ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បន្ត​ប្រមាថ​ព្រះមហាក្សត្រ ,​អ្នកវិភាគ​ថា អ្នកនយោបាយ​ហួស​សម័យ ចូលចិត្ត​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​
24, Dec 2020 , 5:34 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ត​រិះគន់​រដ្ឋាភិបាល​យ៉ាង​ចាស់ដៃ ដោយ​យក​អង្គ​ព្រះមហាក្សត្រ មក​ផ្សាភ្ជាប់​ទៀតផង​។ រដ្ឋាភិបាល​ហាក់​មិន​អើពើរ​នឹង​ការរិះគន់​របស់​មេដឹកនាំ​អតីត​បក្សប្រឆាំង​នេះ​។ តែ​អ្នកវិភាគ​ថា អ្នកនយោបាយ​គួរប្រើ​សារ​នយោបាយ ដែលមាន​ក្រមសីលធម៌ ដោយ​កុំ​ឲ្យ​អ្នកដទៃ​ឈឺចាប់ និង​មិនត្រូវ​ប៉ះពាល់​ព្រះកិត្តិនាម​អង្គ​ព្រះមហាក្សត្រ​។​


​លោក សម រង្ស៊ី មិន​បញ្ចប់​ការរិះគន់​រដ្ឋាភិបាល​ឡើយ​។ ចុងក្រោយ​នេះ លោក សម រង្ស៊ី បាន​រិះគន់​ពី​គម្រោង​រដ្ឋាភិបាល ដែល​បាន​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​យក​ចាក់​ការពារពលរដ្ឋ​កម្ពុជា​។ មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ចាត់ទុក​ផែនការ​រដ្ឋាភិបាល​ ជា​គម្រោង​«​ភ្លីភ្លើ​» និង​«​បរាជ័យ​»​ដោយសារ​វ៉ាក់សាំង​នោះ មិនមែនជា​ទំនិញ​ក្នុង​ទីផ្សារ ដែល​អាច​ទិញ​បាន​ងាយៗ ដូចជា​«​នំអាកោរ​»​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បាន​ទាញ​អង្គ​ព្រះមហាក្សត្រ មក​ភ្ជាប់​ជាមួយ​រដ្ឋាភិបាល​នេះដែរ​។​
 
« ហ៊ុន សែន មិនដឹងថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ អត់​មាន​លក់រាយ​ទេ ហើយ​បើ​ចង់​កុម្ម៉ង់​ជា​ដុំ ពី​ក្រុមហ៊ុន​ឱសថ និង​មន្ទីរពិសោធន៍​ក្នុង​លោក​សេរី ដែល​ផលិត​វ៉ាក់សាំង​ទាំងនោះ ត្រូវ​កក់​លុយ​ឲ្យ​គេ រាប់ពាន់​លាន​ដុល្លារ ជាមុនសិន​។ ឥឡូវនេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿងនេះ ហើយ​គាត់​ត្រៀម​សងលុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់ មាន​ទាំង​ស្តេច​ទីងមោង​ផងដែរ​»​។ នេះ​ជា​សំណេរ​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២០ ធ្នូ​។​
 
​រដ្ឋាភិបាល ហាក់​មិន​អើពើរ​នឹង​សម្តី​រិះគន់​លោក សម រង្ស៊ី ដូច​មុន​ឡើយ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន វិញ បាន​សង្កត់ធ្ងន់ថា សម្តី​លោក សម រង្ស៊ី គ្មាន​តម្លៃ​អ្វីដែល​ត្រូវ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​នោះទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បាន​និយាយ​ដូច្នេះ​ថា​៖«​អ្វីដែលជា​ការផ្សព្វផ្សាយ​(​របស់លោក សម រង្ស៊ី​) ហ្នឹង គ្រាន់តែ​ជាការ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​បណ្ដាញសារព័ត៌មាន​ទេ ហើយ​ទិសដៅ​ហ្នឹង គឺ​ចង់​ឲ្យ​មានការ​ឆ្លើយឆ្លង​ជាមួយ​រដ្ឋាភិបាល​។ ដូច្នេះ​ជា​ជំហរ​រដ្ឋាភិបាល យើង​មិនបាន​ឲ្យ​តម្លៃ ហើយក៏​គ្មាន​ទិសដៅ​ឆ្លើយឆ្លង​ជាមួយនឹង សម រង្ស៊ី ហ្នឹង​ទេ​»​។  
 
