ជាតិ
ជំងឺផ្សិតដែលកើតលើដំណាំពោត និងវិធីបង្ការ
27, Dec 2020 , 8:44 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ជំងឺផ្សិតដូន្នីមីលឌូ (Downy mildew) ឬជំងឺបួស ឬ ជំងឺឆ្កួត ជាប្រភេទជំងឺមួយ ដែលអាចបំផ្លាញដំណាំពោត ក្រៅពីដង្កូវហ្វូងប្រភេទថ្មីផងដែរ។  បើតាមមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ជំងឺផ្សិតដូន្នីមីលឌូនេះ ត្រូវបានគេវាយតម្លៃថា ជាជំងឺកាចសាហាវ ដែលបំផ្លាញដំណាំពោតច្រើនបំផុតនៅក្នុងទ្វីបអាស៊ី។

 
បច្ចុប្បន្ន ជំងឺនេះ ក៏កំពុងកើតមាន និងបំផ្លាញពោត របស់កសិករមួយចំនួន នៅក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ដែលមន្ទីរបានពន្យល់ថា របបទឹកទន្លេមេគង្គ ឆ្នាំ២០២០នេះ មិនបានពន្លិចវាលទំនាបលិចទឹក ទើបបណ្តាលឲ្យពពួកដង្កូវ និងផ្សិតចេញពីក្នុងដី ហើយវាបានកកើត និងពង្រីកខ្លួនកាន់តែច្រើនថែមទៀត។ 


 
បើតាមមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពោតដែលរងការបំផ្លាសញពីជំងឺផ្សិត ដូន្នីមីលឌូ គឺស្លឹក និងស្រទបស្លឹករបស់ពោត មានឆ្នូតស និងពណ៌លឿង។ រីឯស្លឹកវិញ មានលក្ខណៈតូច ក្រាស់ និងរឹងខុសពីធម្មតា ខណៈដើមពោតទាំងមូលក្រិន និងធ្លាក់ចុះទិន្នផលទៀតផង។ ប្រសិនបើ ជំងឺនេះ កើតមានហើយ គ្មានវិធានការណាផ្សេង ក្រៅពីប្រើថ្នាំពុលកសិកម្មនោះទេ។ ដូច្នេះកសិករ ត្រូវប្រើថ្នាំកម្ចាត់ ដែលមានធាតុសកម្ម ដូចជា មេតាឡាក់ស៊ីល (Metalaxy) ឬ ថ្នាំព្យាបាលជំងឺផ្សិត ផ្សេងទៀត។
 
ដើម្បីការពារកុំឲ្យដំណាំពោតកើតជំងឺ ផ្សិតដូន្នីមីលឌូ ឬ ជំងឺបួសនេះ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ណែនាំថា កសិករ ត្រូវជ្រើសរើសពូជពោត ដែលមានលក្ខណៈធន់ នឹងជំងឺប្រភេទនេះ ហើយត្រូវប្រើពពួកមេផ្សិត ជីវសាស្រ្ត ដែលអាចជួយបង្អាក់ការលូតលាស់ផ្សិតប្រភេទនេះបាន ដូចជាផ្សិតទ្រីកូឌែម៉ា ដោយត្រូវប្រឡាក់ជាមួយគ្រាប់ពូជពោត នៅមុនពេលដាំដុះ។ ការដាំពោតឲ្យបានព្រមពេលគ្នា និងដាំដំណាំឆ្លាស់គ្នានៅលើនោះ ក៏ជាវិធីបង្ការដែលកសិករគួរអនុវត្តដែរ។ នេះបើតាម មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
 
តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ខេត្តនេះ មានផ្ទៃដីដាំដុះពោតក្រហម ចំនួន ១០ ៥០៥ហិកតា។ នៅរដូវវស្សាកសិកររស់នៅតំតាមបន់មាត់ទន្លេ ចាប់ផ្តើមដាំដុះ ពីចុងខែមេសា ដល់ពាក់កណ្តាលខែឧសភា និងប្រមូលផលនៅចុងខែសីហា។ ចំណែករដូវប្រាំង កសិករចាប់ផ្តើមដាំដុះ ចាប់ពីខែវិច្ឆិកា ដល់ខែមករា និងប្រមូលផលនៅចុងខែមីនា និងដើមខែមេសា៕ 
 

Tag:
 ត្បូងឃ្មុំ
 ពោត
 ជំងឺផ្សិត
© រក្សាសិទ្ធិដោយ thmeythmey.com