក្រោយ​មាន​ករណី​បាញ់​រ៉ុក្កែត​សំដៅ​ទីតាំង​អាមេរិក​ឈរជើង​នៅ​អាមេរិក​។ លោក ត្រាំ ព្រមាន​ថា លោក​នឹង​ឲ្យ​អ៊ីរ៉ង់​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ជនជាតិ​អាមេរិក​ណា​ម្នា​ក់នៅ​អ៊ីរ៉ាក់​។ ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​មុន​ខួប​មួយឆ្នាំ​នៃ​ការធ្វើ​ឃា​ត្ត​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដោយ​យន្តហោះ​ដ្រូ​ន​អាមេរិក​ដែរ​។​

 
«​ជា​យោបល់​ល្អ​ខ្លះ​ទៅកាន់​អ៊ីរ៉ង​! បើ​មាន​ជនជាតិ​អាមេរិក​ណា​ស្លាប់ ខ្ញុំ​នឹង​ឲ្យ​អ៊ីរ៉ង់​ទទួលខុសត្រូវ​»​។ នេះ​ជាការ​ព្រមាន​របស់លោក ដូ​ណា​ល់ ត្រាំ លើ​បណ្តាញ​សង្គម​Twitter​។ ការព្រមាន​នេះ​ធ្វើ ឡើង​ក្រោយ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បា​ក់ដាដ រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​នៅ​ថ្ងៃទី​២០ ខែធ្នូ​។ សំណេរ​របស់លោក ត្រាំ ភ្ជាប់​មកជា​មួយ​រូបភាព​រ៉ុក្កែត​ចំនួន​៣​គ្រាប់ ដែល​លោក​អះអាងថា រ៉ុក្កែត​មកពី​អ៊ីរ៉ង់​។ ការវាយប្រហារ​នេះ បង្ក​ឲ្យ​មានការ​ខូចខាត​បរិវេណ​ស្ថានទូត តែ​ពុំ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឡើយ​។​
 
 
 
​ការបាញ់​រ៉ុក្កែត​ចូល​ស្ថានទូត​អាមេរិក​នៅ​ក្រុង​បា​ក់ដាដ ជា​លើក​ទី​៣​ហើយ ដែល​ទីតាំង​យោធា និង​បេស​កក​ទូត​អាមេរិក​រង​ការវាយប្រហារ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទ​ចំៗ​ថា អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ស្ថានទូត​នេះ​។ ដូចគ្នានេះដែរ បញ្ជាការដ្ឋាន​យោធា​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា និយាយថា ការវាយប្រហារ​ដោយ​រ៉ុក្កែត​នេះ ធ្វើឡើង​ដោយ​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្នុង​សេចក្តី​ថ្លែ​ការណ៍​របស់ខ្លួន យោធា​អាមេរិក​នឹង​ឲ្យ​អ៊ីរ៉ង់​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ជនជាតិ​អាមេរិក ដែល​បណ្តាលមកពី​សក​ម្ម​ភាព​របស់​ក្រុម​ជីវពល​នៅ​អ៊ីរ៉ាក់​ដែល​អ៊ីរ៉ង់​គាំទ្រ​។ ទាក់ទង​រឿងនេះ នៅ​ថ្ងៃទី​២១ ខែធ្នូ អ៊ីរ៉ង់​ប្រាប់​អាមេរិក​ឲ្យ​បញ្ឈប់​សកម្មភាព​រករឿង​ដែល​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​។​
 
​ស្ថានការណ៍​សន្តិសុខ​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​មាន​សភាព​តានតឹង​នៅ​មួយឆ្នាំ​ចុងក្រោយ​នេះ ក្រោយពេល​លោក ត្រាំ បញ្ជា​ឲ្យ​សម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ប្រមុខ​កងកម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ​កាលពី​ថ្ងៃ​៣​ខែមករា ឆ្នាំ​២០២០​។ 
 
​ក្រោយ​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Soleimani ប្រទេស​ក្នុង​តំបន់ រំពឹងថា នឹង​ការប្រឈមមុខ​ដាក់គ្នា​ខ្លាំងក្លា​រវាង​ប្រទេស​ទាំងពីរ​។ ខណៈពេលដែល​ជិត​ដល់​ខួប​មួយឆ្នាំ​នៃ​ការវាយប្រហារ​នេះ ភាព​តានតឹង​កើនឡើង​ជាថ្មី​។ ម្យ៉ាង​ដោយសារ​អាមេរិក​គំរាម​មិន​ឲ្យ​អ៊ីរ៉ង​សងសឹក ហើយ​ម្យ៉ាង​ដោយសារ​លោក​ត្រាំ​សន្យាថា នឹងដាក់​សម្ពាធ​ទៅលើ​អ៊ីរ៉ង់​អោយ​កាន់តែខ្លាំង​មុនពេល​លោក​ចប់​អាណត្តិ​។ ជាក់ស្តែង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក Nimitz ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ល្បាត​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ចុងខែ​វិច្ឆិកា ចំណែក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ក៏​ហោះហើរ​នៅក្នុង​តំបន់​ដើម្បី​គំរាម​អ៊ីរ៉ង់​ដែរ​។​
 
​អ៊ីរ៉ាក់ ជាទី​ដែល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​។ ក្រោយ​ការរួម​គ្នា​សហការ​កម្ចាត់​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​ពី​ទឹកដី​អ៊ីរ៉ាក់ អ៊ីរ៉ង់​បាន​ព្យាយាម​បញ្ចូល​មនុស្ស​ដែល​គាំទ្រ​ខ្លួន​ចូលទៅក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ស្រប​ពេលដែល​អាមេរិក​ចាប់ផ្តើម​ដកទ័ព​បណ្តើរៗ​ចេញពី​ប្រទេស​នេះ ដោយ​ទុក​ត្រឹមតែ​កងទ័ព​ចំនួន​២,៥០០​នាក់​ប៉ុណ្ណោះ​។ អាមេរិក​នាពេល​ថ្មីៗ​នេះ ក៏បាន​កាត់​អ្នកការទូត​របស់ខ្លួន​នៅ​អ៊ីរ៉ាក់​ផងដែរ ដែល​សកម្មភាព​ទាំងនេះ​ត្រូវបាន​សង្ស័យថា អាច​នឹង​ឈានទៅដល់​ការបិទ​ស្ថានទូត​តែម្តង​៕
 
 
 
 

Tag:
 អ៊ីរ៉ង់​
 ​អ៊ីរ៉ាក់​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com