ជាតិ
កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា គ្រោងប្រមូលផ្ដុំព័ត៌មានជីតាខ្លួន ដាក់ក្នុងគេហទំព័រផ្លូវការតែមួយ
26, Dec 2020 , 11:38 am        
រូបភាព
ភ្នំពេញ៖ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គ្រោងបង្កើតគេហទំព័រព័ត៌មាន ឆានែលយូធូប និងទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីប្រមូលផ្ដុំព័ត៌មានពិត ក៏ដូចជាផ្សព្វផ្សាយបទចម្រៀងរបស់ជីតា ទៅកាន់ពិភពលោក។ បច្ចុប្បន្នកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា កំពុងដំណើរការការងារនេះជាបណ្ដើរៗហើយ។

 
ក្នុងកិច្ចសម្ភាសផ្ទាល់ជាមួយ ThmeyThmey កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាកូនស្រីរបស់លោក ស៊ីន ច័ន្ទឆាយា បានបញ្ជាក់ថា ការបង្កើតគេហទំព័រផ្លូវការនេះ គឺដើម្បីប្រមូលផ្ដុំព័ត៌មានទាំងឡាយណា ដែលពាក់ព័ន្ធនឹងលោក ស៊ីន ស៊ីសាមុត ហើយជារឿងពិតដែលចេញពីសាច់ញាតិ ឬក្រុមស្រាវជ្រាវវិជ្ជាជីវៈ ដាក់ក្នុងគេហទំព័រតែមួយ។ 


 កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅ​ស្រីលោក ស៊ីន ស៊ីសាមុត ​និង​អ្នក​ស្រី ខាវ ថងញ៉ុត និង​ត្រូវ​ជា​កូន​ស្រី​លោក ស៊ី ន ច័ន្ទឆាយា

ដោយឡែងការបង្កើតឆានែលយូធូប ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ គឺក្នុងបំណងផ្សព្វផ្សាយមរតកចម្រៀងទាំង១៣០បទ ដែលទាយាទទទួលបានសិទ្ធិស្របច្បាប់ ទៅកាន់ពិភពលោក។ ជាងនោះទៅទៀត កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏កំពុងរៀបចំឯកសារផ្លូវច្បាប់មួយចំនួនទៀត ដើម្បីឱ្យការគ្រប់គ្រងចម្រៀងមរតកសាសន៍ទាំងនោះ កាន់តែមានភាពរឹងមាំ និងអាចប្រើប្រាស់បាននៅក្រៅប្រទេសផងដែរ។
«ដោយសារតែមួយរយៈនេះ ខ្ញុំរវល់ច្រើននឹងការងារសិល្បៈផ្ទាល់ខ្លួន ដូច្នេះការរៀបចំបង្កើត ឆានែលយូធូប គេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកតា មិនទាន់បានដំណើរការច្រើនទេ ប៉ុន្តែខ្ញុំបានកំពុងគិតគូររឿងនេះហើយ។ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សម្រាប់ខ្ញុំនៅថ្មីមែនទែន ហើយខ្ញុំកំពុងតែសិក្សាពីវារាល់ថ្ងៃដែរ។ 
 
ពួកយើងក៏មានគម្រោងរៀបចំឯកសារតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងមរតកសាសន៍ បទចម្រៀងរបស់លោកតាឱ្យរឹងមាំជាងមុនដែរ។ មានន័យថា ប្រសិនបើក្រុមហ៊ុនណាមួយ ឬក៏នរណាម្នាក់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ត្រូវការបទចម្រៀងរបស់លោកតា ក្នុងចំណោម១៣០បទនេះ នោះគាត់អាចមកទាក់ទងខ្ញុំ។ ខ្ញុំនឹងរៀបចំតាមផ្លូវច្បាប់ ហើយវាអាចប្រើបានទាំងនៅក្រៅប្រទេសផងដែរ។ យើងអាចសហការជាមួយ អ្នកស្រាវជ្រាវនៅខាងក្រៅដែរ ប្រសិនបើគាត់ធ្វើការគោរពវិជ្ជាជីវៈច្បាស់លាស់ ដើម្បីយើងប្រមូលផ្ដុំព័ត៌មានពីលោកតា មកដាក់ក្នុងគេហទំព័រតែមួយ»។ 

 កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅ​ស្រីលោក ស៊ីន ស៊ីសាមុត ​និង​អ្នក​ស្រី ខាវ ថងញ៉ុត និង​ត្រូវ​ជា​កូន​ស្រី​លោក ស៊ី ន ច័ន្ទឆាយា

ពាក់ព័ន្ធនឹងមរតកសាសន៍ដដែល កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាសិល្បការិនីជំនាន់ថ្មីមួយរូប បានសំណូមពរដល់ សិល្បករ សិល្បការីនី ជំនាន់ក្រោយ ដែលមានបំណងយកចម្រៀងមរតដើមទៅច្រៀង ឬផលិតឡើងវិញ គួរស្នើសុំទៅគ្រួសារម្ចាស់ស្នាដៃដើម ឬយ៉ាងហោចណាស់បញ្ជាក់ឈ្មោះម្ចាស់សំនៀងដើម ដើម្បីបង្ហាញពីសីលធម៌។ 
 
