ជាតិ
សង្គមជាតិ
ប្រទះឃើញសាកសពសត្វផ្សោតមួយក្បាលទៀត នៅចំណុចព្រែកខ្សោរ នៃស្រុកចិត្របុរី
24, Dec 2020 , 6:30 pm        
រូបភាព
មេផ្សោតដែលបានស្លាប់ (រូបភាព៖ហ្វេសប៊ុកក្រសួងកសិកម្ម)
មេផ្សោតដែលបានស្លាប់ (រូបភាព៖ហ្វេសប៊ុកក្រសួងកសិកម្ម)
ដោយ:
សាកសពសត្វផ្សោតមួយក្បាល ត្រូវបានក្រុមកាងារ ឆ្មាំទន្លេ នៅបុស្តិ៍កាំពី ប្រទះឃើញ កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលចុះផ្សាយរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។



បើតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សត្វផ្សោតនេះ ជាផ្សោតញី ទម្ងន់ ២០១ គីឡូក្រាម និងមានប្រវែង ២៣០ សង់ទីម៉ែត្រ។ អ្នកជំនាញនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ សហការជាមួយអង្គការ WWF ខេត្តក្រចេះ បានសន្និដ្ឋានថា សត្វផ្សោតដ៏ធំមួយក្បាលនេះ បានស្លាប់ប្រហែល១ថ្ងៃមុនប្រទះឃើញ ព្រោះស្ថានភាពសព របស់សត្វផ្សោត នៅស្រស់ល្អនៅឡើយ ហើយមូលហេតុនៃការស្លាប់ គឺដោយសារមានវ័យចំណាស់។ អ្នកជំនាញពន្យល់ដូច្នេះ៖ «មូលហេតុនៃការស្លាប់សត្វផ្សោតនេះ ដោយសារផ្សោតមានវ័យចំណាស់ ព្រោះធ្មេញសឹករិចអស់ទាំងខាងលើ និងខាងក្រោម។ ម៉្យាងទៀតនៅលើដងខ្លួន និងកន្ទុយផ្សោតនេះ ពុំមានស្នាមជាំ ឬដាច់កន្ទុយនោះឡើយ»។

ក្រោយពិនិត្យ និងវាស់វែងរួច ក្រុមការងារបានសម្រេចវះកាត់ ដើម្បីយកសំណាក រក្សាទុកនៅអង្គការ WWF ។ នេះបើតាមរបាយការណ៍របស់ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។

នៅក្នុងឆ្នាំ២០២០នេះ ទំនងមានកូនផ្សោត និងផ្សោតពេញវ័យ ប្រហែលជា៨ក្បាលហើយ ត្រូវបានគេរកឃើញថាបានស្លាប់ជាបន្តបន្ទាប់។ គួរកត់សម្គាល់ថា ចំនួនសត្វផ្សោតបានថយចុះជាបន្តបន្ទាប់ ដោយសារមូលហេតុជាច្រើន ក្នុងនោះហេតុចម្បងៗមានការជាប់នឹងមងនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ជាដើម។ តាមរបាយការណ៍ជំរឿនចុងក្រោយបង្អស់ របស់អង្គការ WWF ប្រចាំកម្ពុជា ចេញផ្សាយកាលពីខែតុលាក្នុងឆ្នាំ២០២០នេះ មានសត្វផ្សោតតែចំនួន ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា៕

Tag:
 ផ្សោត
 ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com