ជាតិ
ព្រះមហាក្សត្រ
សង្គមជាតិ
លោក កឹម សុខា ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសឈានចូលឆ្នាំថ្មី
28, Dec 2020 , 11:04 am        
រូបភាព
ព្រះមហាក្សត្រ (ស្តាំដៃ) មុនទ្រង់យាងឡើងយន្តហោះទៅប្រទេសបារាំង នាខែឧសភា ឆ្នាំ២០១៩ ដើម្បីធ្វើជាព្រះរាជកិត្តិយស នៅក្នុងការប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពការងាររបសគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) និង លោក កឹម សុខា  មុនចូលសវនាការជំនុំជម្រះនាសាលាដំបូងរាជធានីភ្នំពេញ​ក្នុងខែមករា ឆ្នាំ២០២០ លើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ រូបភាព៖ AFP

ខណៈនៅសល់តែបី-បួនថ្ងៃទៀត ឆ្នាំ២០២១ ជាឆ្នាំសាកលថ្មី នឹងឈានមកដល់ លោក កឹម សុខា មេដឹកនាំកំពូលនៃក្រុមប្រឆាំង ដែលកំពុងមានវត្តមាននៅកម្ពុជា បានថ្វាយលិខិតទៅព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីថ្វាយព្រះពរដល់ព្រះអង្គ ឲ្យព្រះអង្គទទួលបានបវរសួស្តី មានព្រះបញ្ញាញាណ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង គង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរ។

ក្នុងលិខិតចុះហត្ថលេខា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក កឹម សុខា បានបួងសួងជាមួយនឹងការប្រើពាក្យពេចន៍គោរពដល់ព្រះរាជាដូច្នេះថា៖«ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និង វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាម្ចាស់ និងព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: ជាភិយ្យោភាពតរៀងទៅ»។

ឃ្លាចុងក្រោយរបស់លោក កឹម សុខា គឺលោក សូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បួង ទ្រង់ព្រះមេត្តាទទួលការគោរព ភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីលោក និងភរិយា។

ព្រះករុណា បានទទួលការថ្វាយព្រះពរជាច្រើនពីថ្នាក់ដឹកនាំរដ្ឋាភិបាលនិងមន្រ្តីរាជការ រួមទាំងប្រជានុរាស្រ្តទូទៅផងដែរ សម្រាប់ឱកាសចូលឆ្នាំថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

Tag:
 ព្រះមហាក្សត្រ
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com