ទោះជាយ៉ាងណាក៏ដោយ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ក៏មិនភ្លេចរំលឹកពីការបង្ហោះបទចម្រៀងនៅតាមបណ្ដាញសង្គមយូធូប ក៏ដូចជាហ្វេសប៊ុក របស់បុគ្គលមួយចំនួនដោយខុសច្បាប់ផងដែរ ដោយកញ្ញា បញ្ជាក់ដូច្នេះ៖«ខ្ញុំសូមអរគុណចំពោះអ្នកដែលបានចំណាយប្រាក់ ទៅប្រមូលទិញឌីសចម្រៀងមរតកដើម ដែលបានសេសសល់ ខ្ញុំពិតជាអរគុណមែន។ គាត់យកទៅបង្ហោះក្នុងបណ្ដាញសង្គម ខ្ញុំក៏យល់ដែរ ថាគាត់ធ្វើដើម្បីជួយផ្សព្វផ្សាយនិងជួយថែរក្សា។ ប៉ុន្តែក្នុងនោះមានអ្នកដែលបង្ហោះដោយស្របច្បាប់ ហើយអ្នកខ្លះទៀត បង្ហោះដោយខុសច្បាប់។ 

 កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅ​ស្រីលោក ស៊ីន ស៊ីសាមុត ​និង​អ្នក​ស្រី ខាវ ថងញ៉ុត និង​ត្រូវ​ជា​កូន​ស្រី​លោក ស៊ី ន ច័ន្ទឆាយា

ខ្ញុំគ្រាន់តែសំណូមពរដល់ពួកគាត់ ទាំងអ្នកស្របច្បាប់ និងខុសច្បាប់ សូមឱ្យគាត់គិតគូរដល់គ្រួសាររបស់ម្ចាស់ស្នាដៃផង។ ខ្ញុំនិយាយគឺសំដៅដល់គ្រួសាររបស់ម្ចាស់ស្នាដៃទាំងអស់។ ប្រសិនបើពួកគាត់ឧបមាខ្លួន ទៅជាសាច់ញាតិឬគ្រួសាររបស់ម្ចាស់ស្នាដៃវិញ នៅពេលដែលគេយកមរតករបស់ប្ដី ប្រពន្ធ ជីតា ឬកូន ទៅប្រើ ហើយគេមិនមកសុំឬប្រាប់មួយម៉ាត់ នោះពួកគាត់នឹងយល់អារម្មណ៍មួយនេះហើយ។ ខ្ញុំនិយាយនេះមិនបានចង់ទាមទារឱ្យគាត់ផ្ដល់អ្វីតបស្នងមកខ្ញុំទេ ប៉ុន្តែនេះគឺបង្ហាញពីសីលធម៌របស់មនុស្ស»។
 
គិតត្រឹមឆ្នាំ២០២០ អ្នកស្រី ខាវ ថងញ៉ុត ដែលត្រូវជាភរិយារបស់លោក ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស បានទទួលសិទ្ធិស្របច្បាប់គ្រប់គ្រងចម្រៀងមរតកសាសន៍ចំនួន១៣០បទ។ ដោយសារមានវ័យកាន់តែជរា ម្យ៉ាងអ្នកស្រី ខាវ ថងញ៉ុត រស់នៅខេត្តឆ្ងាយផង ការងារមរតកសាសន៍ទាំងឡាយ អ្នកស្រីបានប្រគល់ឱ្យកូន និងចៅនៅរាជធានីភ្នំពេញ ជាអ្នកតំណាងជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តនានា គឺស្ថិតនៅលើភរិយាលោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត ដដែល។

 លោក ស៊ី ច័ន្ទឆាយា និង​កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា កាល​នៅ​ក្មេង

កាលពីឆ្នាំ២០១៥ លោក ស៊ីន ច័ន្ទឆាយា ត្រូវជាកូនទី២របស់លោក ស៊ីន ស៊ីសាមុត បានក្លាយជាអ្នកតំណាងគ្រប់គ្រងចម្រៀងមរតកសាសន៍ ជំនួយអ្នកស្រី ខាង ថងញ៉ុត ដែលត្រូវជាម្ដាយ។ ក្រោយលោក ស៊ីន ច័ន្ទឆាយា ទទួលមរណភាព សិទ្ធិជាអ្នកតំណាងគ្រប់គ្រងមរតកសាសន៍ ត្រូវធ្លាក់ទៅលោក ស៊ីន សេដ្ឋកុល ដែលត្រូវជាកូនច្បងរបស់លោក ស៊ីន ច័ន្ទឆាយា និងអ្នកស្រី សម សាន្ត។ ហើយនៅចុងឆ្នាំ២០១៩ លោក ស៊ីន សេដ្ឋកុល ក៏បានទទួលមរណភាពទៀត ដូច្នេះកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ត្រូវជាកូនស្រីពៅរបស់លោក ស៊ីន ច័ន្ទឆាយា ត្រូវក្លាយជាអ្នកតំណាងគ្រប់គ្រងមរតកសាស្ត្របន្ត៕ 
 

Tag:
 ស៊ីន សេដ្ឋសុជ្ឈតា
  មរតកសាសន៍
  ចម្រៀង
  ទាយាទ
  គេហទំព័រ
 
© រក្សាសិទ្ធិដោយ thmeythmey.com