អន្តរជាតិ
ការិយាល័យ​អតីតរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន ត្រូវ​ឆែកឆេរ​ពាក់ព័ន្ធ​រឿងអាស្រូវ​ស៊ីសំណូក​
25, Dec 2020 , 3:38 pm        
រូបភាព
រាជអាជ្ញាជប៉ុន ចុះឆែកឆេរការិយាល័យអតីតរដ្ឋមន្ត្រីកសិកម្មជប៉ុន Takamori Yoshikawa ក្នុងទីក្រុង Sapporo នៅថ្ងៃទី ២៥ ខែធ្នូ ។ រូបពី Kyodo
រាជអាជ្ញាជប៉ុន ចុះឆែកឆេរការិយាល័យអតីតរដ្ឋមន្ត្រីកសិកម្មជប៉ុន Takamori Yoshikawa ក្នុងទីក្រុង Sapporo នៅថ្ងៃទី ២៥ ខែធ្នូ ។ រូបពី Kyodo
ដោយ:
​រាជអាជ្ញា​ក្រុង​តូ​ក្យូ បាន​ចុះ​ឆែកឆេរ​ការិយាល័យ​អតីតរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន​លោក Takamori Yoshikawa នៅ​ថ្ងៃទី ២៥ ខែធ្នូ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា លោក​បានទទួល​លុយ ៤៨,៣​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ផលិត​ស៊ុត​មួយ​ក្នុង​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ខណៈ​កំពុង​កាន់តំណែង​។​

 
 
​ក្រុម​រាជអាជ្ញា​ជប៉ុន បាន​បើក​ប្រតិបត្តិការ​ឆែក​ឆរ​ការិយាល័យ​លោក Takamori Yoshikawa ក្នុង​ទីក្រុង តូ​ក្យូ និង​ទីក្រុង Sapporo ហើយ​បាន​រឹបអូស​ឯកសារ​ជាច្រើន​។ លោក Yoshikawa ដែល​បាន​លាលែង​ពី​សមាជិកសភា​កាលពីដើម​សប្ដាហ៍​នេះ ដោយ​លើក​ហេតុផល​សុខភាព បាន​សារភាពថា ស៊ីសំណូក អំឡុង​ការសួរចម្លើយ​ដោយ​ស្ម័គ្រចិត្ត​។ នេះ​បើតាម​ប្រភព​ដែល​ដឹងឮ​រឿងនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ។​
 
​លោក Yoshikawa ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​អាកា​រៈ​ចង្វាក់បេះដូង​ដើរ​មិន​ទៀង  ត្រូវ សង្ស័យថា ទទួល​សំណូក ៣ លើក​ពី​អតីត​តំណាង​របស់​ក្រុមហ៊ុន Akita Foods Co. ក្នុង​ខេត្ត Hiroshima នៅពេល​លោក​កាន់តំណែង​ជា​រដ្ឋមន្ត្រី​កសិកម្ម ចន្លោះ​ខែតុលា ឆ្នាំ​២០១៨ និង​ខែកញ្ញា ឆ្នាំ​២០១៩​។ 
 
​អតីត​អ្នកតំណាង ដែល​ឈ្មោះ​ពុំ​ត្រូវបាន​លាតត្រដាង​នោះ បាន​សារភាព​ទៅកាន់​មនុស្ស​ក្បែរ​ខ្លួន​លោក​ថា លោក​បានផ្ដល់​លុយ​ដល់​លោក​អតីតរដ្ឋមន្ត្រី Yoshikawa ជា​ថ្នូរ​នឹង​ការទទួលបាន​ប្រយោជន៍​សម្រាប់​ឧស្សាហកម្ម​ស៊ុត​នៅ​ជប៉ុន​។ យ៉ាងណាមិញ លោក Yoshikawa បាន​បដិសេធ​លុយ​នេះ ជា​សំណូក​។ 
 
​បទចោទប្រកាន់​ប្រឆាំង​អ្នកនយោបាយ​អាយុ​៧០​ឆ្នាំ ដែលជា​រដ្ឋមន្ត្រី​ក្រោម​អាណត្តិ​នាយករដ្ឋមន្ត្រី អា​បេ ស៊ិន​ហ្សូ ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន​ដឹកនាំ​ដោយ​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ដែល​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ស្រាប់​ដោយសារ​ចំណាត់​ការប្រឆាំង​កូ​វីដ​-១៩​។ នោះ​គឺ​ព្រោះតែ លោក ស៊ូ​ហ្កា ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​អា​បេ និង​ក៏​ជា​ដៃស្ដាំ​លោក​អា​បេ​អស់​ពេល​៨​ឆ្នាំ​ផងដែរ​។ 
 
​រឿងអាស្រូវ​នេះ បាន​បែកធ្លាយ​ជា​សាធារណៈ​ក្រោយ​រាជអាជ្ញា​ជប៉ុន​បាន​រកឃើញ​ឯកសារ​មួយចំនួន​អំឡុងពេល​ចុះ​ឆែកឆេរ​ក្រុម​ហ៊ុត Akita Foods កាលពី​ខែកក្កដា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ទិញ​សន្លឹកឆ្នោត​របស់​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន Katsuyuki Kawai និង​ភរិយា​លោក Anri សមាជិកសភា​ម្នាក់​របស់​ជប៉ុន​៕ 

Tag:
 ជប៉ុន​
  Takamori Yoshikawa
© រក្សាសិទ្ធិដោយ thmeythmey.com