COVID-19
អន្តរជាតិ
ស្ត្រីអាយុ១០១ឆ្នាំ ទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេនៅអាល្លឺម៉ង់
27, Dec 2020 , 2:58 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែធ្នូ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាមួយមនុស្សជាង៥០នាក់ដំបូង។ ស្ត្រីវ័យ១០១ឆ្នាំម្នាក់ ក្លាយជាមនុស្សដំបូងដែលទទួលបានការចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទីមួយនៅអាល្លឺម៉ង់។

 
លោកយាយ Edith Kwoizalla អាយុ១០១ឆ្នាំ ដែលរស់នៅផ្ទះនិវត្តជនមួយនៅរដ្ឋ Sachsen-Anhalt ទទួលបានវ៉ាក់សាំងមុនគេ កាលពីថ្ងៃសៅរ៍ បន្ទាប់មកមានក្រុមមនុស្សដែលប្រឈមខ្ពស់៥០នាក់ទៀតក្នុងនោះមានបុគ្គសុខាភិបាល១០នាក់ផងដែរ។
 
 លោក Immo Kramer អ្នកទទួលខុសត្រូវមួយរូបនៃមជ្ឈមណ្ឌលថ្នាំបង្ការប្រចាំតំបន់ បានអះអាងប្រាប់ទូរទស្សន៍រដ្ឋ MDR ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានចាប់ផ្តើម ហើយអាជ្ញាធរសុខាភិបាល បន្តបញ្ជូនវ៉ាក់សាំងរាប់ម៉ឺនដូសទៅកាន់តំបន់ផ្សេងៗទៀតក្នុងប្រទេស។
 
រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Jens Spahn បានបញ្ជាក់ថា ពលរដ្ឋចំណាស់ដែលរស់នៅមណ្ឌលនិវត្តជន អ្នកដែលមានអាយុជាង៨០ឆ្នាំ និងបុគ្គលិកសុខាភិបាល ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់ ហើយលោកស្នើសុំឲ្យយុវជនក្មេងៗ រង់ចាំសិន និងបន្តអនុវត្តគោលការណ៍សុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាល។
 
គិតត្រឹមថ្ងៃអាទិត្យនេះ អាល្លឺម៉ង់ស្ថិតនៅលំដាប់ទី១០ ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេលើពិភពលោក ដោយមានជាង១.៦៤លានករណី ក្នុងនោះស្លាប់ជាង៣ម៉ឺននាក់ និងសះស្បើយជាង១.២២លាននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com