ជាតិ
ស្ត្រីកសិករវ័យ៦៨ឆ្នាំ ជោគជ័យលើដំណាំស្រ្តប៊ឺរី នៅប៉ៃលិន
27, Dec 2020 , 9:29 am        
រូបភាព
ភ្នំពេញ៖ មានវ័យ៦៨ឆ្នាំ លោកស្រី ព្រំ ស៊ីថេង ជាកសិករដាំដំណាំស្រ្តប៊ឺរី នៅក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កសិកររូបនេះ ដាំដំណាំស្រ្តប៊ឺរី រយៈពេល ១ឆ្នាំកន្លះមកហើយ ដោយផ្ដើមដាំពីមួយដើមរហូតរីកលូតលាស់ដល់ ៥០០០ដើម។ តាមរយៈការដាំដុះដំណាំស្រ្តប៊ឺរីនេះ គាត់ អាចរកចំណូលបានពី ១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។


 
ទោះមានវ័យជិត៧០ឆ្នាំក៏ដោយ តែមិនមែនជាបញ្ហាសម្រាប់លោកស្រី ព្រំ ស៊ីថេង ឡើយ។ លោកយាយ ព្រំ ស៊ីថេង ជាកសិករម្នាក់ដាំដុះដំណាំស្រ្តប៊ឺរី នៅទឹកដីក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលផ្ដើមដាំពីមួយដើម រហូតមានដើមស្រ្តប៊ឺរីចំនួន ៥០០០ដើមនៅក្នុងបរិវេណផ្ទះ។ 


 
លោកយាយ ព្រំ ស៊ីថេង ប្រាប់មូលហេតុនៃការដាំស្រ្តប៊ឺរីដល់សារព័ត៌មាន Thmey Thmey 25 តាមទូរសព្ទយ៉ាងដូច្នេះ៖ «ខ្ញុំបានពូជពីក្មួយដែលទិញពីថៃ រួចខ្ញុំក៏យកមកដាំមួយដើម រហូតបែកមែក នឹងក្លាយជាកន្លែងលក់ដើម និងផ្លែស្រ្តប៊ឺរី ដូចសព្វថ្ងៃ។ ខ្ញុំស្រឡាញ់ និងចូលចិត្ត ទើបខ្ញុំដាំស្រ្តប៊ឺរីនេះ ណាមួយស្រុកយើងមិនសូវមានអ្នកដាំ»។


 
ផ្លែ និងដើមស្រ្តប៊ឺរីរបស់លោកយាយ ស៊ីថេង មានអតិថិជនទិញជាប្រចាំ ដោយក្នុងមួយថ្ងៃ លោកយាយអាចរកចំណូលបានចន្លោះ ១០ម៉ឺនទៅ២០ម៉ឺនរៀល។ បើតាមកសិករវ័យ៦៨ឆ្នាំរូបនេះ ដើមស្រ្តប៊ឺរី ដែលមានផ្កា និងផ្លៃ លក់បានតម្លៃ ១ម៉ឺន៧ពាន់រៀលក្នុងមួយដើម។ ដោយឡែក ផ្លែស្រ្តប៊ឹរី អាចលក់បាន ៣ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម។


 
ផ្លែស្រ្តប៊ឺរីរបស់លោកយាយ ស៊ីថេង ដែលមានរសជាតិជូរអែម ត្រូវបានប្រមូលផលជារៀងរាល់ថ្ងៃ ដោយមួយថ្ងៃ បានចំនួន ៣គីឡូក្រាម យកទៅលក់នៅផ្សារក្រុងប៉ៃលិន។ កសិកររូបនេះ បន្តថា ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ជារដូវប្រមូលផលផ្លែស្រ្តប៊ឺរី។ លោកយាយ ស៊ីថេង បញ្ជាក់ទៀតថា នៅចុងខែធ្នូនេះ នឹងអាចប្រមូលផលបានចន្លោះ៥គីឡូ ក្នុងមួយថ្ងៃ។ 


 
ចំពោះការដាំដុះដំណាំស្រ្តប៊ឺរីនេះ លោកយាយ ព្រំ ស៊ីថេង អះអាងថា មិនសូវមានផលលំបាកឡើយ។ «ដំណាំស្រ្តប៊ឺរី វាមិនសូវលំបាកឡើយ ប៉ុន្តែទាមទារការថែទាំ ដូចជាស្រោចទឹក និងបោចស្មៅជាប្រចាំ»។ នេះជាការរៀបរាប់របស់កសិករ ព្រំ ស៊ីថេង ម្ចាស់ទីតាំងលក់ដើមស្រ្តប៊ឺរី «យាយថេង»។  
 
ទម្រាំបានផលរាល់ថ្ងៃ ស្រ្តប៊ឺរីរបស់លោកយាយ ស៊ីថេង ត្រូវបានអ្នកជិតខាងសើច ព្រោះគិតថាដំណាំនេះ គ្រាន់តែដាំឲ្យបានល្អមើល៕
 
 

Tag:
 ព្រំ ស៊ីថេង
  ប៉ៃលិន
 ស្រ្តប៊ឺរី
© រក្សាសិទ្ធិដោយ thmeythmey.com