រថយន្ត
អន្តរជាតិ
ជប៉ុន ដាក់គោលដៅលុបរថយន្តប្រើសាំងថ្មីត្រឹមឆ្នាំ២០៣៥
28, Dec 2020 , 8:39 pm        
រូបភាព
បុគ្កលិកម្នាក់ ឈរនៅក្នុងចំណោមរថយន្តទើបផលិតថ្មី ដែលត្រៀមដឹកចេញពីកំពង់ផែក្នុងទីក្រុង Yokohama ជប៉ុន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ រូបពី Reuters
បុគ្កលិកម្នាក់ ឈរនៅក្នុងចំណោមរថយន្តទើបផលិតថ្មី ដែលត្រៀមដឹកចេញពីកំពង់ផែក្នុងទីក្រុង Yokohama ជប៉ុន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ រូបពី Reuters
ដោយ:
ជប៉ុន ដាក់គោលដៅលុបបំបាត់ចោលការលក់រថយន្តប្រើសាំងថ្មី ក្នុងពេល១៥ឆ្នាំខាងមុខ ហើយជំនួសមកវិញដោយរថយន្តអគ្គិសនី។ រដ្ឋាភិបាលជប៉ុន បញ្ជាក់បែបនេះ នៅថ្ងៃទី ២៥ ខែធ្នូ ក្នុងផែនការជំរុញកំណើនបៃតង។

 
«យុទ្ធសាស្រ្តកំណើនបៃតង» ជាផែនការសកម្មភាព ដើម្បីឈានទៅសម្រេចការសន្យាកាលពីខែតុលារបស់នាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ដើម្បីលុបបំបាត់ចោលការបញ្ចេញឧស្ម័នពុលទាំងស្រុងត្រឹមឆ្នាំ២០៥០។ 
 
លោក ស៊ូហ្កា បានផ្ដល់អាទិភាពចម្បងដល់ការវិនិយោគបៃតង ដើម្បីជួយស្ដារសេដ្ឋកិច្ចជប៉ុន ដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ និងរុញច្រានជប៉ុនឲ្យតាមទាន់ជាមួយបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប និងចិនជាដើម ក្នុងការកំណត់គោលដៅការបញ្ចេញឧស្ម័នដ៏មានមហិច្ឆតា។ 
 
«រដ្ឋាភិបាល បានបង្កើតទិសដៅមហិច្ឆតាដើម្បីសម្រេចសង្គមអព្យាក្រឹតកាបូនមួយ ក្នុងឆ្នាំ២០៥០»។ លោក Yukari Takamura សាស្រ្តាចារ្យម្នាក់នៃសកលវិទ្យាល័យតូក្យូ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មុននឹងបន្ថែមថា ការបង្កើតគោលដៅច្បាប់លាស់ និងទិសដៅគោលនយោបាយក្នុងយុទ្ធសាស្រ្តកំណើនបៃតង នឹងផ្ដល់ការលើកទឹកចិត្ត សម្រាប់ក្រុមហ៊ុនដើម្បីបោះទុនវិនិយោគក្នុងបច្ចេកវិទ្យាអនាគត។ 
 
តាមរយៈយុទ្ធសាស្រ្តកំណើនបៃតង រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ និងកិច្ចគាំទ្រហិរញ្ញវត្ថុផ្សេងទៀតសម្រាប់ក្រុមហ៊ុន ហើយក៏ដាក់គោលដៅទទួលបានកំណើនសេដ្ឋកិច្ច ៨៧០លានពាន់លានដុល្លារបន្ថែមក្នុងមួយឆ្នាំតាមរយៈការលក់និងវិនិយោគបៃតងត្រឹមឆ្នាំ២០៣០ និង១,៨ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៥០។ 
 
បន្ថែមពីលើនេះ មូលនិធិបៃតងទំហំ១៩,៣ពាន់លានដុល្លារមួយ នឹងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុនក្នុងបច្ចេកវិទ្យាបៃតង។ ផែនការនេះ ស្វះស្វែងរកការជំនួសការលក់រថយន្តប្រើសាំងថ្មីជាមួយរថយន្តប្រើអគ្គិសនី ត្រឹមពាក់កណ្ដាលឆ្នាំ២០៣៥។ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី រដ្ឋាភិបាលដាក់គោលដៅបញ្ចុះតម្លៃអាគុយរថយន្តផងដែរ។ 
 
ក្នុងយុទ្ធសាស្រ្តកំណើនបៃតងនេះដដែល រដ្ឋាភិបាលជប៉ុន ក៏មានគោលដៅទាញយកថាមពលប្រើបានឡើងវិញច្រើនតាមដែលអាចធ្វើទៅបានត្រឹមឆ្នាំ២០៥០ ជាពិសេស តាមរយៈថាមពលដើរដោយខ្យល់ នៅក្បែរឆ្នេរសមុទ្រ ៕ 
 

Tag:
 ជប៉ុន
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com