កីឡាអន្តរជាតិ
អន្តរជាតិ
Boxing Day៖ Liverpool និង Spurs បាន​ត្រឹម​ស្មើ ឯ Man Utd ឡើងទៅ Top 4
28, Dec 2020 , 11:28 am        
រូបភាព
​ក្រុម​ម្ចាស់​ការពារ​ជើងឯក Liverpool ទទួលបាន​លទ្ធផល​ត្រឹម​ស្មើ​ជាមួយ West Bromwich Albion ១-១ ប៉ុណ្ណោះ​ក្នុងការ​ប្រកួត Boxing Day ដែល​ធ្វើ​ឲ្យ​ពួកគេ​ខកខាន​នាំមុខ​ដាច់​៥​ពិន្ទុ​ក្នុង​តារាង Premier League ។ Tottenham Hotspur បន្ត​ស្មើ​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា ហើយ​ធ្លាក់​ទៅ​លេខ​៥ ខណៈ Manchester United ដែល​ស្មើ Leicester City ២-២ ឡើងទៅ​លេខ​រៀង​ទី​៤ ។​



​នា​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​១៥ នៅ Anfield យប់​ថ្ងៃទី​២៧ ខែធ្នូ Sadio Mane បាន​ជួយ​ក្រុម​លោក Juergen Klopp នាំ​មុខមុន​ទៅហើយ​នៅ​នាទី​១២ ប៉ុន្តែ​នៅ​នាទី​៨២ Semi Ajayi បាន​តាម​ស្មើ​ឲ្យ​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Sam Allardyce វិញ​។ ចប់​ការប្រកួត Liverpool ១-១ West Bromwich​។​
 
​ទោះ​លទ្ធផល​ស្មើ តែ​ហង្ស​ក្រហម​នៅតែ​ឈរ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​ដដែល តែ​ខកខាន​នាំមុខ​៥​ពិន្ទុ​ពេញ​ពី​ក្រុម​គូប្រជែង​ក្តី​។ Liverpool រកបាន​៣២​ពិន្ទុ ពី​ការប្រកួត​១៥​លើក​នាំមុខ​ក្រុម​លេខ​ពីរ Everton ៣​ពិន្ទុ​។ Everton បាន​យកឈ្នះ Sheffield United ១-០ ក្នុងជំនួប Boxing Day​។​
 
Man Utd ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤​ក្នុង​តារាង ក្រោយ​ស្មើ Leicester ២-២​។ ក្រុម​បិសាច​ក្រហម​មាន​២៧​ពិន្ទុ​ដោយ​ឆ្លងកាត់​ការប្រកួត​១៤​លើក ឯ​កញ្ជ្រោង​នៅ​ចំណាត់ថ្នាក់​ទី​៣​រកបាន​២៨​ពិន្ទុ​ពី​ការប្រកួត​១៥​លើក​។​
 
Spurs ខកខាន​ចូលក្នុង​តំបន់ Top 4 ក្រោយ Wolverhampton Wanderers វាយបក​យក​ស្មើ ១-១ វិញ​។ ក្រុម​លោក Jose Mourinho រក​គ្រាប់​នាំ​មុខមុន​តាំងពី​នាទី​ទី​១ ដោយ Tanguy Ndombele មុនពេល Romain Saiss តាម​ស្មើ​វិញ​នៅ​នាទី​៨៦​។ ក្រុម​មាន់​ខ្នាយ​មាស​ស្ថិតនៅ​លេខ​៥ មាន​២៦​ពិន្ទុ​។​
 
Chelsea ដែល​ចាញ់ Arsenal ៣-១ ធ្លាក់​ទៅ​លេខ​៨ មាន​២៥​ពិន្ទុ ឯ​កាំភ្លើង​ធំ​អាចបង្កើត​គម្លាត​ពី​តំបន់​គ្រោះថ្នាក់​ក្រោយ​ជ័យជម្នះ​នេះ ដោយ​រកបាន​១៧​ពិន្ទុ នៅ​លេខ​រៀង​ទី​១៥​។ Fulham, West Bromwich និង Sheffield United ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕

Tag:
 Premier League
  Boxing Day
© រក្សាសិទ្ធិដោយ thmeythmey.com