ជាតិ
ឆ្នាំ២០២០ កម្ពុជានាំចេញស្វាយស្រស់បានជាង៩៤ម៉ឺនតោន គិតជាប្រាក់ជាង៤៧៣លានដុល្លារ
27, Dec 2020 , 7:59 pm        
រូបភាព
ស្វាយកែវរមៀតស្រស់ នៅក្នុងដំណាក់កាលវេចខ្ចប់ដើម្បីនាំចេញ នៅក្នុងរោងចក្រមួយនៅក្នុងខេត្តកំពង់ស្ពឺ។ (រូបភាព៖ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
ស្វាយកែវរមៀតស្រស់ នៅក្នុងដំណាក់កាលវេចខ្ចប់ដើម្បីនាំចេញ នៅក្នុងរោងចក្រមួយនៅក្នុងខេត្តកំពង់ស្ពឺ។ (រូបភាព៖ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែធ្នូ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ បានជាង៩៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍បឋម ស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្ម សំខាន់ៗ ក្នុងឆ្នាំ២០២០។ របាយការណ៍នេះ មិនបញ្ជាក់លម្អិតពីទិសដៅនាំចេញ ប៉ុន្តែបានបង្ហាញតម្លៃប៉ាន់ស្មានជាទឹកប្រាក់ពីការនាំចេញនេះ ដែលមានតម្លៃសរុបប្រមាណជា ៤៧៣,២០៧,៧០០ដុល្លារ។

 
 
 
គិតចាប់ពីដើមខែមករា មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជា បានចេញស្វាយស្រស់ បានចំនួន ៩៤៥,២៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានសរុបមានប្រមាណជា ៤៧៣,២០៧,៧០០ដុល្លារ។ នេះបើតាមរបាយការណ៍បឋម ស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្ម សំខាន់ៗ ក្នុងឆ្នាំ២០២០ ដែលផ្សព្វផ្សាយនៅគណនីហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។ 
 
របាយការណ៍ដដែល មិនមានបញ្ជាក់ទិសដៅនៃការនាំចេញទៅប្រទេសណាខ្លះនោះទេ ប៉ុន្តែបានបង្ហាញពីចំនួនក្រុមហ៊ុនដែលនាំចេញ ថាមានចំនួន ៤៧ក្រុមហ៊ុន។ ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០២០នេះ ក៏មានអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ចំនួន ៤៨ ទៀត ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ៣៣ សហគមន៍ចំនួន ៣ និងម្ចាស់ចម្ការចំនួន១២។ នេះបើតាមរបាយការណ៍ដដែល។
 
គួរកត់សម្គាល់ថា ឥឡូវនេះកម្ពុជា អាចនាំចេញស្វាយជាផ្លូវការទៅកាន់ប្រទេសចិនដោយនៅក្នុបរិមាណ ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ ក្រោយភាគីទាំង២បានផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយជាផ្លូវការ កាលពីថ្ងៃទី៩មិថុនា ឆ្នាំ២០២០មក។ ប៉ុន្តែបើផ្អែកតាមតួលេខនាំចេញដែលបញ្ចេញដោយរដ្ឋមន្ត្រីក្រសួងកសិកម្មកន្លងមក កម្ពុជាទើបបាននាំចេញស្វាយដោយផ្ទាល់ និងជាលើកដំបូងទៅកាន់ប្រទេសចិន ក្នុងចំនួនជិត៦០តោនប៉ុណ្ណោះ កាលពីដើមខែធ្នូនេះ។ 
 
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះស្វាយ ចំនួន ១២៦ ៦៦៨ហិកតា ហើយផ្ទៃដីដែលអាចប្រមូលបាន ទើបមានត្រឹម ៩១ ១០៤ហិកតា ប៉ុណ្ណោះ។ ក្រសួងកសិកម្ម ប៉ាន់ស្មានថា ផ្ទៃដីផលិតកម្មស្វាយឆ្នាំ២០២១ អាចមានចំនួនប្រមាណជា ១៣៥ ៥០០ហិកតា ពោលគឺកើនប្រមាណ ៧ភាគរយបន្ថែមទៀត៕
 
 
 

Tag:
 ស្វាយ
 វេង សាខុន
 នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com