ជាតិ
ទំនេរពីការងារ លោក អាង សុផា ប្រមូលទិញមាន់ស្រែដែលកំពុងមានទីផ្សារ ពីអ្នកចិញ្ចឹមនៅកែប
27, Dec 2020 , 1:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក សុផា ពេទ្យសត្វកែប
រូបភាពពីហ្វេសប៊ុក សុផា ពេទ្យសត្វកែប
ដោយ:
ភ្នំពេញ៖ លោក អាង សុផា ជាបុសពេទ្យប្រចាំខេត្តកែប និងជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បន្ទាប់ពីលោកមានពេលទំនេរពីការងារ។ បច្ចុប្បន្ន របរចិញ្ចឹមមាន់ក្រៅម៉ោងរបស់លោក បានផ្ដល់ប្រាក់ចំណេញប្រមាណ ៧០០ដុល្លារ ក្នុងមួយខែ ដោយលោកប្រមូលទិញមាន់ស្រែពីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ផ្សេងៗទៀតក្នុងខេត្តកែប។ ដោយមានបទពិសោធ ផ្នែកចិញ្ចឹមសត្វ លោក អាង សុផា បានសម្រេចចិញ្ចឹមមាន់នៅដើមឆ្នាំ ២០១៧។

 
លោក សុផា បញ្ជាក់ដូច្នេះថា៖ «ខេត្តកែប ពីមុនមិនសូវ មានអ្នកចិញ្ចឹម មាន់ទេ តែចុងក្រោយនេះ ពលរដ្ឋងាកមកចិញ្ចឹមមាន់ ព្រោះទីផ្សារទូលាយ និងមានតម្លៃខ្ពស់ ក្នុងមួយគីឡូមានតម្លៃ ១៨ ០០០រៀល ហើយពេលខ្លះអាចលក់បាន ២៥ ០០០រៀល អាស្រ័យលើ ប្រភេទមាន់»។


 
មន្រ្តីបសុពេទ្យរូបនេះ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទបន្ថែមថា លោកចាប់ផ្ដើមចិញ្ចឹមមាន់ដំបូង ត្រឹមមេមាន់ ២៨ក្បាល និងមាន់ឈ្មោល ៤ក្បាល ជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ក្រោយមក លោកសុផា សង្កេតឃើញថា មាន់ស្រែក្នុងខេត្តកែប ចាប់ផ្ដើមមានទីផ្សារ នៅឆ្នាំ២០១៨ នាំឲ្យអ្នកខេត្តកែបរូបនេះ ពង្រីកការចិញ្ចឹមមេមាន់ប្រមាណ ៣០០ក្បាល។ 
 
លោក អាង សុផា បានទទួលទិញមាន់ ពីអ្នកចិញ្ចឹមមាន់ទាំងអស់ ក្នុងខេត្តកែបផ្ទាល់ ក្នុងតម្លៃ ១៨ ០០០រៀល ក្នុងមួយគីឡូក្រាម ដោយមិនប្រកាន់រដូវនោះទេ។ លោកបន្តថា រាជធានីភ្នំពេញ ជាទីផ្សារធំ និងបាននាំចេញទៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។


 កសិដ្ឋានចិញ្ចឹមមាន់ របស់លោក អាង សុផា

លោក អាង សុផា បានប្រាប់ទៀតថា ដ្បិតក្នុងខេត្តកែប បច្ចុប្បន្នមានអ្នកចិញ្ចឹមមាន់កើនឡើង តែមិនបាន ធ្វើឲ្យក្នុងខេត្តមានបញ្ហាទីផ្សារនោះទេ ដ្បិតថាខេត្តកែប បានបង្កើត បណ្ដុំអាជីវកម្ម ដែលជាគម្រោងអាស្ប៉ាយ ក៏ដូចជាគម្រោង អេមស៍ ផងដែរ។  
 
នៅពេលទំនេរ លោក សុផា តែងចែករំលែក និងផ្ដល់បច្ចេកទេសចិញ្ចឹមមាន់ ដល់អ្នកចិញ្ចឹមមាន់ក្នុងខេត្តនេះ។ ជាមួយគ្នានេះ លោកទទួលទិញពងមាន់ ពីអ្នកចិញ្ចឹមមាន់ ដើម្បីយកមកភ្ញាស់កូនមាន់ ផ្គត់ផ្គង់ដល់អ្នកចិញ្ចឹមមាន់ខេត្តកែប ។ ជាមធម្យម ក្នុងមួយខែ លោកបានផ្គត់ផ្គង់កូនមាន់ ប្រមាណ ១ពាន់ក្បាល ប៉ុន្តែការផ្គត់ផ្គង់នេះ មិនទាន់ស្របតាមតម្រូវការ នៅឡើយទេ ដោយអ្នកចិញ្ចឹមមានចំនួនច្រើន៕ 
 
 

Tag:
 ចិញ្ចឹមមាន់
 កែប
© រក្សាសិទ្ធិដោយ thmeythmey.com