អន្តរជាតិ
ចិន ផ្អាក​ការនាំ​ចូល​ឈើ​ពី​អូស្ត្រាលី ដោយ​អះអាង​មាន​សត្វល្អិត​
25, Dec 2020 , 9:59 pm        
រូបភាព
ឧស្សាហកម្មឈើអូស្ត្រាលី។ រូបភាព៖ABC
ឧស្សាហកម្មឈើអូស្ត្រាលី។ រូបភាព៖ABC
ដោយ:
​នៅ​ថ្ងៃទី​២៣ ធ្នូ អាជ្ញាធរ​ពន្ធដារ​ចិន​បាន​ផ្អាក​ការនាំ​ចូល​ឈើ​ពី​រដ្ឋ​ពីរ​របស់​អូស្ត្រាលី ដោយ​អះអាងថា​មាន​សត្វល្អិត​។ បន្ទាប់ពី​ធ្យូងថ្ម ស្រូវ​សាឡី និង​ស្រា ឈើ​អូស្ត្រាលី​បានក្លាយ​ជា​រឿង​ទាស់ទែង​ពាណិជ្ជកម្ម​មួយទៀត​រវាង​អូស្ត្រាលី និង​ចិន  ខណៈ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់មាន​។​

 
​ចិន និង​អូស្ត្រាលី​កំពុង​ប្រឈមមុខគ្នា​ក្នុង​បញ្ហា​ជំនួញ​បន្ថែមទៀត ក្រោយ​អាជ្ញាធរ​ពន្ធគយ​ចិន​ផ្អាក​ការនាំ​ចូល​ឈើ​ពីរ​ដ្ឋ New South Wales និង Western Australia ដោយ​ផ្អែកលើ​វិធានការ​សុខភាព និង​ច្បាប់​ស្តីពី​ច​ត្តា​ឡី​ស័ក​។ ការផ្អាក​នាំចូល​នេះ ធ្វើឡើង​ក្រោយ​អាជ្ញាធរ​ចិន​ផ្អាក​ការនាំ​ចូល​ឈើ​ដុំ​ពីរ​ដ្ឋ​Queensland Victoria South Australia និង Tasmania ក្នុង​ខែតុលា​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
 
 
«​ដើម្បី​បង្ការ​វត្តមាន​នៃ​សរីរាង្គ​គ្រោះថ្នាក់ និង​ការពារ​ផលិតកម្ម​កសិកម្ម ព្រៃឈើ និង​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី យើង​ប្រកាស​ផ្អាក​ការនាំ​ចូល​ឈើ​ពី​អូស្ត្រាលី​»​។ នេះ​ជាការ​ជូនដំណឹង​របស់​អាជ្ញាធរ​ចិន​ទៅកាន់​រដ្ឋាភិបាល​អូស្ត្រាលី​។​
 
​ឈើ​ពីរ​ដ្ឋ​Queensland ត្រូវបាន​ហាមឃាត់​នៅ​ថ្ងៃទី​៣១ តុលា នៅពេលដែល​អាជ្ញាធរ​ចិន​អះអាងថា​រកឃើញ​ពពួក​កញ្ចែ​នៅក្នុង​ឈើ​ដុំ​។ ក្រោយមក​ឈើ​ដុំ មកពី​រដ្ឋ​បី​ផ្សេងទៀត​ក៏ត្រូវ​បាន​ហាមឃាត់​ការនាំ​ចូល​ក្រោម​ហេតុផល​ដូចគ្នានេះ​ផងដែរ​។​
 
​ដោយសារតែ​ចិន​ហាម​ការនាំ​ឈើ​ចូល​ពី​រដ្ឋ​ចំនួន​ប្រាំមួយ​របស់​អូស្ត្រាលី ជំនួញ​ឈើ​របស់​ប្រទេស​ទាំងពីរ​សឹងតែ​លែងមាន​។ អូស្ត្រាលី លក់​ឈើ​ទៅ​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១,៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ​៦១៤​លាន​ដុល្លារ​បានមកពី​ការលក់​ឈើ​ដុំ និង​បន្ទះ ខណៈ​៩៨០​លាន​ដុល្លារ​ទៀត​ជា​កម្ទេច​ឈើ​តូចៗ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២៤ ធ្នូ សមាគម​ផលិតផល​ឈើ​អូស្ត្រាលី (AFPA) និយាយថា ខ្លួន​បានដឹង​ពី​ការហាម​នាំចូល​ឈើ​ពីរ​ដ្ឋ New South Wale និង Western Australia ហើយ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី​អំពី​ផលប៉ះពាល់​ទៅលើ​ឧស្សាហកម្ម​ឈើ​ក្នុង​រដ្ឋ​ទាំង​ប្រាំមួយ​។ AFPA អះអាងថា ខ្លួន​កំពុងធ្វើការ​ជាមួយ​រោង​ឧស្សាហកម្ម និង​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​ធ្វើកំណែទម្រង់​វិធីសាស្ត្រ​សម្លាប់​មេរោគ​លើ​ឈើ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចិន​លើកឡើង ក៏ដូចជា​ដើម្បី​បន្តសកម្មភាព​ជំនួញ​ជាមួយ​ចិន​ឡើងវិញ​។​
 
​បើតាម​សេចក្ដីថ្លែងការណ៍ AFPA បើ​ស្ថានការណ៍​បន្ត​រហូតដល់​ឆ្នាំ​២០២១ នោះ​រដ្ឋាភិបាល​អូស្ត្រាលី​ចាំបាច់​ត្រូវមាន​ជំនួយ​ផ្តល់​ទៅ​កម្មករ និង​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់ ដើម្បី​បង្ការ​ការបាត់​បង់ការ​ងារ ក៏ដូចជា​ការបិទ​រោង​អារឈើ​បន្ថែមទៀត​។ AFPA បន្តថា ពេលនេះ​ខ្លួន​កំពុង​ស្វែងរក​ទីផ្សារ​ដទៃទៀត​ក្រៅពី​ចិន​។​
 
​ចិន និង​អូស្ត្រាលី​កំពុង​ប្រឈមមុខគ្នា​លើ​បញ្ហា​ជំនួញ​ជាង​១០​មុខទំនិញ ដោយ​អូស្ត្រាលី​រង​ការដាក់​ពន្ធ​ឬ​ការរំខាន​ក្នុង​ការនាំ​ទំនិញ​ចូលទៅ​ចិន រួមមាន​ស្រូវ​សាលី​បា​ឡេ ស្រូវ​សាលី សាច់គោ ទង់ដែង កប្បាស រោមសត្វ បង្កង ស្ករ វិស័យ​ទេសចរណ៍ និង​សាកលវិទ្យាល័យ​។ ជារឿយៗ អាជ្ញាធរ​ចិន​តែង​អះអាងថា ការរំខាន​ទាំងអស់នេះ​បណ្តាលមកពី​បច្ចេកទេស ឬ​បញ្ហា​បរិស្ថាន​ជាដើម​។​
 

Tag:
 ចិន​
 ​អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com