COVID-19
អន្តរជាតិ
ជប៉ុន និងបារាំង រកឃើញទម្រង់កូរ៉ូណាវីរុសថ្មី ដែលឆ្លងមកពីអង់គ្លេស
26, Dec 2020 , 7:29 pm        
រូបភាព
ប្រជាជនពាក់ម៉ាសនៅបារាំង។ រូបភាព៖  Xinhua
ប្រជាជនពាក់ម៉ាសនៅបារាំង។ រូបភាព៖ Xinhua
ជប៉ុន និងបារាំង នៅថ្ងៃទី២៥ ខែធ្នូ បានប្រកាសថា ខ្លួនបានរកឃើញឆ្លងទម្រង់កូរ៉ូណាវីរុសថ្មី ដែលឆ្លងមកពីអង់គ្លេស។ បញ្ហានេះ ត្រូវបានមន្រ្តីសុខាភិបាលព្រមានថា វាអាចនឹងមានករណីឆ្លងកើនឡើងខ្លាំងនៅក្នុងប្រទេស ប្រសិនទម្រង់ថ្មីនេះ បានឆ្លងចូលទៅក្នុងសង្គម។

 
ថ្មីៗនេះ អង់គ្លេសបានរកឃើញទម្រង់ថ្មីនៃកូរ៉ូណាវីរុស (VUI–202012/01) ឬអំបូរនៃកូរ៉ូណាវីរុសB.1.1.7។ ទម្រង់នេះ ត្រូវបានរដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសអះអាងថា អាចឆ្លងខ្លាំងជាងទម្រង់ចាស់របស់កូរ៉ូណាវីរុសរហូតដល់ ៧០ភាគរយឯណោះ។ ទម្រង់ចាស់របស់កូរ៉ូណាវីរុស ឬ SARS-CoV-2 ដែលរាតត្បាតនៅទីក្រុងវូហាន ប្រទេសចិន មានពីរអំបូរ គឺអំបូរA (Wuhan/WH04/2020) និង អំបូរB ( Wuhan-Hu-1)។
 
យ៉ាងណាមិញ ទម្រង់ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរជាបន្តបន្ទាប់ ដែលត្រលប់មកពីអង់គ្លេស និងបង្កឲ្យមានការបារម្ភមួយចំនួន។ 
 
ទាក់ទិននឹងទម្រង់ថ្មីនេះ ជប៉ុន នៅថ្ងៃទី២៥ ខែធ្នូ បានអះអាងថា ខ្លួនបានរកឃើញទម្រង់ថ្មីនេះ ចំនួន ៥ករណី ជាលើកដំបូង ដោយ ៤ករណីមិនមានចេញរោគសញ្ញា និង ១ករណី ចេញរោគសញ្ញាហត់។ ករណីទាំង៥ ដែលជាអ្នកត្រលប់មកពីអង់គ្លេសនេះ មានអាយុចាប់ពី ១០ឆ្នាំ ដល់៦០ឆ្នាំ។ 
 
នាថ្ងៃទី២៤ ខែធ្នូ កន្លងទៅ ជប៉ុន បានផ្អាកជើងហោះហើរពីអង់គ្លេស ដើម្បីឆ្លើយតបនឹងទម្រង់ថ្មីនេះ។ តាមការព្រមានរបស់លោក Wakita Takaji នាយកនៃវិទ្យាស្ថានជាតិលើជំងឺឆ្លង ប្រសិនបើទម្រង់ថ្មីនេះ ឆ្លងចូលក្នុងសង្គមជប៉ុនមែននោះ ករណីឆ្លងកូវីដ-១៩ នឹងកាន់តែកើនឡើងជាងមុនថែមទៀត។
 
ក្នុងថ្ងៃដដែលនេះ នៅបារាំង ដែលជាប្រទេសជិតខាងអង់គ្លេសឯណោះវិញ ក៏បានអះអាងថា ខ្លួនបានរកឃើញទម្រង់ថ្មីរបស់កូវីដ-១៩ ជាលើកដំបូងផងដែរ។ ករណីដំបូងនេះ គឺជាជនជាតិបារាំង ដែលរស់នៅអង់គ្លេស និងបានត្រលប់មកបារាំងនៅថ្ងៃទី១៩ ធ្នូ។ ករណីឆ្លងនេះ គឺមិនចេញរោគសញ្ញាឡើយ ប៉ុន្តែអ្នកជំងឺបានដាក់ចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។ ទន្ទឹមគ្នានេះ បារាំង ក៏ពិនិត្យលើអ្នកជំងឺកូវីដ-១៩ ប៉ុន្មាននាក់ផ្សេងទៀតផងដែរ ដែលសង្ស័យថា អាចមានផ្ទុកទម្រង់កូវីដ-១៩ ថ្មីនេះ។ 
 
នៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តីសុខាភិបាលបារាំង បានវាយតម្លៃថា ទម្រង់ថ្មីនេះ អាចឆ្លងចូលដល់ក្នុងសង្គមបារាំងរួចហើយ។ កន្លងមកបារាំង ក៏បានបិទព្រំដែនជាមួយអង់គ្លេសផងដែរ ដើម្បីទប់ស្កាត់កូវីដ-១៩ ប៉ុន្តែដោយសារតែមានការចរចារវាងរដ្ឋាភិបាលទាំងពីរ បារាំង ក៏បានបើកព្រំដែនវិញ ប៉ុន្តែដោយមានភ្ជាប់ជាមួយវិធានការត្រួតពិនិត្យដ៏តឹងរឹង។ ការបើកព្រំដែននេះ គឺដើម្បីឲ្យប្រជាជនបារាំងត្រលប់មកប្រទេសវិញ និងដើម្បីសម្រួលបន្ទុកទំនិញ ដែលកកស្ទះនៅព្រំដែនផងដែរ។ 
 
បន្ទាប់ពីប្រកាសពីទម្រង់ថ្មីនៃកូវីដ-១៩ ប្រទេស និងតំបន់ច្រើនជាង៥០ បានបិទ និងរឹតត្បិតជើងហោះហើរជាមួយអង់គ្លេស។ មិនតែប៉ុណ្ណោះ មានអ្នកជំនាញមួយចំនួន បានដាក់ការសង្ស័យលើប្រសិទ្ធភាពរបស់វ៉ាក់សាំងលើទម្រង់កូវីដ-១៩ នេះផងដែរ។ 
 
យ៉ាងណាមិញ អង្គការសុខភាពពិភពលោក (WHO) អះអាងថា ទម្រង់ថ្មីរបស់កូវីដ-១៩ ដែលកើតមាននៅក្នុងចក្រភពអង់គ្លេស ជាផ្នែកធម្មតានៃការវិវត្តរបស់ជំងឺរាតត្បាតសកលមួយ។ ទន្ទឹមនេះ WHO ថា មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ទម្រង់ថ្មីនេះ ធ្វើឲ្យជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ឬធន់នឹងវ៉ាក់សាំងដែលមាននៅពេលបច្ចុប្បន្នឡើយ៕ 
 

Tag:
 ជប៉ុន
  បារាំង
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com