ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី រង​បទ​ប្រមាថ​ព្រះមហាក្សត្រ​ជា​លើក​ទី​៣
25, Dec 2020 , 3:45 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អធិបញ្ជា​ឲ្យ​តុលាការ​ចាត់វិធានការ​ច្បាប់​លើ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិជាបន្ទាន់ ចំពោះ​ការប្រើ​ពាក្យ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ។ លោក សម រង្ស៊ី បាន​រិះគន់​រដ្ឋាភិបាល ពី​រឿង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ទាញ​ភ្ជាប់​ព្រះនាម​អង្គ​ព្រះមហាក្សត្រ​មក​ពាក់ព័ន្ធ​ទៀតផង​។​


​លោក កើត រិ​ទ្ធ ចាត់ទុក​ការប្រើ​ពាក្យ​មិនគួរ​គប្បី​របស់លោក សម រង្ស៊ី មកលើ​អង្គ​ព្រះមហាក្សត្រ​នោះ ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដែល​មិនអាច​អត់ឱន​បាន​។ រដ្ឋមន្ត្រី​យុត្តិធម៌​រូបនេះ បាន​អធិបញ្ជា​ឲ្យ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​ចំពោះ​លោក សម រ​ង្ស៉ី ដែល​ប្រើពាក្យ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​នេះ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បា​នប​ញ្ចូ​ន​លិខិត​មួយ ទៅ​តុលាការ នៅ​ថ្ងៃទី​២៥ ធ្នូ​នេះ យ៉ាង​ដូច្នេះ​ថា​៖ «​ខ្លឹមសារ​នៃ​សារ​ដែល​ឈ្មោះ សម រ​ង្ស៉ី បាននិងកំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយបាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​»​។​
 
​កាលពី​ថ្ងៃទី​២០ ធ្នូ កន្លងមក លោក លោក សម រង្ស៊ី បាន​រិះគន់​ពី​គម្រោង​រដ្ឋាភិបាល ដែល​បាន​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​យក​ចាក់​ការពារ​ពលរដ្ឋ​កម្ពុជា​។ មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ ចាត់ទុក​ផែនការ​រដ្ឋាភិបាល ជា​គម្រោង​«​ភ្លីភ្លើ​» និង​«​បរាជ័យ​»​ដោយសារ​វ៉ាក់សាំង​នោះ មិនមែនជា​ទំនិញ​ក្នុង​ទីផ្សារ ដែល​អាច​ទិញ​បាន​ងាយៗ ដូចជា​«​នំអាកោរ​»​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ក៏បាន​ទាញ​អង្គ​ព្រះមហាក្សត្រ មក​ភ្ជាប់​ជាមួយ​រដ្ឋាភិបាល​នេះដែរ​។​
 
​ខ្លឹមសារ​ដែល​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​មានន័យ​ដូច្នេះ ៖« ហ៊ុន សែន មិនដឹងថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ អត់​មាន​លក់រាយ​ទេ ហើយ​បើ​ចង់​កុម្ម៉ង់​ជា​ដុំ ពី​ក្រុមហ៊ុន​ឱសថ និង​មន្ទីរពិសោធន៍​ក្នុង​លោក​សេរី ដែល​ផលិត​វ៉ាក់សាំង​ទាំងនោះ ត្រូវ​កក់​លុយ​ឲ្យ​គេ រាប់ពាន់​លាន​ដុល្លារ ជាមុនសិន​។ ឥឡូវនេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿងនេះ ហើយ​គាត់​ត្រៀម​សងលុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់ មាន​ទាំង​ស្តេច​ទីងមោង​ផងដែរ​»​។​
 
​ចំពោះ​ការប្រើ​ពាក្យសម្តី​បែបនេះ ត្រូវបាន​រដ្ឋមន្ត្រី​យុត្តិធម៌​លោក កើត រិ​ទ្ធ អះអាងថា ទង្វើ​នេះ គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។​
 
​មាត្រា​៧ នៃ​ជំពូក​ទី​២ ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ស្តីអំពី​ព្រះមហាក្សត្រ បាន​ចែងថា «​ព្រះមហាក្សត្រ ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​មិន​កាន់អំណាច​ឡើយ​។ ព្រះមហាក្សត្រ​ទ្រង់​ជា​ប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​ឲ្យ​អ្នកណា​បំពាន​បានឡើយ​»​។​
 
​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ ចែងថា ការប្រមាថ គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធ​ធនាគារ​ពី​១​ឆ្នាំ ទៅដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ដល់​១០​លាន​រៀល។ ចំពោះនីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​​។​
 
​កាលពី​ខែឧសភា ឆ្នាំ​២០១៩ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធ​ន​គារ​៤​ឆ្នាំ​ម្ដង​ហើយ ពីបទ ប្រមាថ​ព្រះមហាក្សត្រ​។ 
 
អត្ថបទទាក់ទង
 
ក្រោយមក​អតីតរដ្ឋមន្ត្រី​យុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា បានចេញ​អធិបញ្ជា​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ធ្វើបណ្តឹង​អាជ្ញា​ចំពោះ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ប្រទេស​បារាំង ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ម្ដងទៀត កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។ តាមរយៈ​អធិបញ្ជា​នេះ លោក​រដ្ឋមន្ត្រី ប្រាប់​ឲ្យ​ព្រះរាជអាជ្ញា ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​និង​តឹងរឹង​បំផុត​ចំពោះ​លោក សម រង្ស៊ី ដែរ​។

បើ​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី បាន​រង​បណ្តឹង​សរុប មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕​
 

Tag:
 សម រង្ស៊ី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com