​ចំពោះ​ករណី​លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​ហើយ ទាញ​ភ្ជាប់​អង្គ​ព្រះមហាក្សត្រ​មក​ពាក់ព័ន្ធ​នោះ គឺ​ទុក​ឲ្យ​មេធាវី​រដ្ឋាភិបាល ពិនិត្យមើល​ផ្លូវច្បាប់ ដើម្បី​ធ្វើ​កិច្ចការ​ជាមួយ​តុលាការ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា​៖«​អ្វី​ជាការ​លើកឡើង​របស់គាត់​(​លោក សម រង្ស៊ី​)​ហ្នឹង គឺ​វា​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​របស់គាត់​ទេ ពីព្រោះ​យើង​មិន​ហ៊ាន​និយាយ​អ្វី ក្រៅពី​តុលាការ​ទេ ។ ប៉ុន្តែ​វា​ជាភស្តុតាង​ជាក់ស្ដែង ដែល​តុលាការ​ប្រើប្រាស់​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក គី តិច មេធាវី​រដ្ឋាភិបាល ដើម្បី​សុំ​ការបកស្រាយ​ផ្លូវច្បាប់​លើ​ការរិះគន់​រដ្ឋាភិបាល និង​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ឡើយ​។​
 
​សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) និង​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត សេង សារី យល់ថា អ្នកនយោបាយ​គួរប្រើ​សារ​នយោបាយ ដែលមាន​ក្រមសីលធម៌ ដោយ​កុំធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​។ ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ព្រះកិត្តិនាម​អង្គ​ព្រះមហាក្សត្រ​។ «​បើ​យើង​និយាយ​ផ្លូវច្បាប់ គាត់​(​លោក សម រង្ស៊ី​) បំពាន​លើ​រដ្ឋធម្មនុញ្ញ​ហើយ ព្រោះ​អង្គ​ព្រះមហាក្សត្រ គឺ​យើង​មិនអាច​បំពាន​បាន រួមទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​។ បើ​យើង​មើល​របប​គ្រប់គ្រង​នៃ​កម្ពុជា យើង​មាន​អង្គ​ព្រះមហាក្សត្រ​ជា​ប្រមុខ​កំពូល​ប្រទេស អ៊ីចឹង​ការប្រើ​សារ​ប្រមាថ​ទៅលើ​ថ្នាក់ដឹកនាំ​កំពូល ឬក៏​ប្រមុខ​កំពូល​របស់​ជាតិ វា​គឺជា​ការបំពាន​មួយ ក្នុង​ផ្លូវ​នយោបាយ ហើយ​វា​អត់​ចំណេញ​ទេ​។ ហើយ​បើ​យើង​មើល​ទៅលើ​ផ្នែក​មុំ​សីលធម៌ ពី​មុំ​សុជីវធម៌ ក្នុងនាម​ជា​ពលរដ្ឋ​ទៀត វា​កាន់តែ​មិន​សមរម្យ​ហើយ​»។ នេះ​ជាការ​លើកឡើង​របស់លោក សេង សារី​។​
 
​សម្រាប់​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​រូបនេះ អ្នកនយោបាយ​ត្រូវ​ប្រកាន់​ជំហរ​ប្រកួតប្រជែង​ផ្នែក​គំនិត និង​យុទ្ធសាស្ត្រ​នយោបាយ ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​ជាតិ ប្រសើរ​ជាង​ការប្រើ​សារ​នយោបាយ ដែល​រិះគន់ ឬ​ដៀមដាម ដល់​គ្រួសារ និង​សាច់ញាតិ​ដៃគូ​ប្រជែង​ខ្លួន​ឈឺចាប់​នេះ​។ លោក​បណ្ឌិត សេង សារី និយាយ​បែបនេះ​៖«​ការផ្ញើ​សារ​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ឈឺចាប់ ដោយ​យក​ឯកជន​ភាព​បុគ្គល គ្រួសារ កូន​ប្រពន្ធ មក​ប្រើ​សារ​នយោបាយ​ហ្នឹង គឺជា​អ្នកនយោបាយ​ហួស​សម័យ​។ អ្នកនយោបាយ​ទាន់សម័យ គឺជា​អ្នកនយោបាយ​ដែលជា​គំរូ ដល់​អ្នកនយោបាយ​ជំនាន់​ថ្មី​ ហើយគឺជា​អ្នកនយោបាយ​ដែល​ប្រើប្រាស់​តែ​យុទ្ធសាស្ត្រ និង​សារ​នយោបាយ​ដែល​នាំ​ឲ្យ​មានការ​រីកចម្រើន​»​។  
 
​កាលពី​ខែឧសភា ឆ្នាំ​២០១៩ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធ​ន​គារ​៨​ឆ្នាំ និង​ត្រូវ​បង់​២០​លាន​រៀល ពីបទ​ញុះញង់​កងទ័ព​និង​បទ​ប្រមាថ​ព្រះមហាក្សត្រ​។​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស បាន​រង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ និង​រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ កាល​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨​។​
 
អត្ថបទទាក់ទង
 
បើ​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី បាន​រង​បណ្តឹង​សរុប មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕

Tag:
 សម រង្ស៊ី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com