អន្តរជាតិ
Jack Ma ខាតដល់ទៅ៣.៦ពាន់លានដុល្លារត្រឹម១ថ្ងៃ ក្រោយអាជ្ញាធរចិនបើកការស៊ើបអង្កេតមុខជំនួញ
26, Dec 2020 , 11:11 am        
រូបភាព
ដោយ: រួបរួម
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិន Jack Ma បានថយចុះដល់ទៅ៣.៦ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី២៤ ខែធ្នូ។ នេះបើតាមរបាយការណ៍ផ្ទាល់ Forbes Real-Time។ ករណីនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំង ប្រកាសពីការស៊ើបអង្កេតពាក់ព័ន្ធនឹងជំនួញអនឡាញផ្តាច់មុខរបស់ក្រុមហ៊ុន Alibaba។

 
 
កាលពីថ្ងៃព្រហស្បតិ៍ របាយការណ៍បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Jack Ma បានធ្លាក់ទៅ ៥៧.៣ពាន់លានដុល្លារអាមេរិក ពោលគឺមានការថយចុះ ៣.៦ពាន់លានដុល្លារ ក្នុងនាមជាមហាសេដ្ឋីវាល់លានលំដាប់ទី១៩លើពិភពលោករបស់ទស្សនាវដ្តី Forbes។
 
Alibaba របស់សេដ្ឋី Jack Ma កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់អាជ្ញាធរចិនពាក់ព័ន្ធការរកស៊ីផ្ដាច់មុខក្នុងជំនួញអនឡាញ។ មុននឹងមានការស៊ើបអង្កេតនេះ ចិនបានព្រមានក្រុមហ៊ុនបច្ចេកវិទ្យានានា ថា ខ្លួននឹងមិនអត់អោនឲ្យការធ្វើជំនួញបែបផ្តាច់មុខឡើយ។ 
 
រដ្ឋាភិបាលចិន ប្រាប់ឲ្យក្រុមហ៊ុនធំៗទាំងអស់ត្រៀមខ្លួនក្នុងការសួរដេញដោលពីនិយ័តករចិនចំពោះរបៀបនៃការធ្វើជំនួញ ក្រោយក្រុមហ៊ុន Alibaba និង Tencent Holding រងពិន័យជាប្រាក់ដោយសារបង្ហាញពីបំណងរួមបញ្ចូលគ្នា។
 
ក្រោយការប្រកាសបែបនេះ ភាគហ៊ុនរបស់ Alibaba បានបន្តធ្លាក់ចុះទាំងនៅហុងកុង និងញូវយ៉ក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានអះអាងពីការត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com