កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាត់ការ​ទូទៅ Klopp ៖ Salah មាន​អារម្មណ៍​រីករាយ​ជាមួយ Liverpool ក្រោយអន់ចិត្តមិនបានធ្វើប្រធានក្រុម
25, Dec 2020 , 12:05 pm        
រូបភាព
អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប Mohamed Salah មាន​អារម្មណ៍​រីករាយ​ជាមួយ Liverpool និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​។ ការបកស្រាយ​របស់ Jurgen Klopp នេះ គឺ​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ថា Salah មិន​ពេញ​ចិត្តនឹង Liverpool​។​


 
« Mohamed Salah គឺមាន​អារម្មណ៍ល្អ ពេលវេលា​ល្អ និង​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អជា​មួយក្រុម​។ នោះ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Jurgen Klopp ដែល​បាន​បន្ថែមថា Salah បាន​សើច​រីករាយ​អំឡុងពេល​ហ្វឹកហាត់​ទៀតផង​។​
 
BBC Sport បាន​ស្រង់​សម្តី​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool ដូច្នេះ​ថា​៖ «​យើង​មិនមាន​រូបភាព [​ពី​កន្លែង​ហ្វឹកហាត់​] នៅ​ព្រឹក​នេះ​ទេ ប៉ុន្តែ​ប្រសិន​មាន អ្នកនឹង​បានឃើញ​គាត់​សើច​ច្រើន​»​។ ដូច្នេះ​គ្រប់យ៉ាង​វា​បញ្ចប់​យ៉ាង​ល្អ​សម្រាប់​អ្នកសារព័ត៌មាន យកទៅ​សរសេរ​ផ្សព្វផ្សាយ​នោះ​។ ចំពោះ​បញ្ហា​ផ្ទៃក្នុង​នោះ​គឺ​វា​ពិតជា​គ្មាន​បញ្ហា​អ្វី​មែន​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប Salah បាន​ប្រាប់​កាសែត​អេ​ស្ប៉ា​ញ​មួយ​ថា ខ្លួន​ខកចិត្ត​ដែល​មិនបាន​ធ្វើជា​ប្រធាន​ក្រុម Liverpool នៅពេល​ប្រកួត​ជាមួយ​ក្រុម FC Midtjylland របស់​ដា​ណឺ​ម៉ាក​នៅ​ក្របខណ្ឌ UEFA Champions League ខណៈដែល​ខ្សែការពារ​ស្លាប​ស្ដាំ Trent-Alexander Arnold ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​ទៅវិញ​។​
 
​ដ្បិត​អាក់អន់ចិត្ត​ក្តី ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ ២៨​ឆ្នាំ​រូបនេះ ក៏បាន​បដិសេធ​ព័ត៌មាន​ផ្ទេរ​ទៅលេង​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ឬ FC Barcelona ដែរ​។ កិច្ចសន្យា​របស់ Salah ជាមួយ​ក្លិប Liverpool នៅ Anfield គឺ​រហូតដល់​ឆ្នាំ​២០២៣​ខាងមុខ​៕

Tag:
 Klopp
  Salah
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com