COVID-19
ជាតិ
ប្រមុខWHO ថា ពិភពលោក គួរតែត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកលបន្ទាប់
27, Dec 2020 , 8:29 pm        
រូបភាព
ប្រធានអង្គការសុខភាពពិភពលោក លោក​ Tedros Adhanom Ghebreyesus។ រូបភាព៖ WHO
ប្រធានអង្គការសុខភាពពិភពលោក លោក​ Tedros Adhanom Ghebreyesus។ រូបភាព៖ WHO
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី២៧ ខែធ្នូ បានព្រមានថា កូវីដ-១៩ នឹងមិនមែនជាជំងឺឆ្លងសកលចុងក្រោយ ហើយវាថែមទាំងអាចធ្វើឲ្យប្រព័ន្ធសុខាភិបាល ជួបវិបត្តិថែមទៀត ប្រសិនបើគ្មានការគិតគូរពីបញ្ហាបម្រែបម្រួលអាកាសធាតុ និងសុខមាលភាពរបស់សត្វបន្ថែមទៀត។ បញ្ហានេះ លោក Tedros បានទទូចឲ្យពិភពលោក ត្រៀមខ្លួនទុកជាមុនសម្រាប់ជំងឺឆ្លងបន្ទាប់។



នៅក្នុងសារវីដេអូ ដែលថ្លែងនៅក្នុងថ្ងៃទិវាអន្តរជាតិលើការត្រៀមខ្លួនសម្រាប់ជំងឺឆ្លងប្រារព្ធជាលើកដំបូង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងថា នេះគឺជាពេលដែលពិភពលោក ត្រូវរៀនពីជំងឺរាតត្បាតកូវីដ-១៩ ។ បើតាមលោក Tedros ពិភពលោក ឆាប់បំភ្លេចជំងឺឆ្លងជាសកលណាស់។ 
 
«យើង បានចំណាយថវិកាជាច្រើនលើជំងឺឆ្លង ប៉ុន្តែនៅពេលវាចប់ មនុស្សបានបំភ្លេចវា និងមិនបានត្រៀមខ្លួនអ្វីទាំងអស់ សម្រាប់ទប់ស្កាត់ជំងឺឆ្លងបន្ទាប់»។ ប្រធានអង្គការ WHO បានលើកឡើងបែបនេះ ដោយបញ្ជាក់បន្ថែមថា ពិភពលោកចូលចិត្ត ប្រព្រឹត្តនូវវត្តនៃការភ័យខ្លាច និងការធ្វេសប្រហែស។ 
 
ទន្ទឹមគ្នានេះ លោក Tedros បានពន្យល់ថា ប្រវត្តិសាស្រ្ត បានបញ្ជាក់ប្រាប់រួចហើយថា កូវីដ-១៩ មិនមែនជាជំងឺឆ្លងសកលចុងក្រោយឡើយ ហើយជំងឺឆ្លងសកលទាំងនោះ សុទ្ធតែមានពាក់ព័ន្ធជាមួយមនុស្ស, សត្វ និងភព។ ទាក់ទិននឹងបញ្ហានេះ WHO បានទទូចឲ្យពិភពលោក គិតគូរពីបញ្ហាសត្វ និងបម្រែបម្រួលអាកាសធាតុផងដែរ ប្រសិនបើមិនចង់ឲ្យការខិតខំលើការកែលម្អវិស័យសុខាភិបាល ត្រូវជួបវិបត្តិបន្ថែម។ 
 
ការត្រៀមខ្លួន និងវិនិយោគបន្ថែមលើវិស័យសុខាភិបាល វាមិនត្រឹមតែគិតគូរសម្រាប់មនុស្សជំនាន់នេះឡើយ ប៉ុន្តែ វាគឺជាការយកចិត្តទុកដាក់សម្រាប់មនុស្សជំនាន់ក្រោយថែមទៀត។
មុនការផ្ទុះកូវីដ-១៩ជាសកល ក្រុមក្រុមឃ្លាំមើលជំងឺឆ្លង Global Preparedness Monitoring Board ក៏បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដោយលើកឡើងថា ពិភពលោក មិនបានត្រៀមខ្លួន សម្រាប់ជំងឺឆ្លងនាពេលមុខឡើយ។
 
សូមបញ្ជាក់ថា ទិវាអន្តរជាតិលើការត្រៀមខ្លួនសម្រាប់ជំងឺឆ្លង ត្រូវបានស្នើឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីគាំទ្រលើសារៈសំខាន់នៃការទប់ស្កាត់ ត្រៀមខ្លួន និងភាពជាដៃគូ ក្នុងការប្រឆាំងនឹងជំងឺឆ្លង៕ 
 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com