COVID-19
ជាតិ
មេទ័ព​ថៃ ប្រាប់​កម្ពុជា ឲ្យ​ជឿជាក់​លើ​អាជ្ញាធរ​ថៃ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩
24, Dec 2020 , 10:29 pm        
រូបភាព
ទិដ្ឋភាពពលករកម្ពុជា ចូលស្រុកវិញ តាមច្រកព្រំដែនអូរស្មាច់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
ទិដ្ឋភាពពលករកម្ពុជា ចូលស្រុកវិញ តាមច្រកព្រំដែនអូរស្មាច់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត (Chalermpol Srisawasdi) អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ អះអាងថា មកដល់ពេលនេះ ថៃ មាន​វិធានការ​តឹងរ៉ឹង ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិន​ឲ្យ​ឆ្លង​ទៅដល់​ពលករ​កម្ពុជា​ឡើយ ដូច្នេះ លោក ប្រាប់​ឲ្យ​ភាគី​កម្ពុជា មានការ​ជឿជាក់​លើ​វិធានការ​របស់​អាជ្ញាធរ​ថៃ ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ​។​

 
​ការអះអាង​របស់​នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត ធ្វើឡើង​ក្នុងជំនួប​ជាមួយ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ដកស្រង់​ទៅ​ចុះផ្សាយ​ក្នុង​គេហទំព័រ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​។ មេទ័ព​ថៃ ថ្លែង​ទៅកាន់​មេទ័ព​កម្ពុជា​ថា ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​ថែ នឹងដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងប្រទេស​ថៃ​។​
 
​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​សរសេរ​ពីស​ម្តី​របស់​មេទ័ព​ថៃ​រូបនេះ​យ៉ាង​ដូច្នេះ​ថា​៖«...​ប្រទេស​ថៃ បានកត់សម្គាល់​ដល់​ការធ្វើដំណើរ​ឆ្លងដែនរ​វាង​ប្រទេស​ទាំងពីរ ក្នុងនោះ​ភាគី​ថៃ បាន​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា ចូលមក​ព្យាបាល​ជំងឺ បើទោះជា​មានការ​បិទ​ព្រំដែន​ក៏ដោយ​»​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​ភា​ភី​ថៃ ដែល​នៅតែ​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន​ឆ្លងដែន​ចូលទៅ​ព្យាបាល​ជំងឺ និង​នៅតែ​ទទួលយក​ពលករ​ស្របច្បាប់​របស់​កម្ពុជា ឲ្យ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​វិញ បើទោះបី​ថៃ កំពុងស្ថិត​ក្នុងស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្តី​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ស្រង់​សម្តី​របស់​មេទ័ព​កម្ពុជា​រូបនេះ ទៅ​ផ្សាយ​ដូច្នេះ​ថា​៖«​កងទ័ព​ប្រទេស​ទាំងពីរ នឹង​បន្ត​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច និង ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ពិសេស​លំ​ហាត់​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ និង​សង្គ្រោះ​គ្រោះមហន្តរាយ​»​។​
 
​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ខេត្ត​សាមុត សា​ខន នៃ​ប្រទេស​ថៃ បាន​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង​៥០០​ករណី​។ បន្ទាប់មក រដ្ឋាភិបាល​ថៃ បានសម្រេច​បិទ​ខេត្ត​សាមុត សា​ខន រយៈពេល​កន្លះ​ខែ ពីថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​។  ខេត្ត​នេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣០០​គីឡូ​មែត្រ​ពី​កម្ពុជា​។ 
 
​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ចុះផ្សាយ​ថា មកដល់ពេលនេះ ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​សាមុត សា​ខន បាន​រាល​ដល់​ទៅដល់​២២​ខេត្តហើយ ក្នុងប្រទេស​ថៃ​។ បើតាម​គេហទំព័រ worldometers គិត​ត្រឹម​ថ្ងៃទី​២៤ ខែធ្នូ​នេះ ថៃ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ជិត​៦​ពាន់​នាក់ (៥៨២៩​នាក់​) ដោយ​ក្នុងនោះ បានជា​សះស្បើយ​វិញ​ជាង​៤​ពាន់​នាក់ (៤១១៦​នាក់​) និង ស្លាប់​៦០​នាក់​។ 
 
​ក្រោយ​ថៃ​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​សាមុត សា​ខន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​មុខ​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ ឲ្យ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ថៃ ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ដ្បិត​ថៃ ធ្លាប់មាន​បទពិសោធ​ក្នុងការ​គ្រប់គ្រង​បានល្អ លើ​ការ​រាល​ជំងឺ​នេះ​រួចមកហើយ​។ តាមរយៈ​សារ​ជា​សំឡេង ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន មេ​ដឹ​នាំ​កម្ពុជា ប្រាប់​ទៅ​ពលករ​ខ្មែរ​ដូច្នេះ​ថា​៖«​មិនគួរ​រត់​ចាក​ចេញពី​ប្រទេស​ថៃ ក្នុងពេលដែល​ថៃ មានការ​លំបាក ដូចដែល​ខ្ញុំព្រះករុណា ខ្ញុំ ធ្លាប់បាន​និយាយ​ហើយ​ថា ស្រឡាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​»​។ 
 
​ទន្ទឹមនេះ ប្រមុខ​រដ្ឋាភិបាល បាន​ណែ​នាំទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ពិ​ភក្សា​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការបិទច្រក​ព្រំដែន​នានា​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ការពារ​ការ​រាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ទុក​តែ​៣​ប៉ុណ្ណោះ គឺ​ច្រកព្រំដែន​ប៉ោយប៉ែត ច្រកព្រំដែន​ដួង និង ច្រកព្រំដែន​អូរ​ស្មាច់​។ 
 
​នៅ​កម្ពុជា មកដល់​ថ្ងៃទី​២៤ ខែធ្នូ​នេះ ក្រសួងសុខាភិបាល រកឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ៣៦៣​នាក់ តែ​បានជា​សះស្បើយ​វិញ​៣៥១​នាក់​ហើយ​៕ 

Tag:
 COVID-19
  កម្ពុជា​-​ថៃ​
  Chalermpol Srisawasdi
  វង្ស ពិ​សេន
© រក្សាសិទ្ធិដោយ thmeythmey.com