អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់​ជំនួយ​កូ​វីដ​-១៩ និង​ការចំណាយ​រដ្ឋាភិបាល​
28, Dec 2020 , 11:58 am        
រូបភាព
ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ដូណាល់ ត្រាំ ។ រូបពី AFP
ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ដូណាល់ ត្រាំ ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ទី​២៧ ខែធ្នូ បាន​ចុះហត្ថលេខា​លើ​សេចក្តីស្នើច្បាប់​ថវិកា​ទំហំ​២,៣​ទ្រី​លាន​ដុល្លារ​មួយ ដែល​រាប់បញ្ចូល​កញ្ចប់​ជំនួយ​កូ​វីដ​-១៩ និង​កញ្ចប់​ចំណាយ​រដ្ឋាភិបាល​។ ការចុះហត្ថលេខា​នេះ បាន​ជួយ​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​អាមេរិក​ដោយ​ផ្នែក និង​ពង្រីក​ជំនួយ​កូ​វីដ​-១៩ រាប់ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​។

 
​ក្រោយ​អូសបន្លាយ​ជិត​មួយ​សប្ដាហ៍ និង​រង​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ លោក ដូ​ណា​ល់ ត្រាំ ក៏​ដាច់ចិត្ត​ចុះហត្ថលេខា​លើ​សេចក្ដីស្នើច្បាប់​ចំណាយ​២,៣​ទ្រី​លាន​ដុល្លារ​សម្រាប់​ការចំណាយ​រដ្ឋាភិបាល និង​ជំនួយ​សង្គ្រោះ​សម្រាប់​ប្រជាជន​អាមេរិក​។ មុននេះ លោក ត្រាំ បដិសេធ​ចុះហត្ថលេខា​លើ​កញ្ចប់​ជំនួយ​កូ​វីដ​-១៩ ទំហំ​៩០០​ពាន់​លាន​ដុល្លារ ដែល​អនុម័ត​សភា​អាមេរិក​ទាំងពីរ និង​ទាមទារ​សភា​បង្កើន​លុយ​ចែក​ឲ្យ​ពលរដ្ឋ​ពី​៦០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​សម្រាប់​ម្នាក់​វិញ​។ 
 
«​ដំណឹង​ល្អ​ជុំវិញ​សេចក្តីស្នើច្បាប់​ជំនួយ​កូ​វីដ​-១៩»​។ ប្រធានាធិបតី​ជិត​អាណត្តិ ដូ​ណា​ល់ ត្រាំ សរសេរ​លើ Twitter បែបនេះ អំឡុង​វិស្សមកាល​បុណ្យ​ណូអែល​របស់លោក នៅ​រី​សត Mar-a-Lago ក្នុង​រដ្ឋ Florida ដោយ​ពុំ​បញ្ជាក់​ព័ត៌មាន​លម្អិត​ឡើយ ហើយក៏​ផ្ដល់​ហេតុផល​ថា ហេតុអ្វី​បានជា​លោក​ផ្លាស់ប្តូរ​គំនិត​ដែរ​។ 
 
​កម្មវិធី​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ ដែល​បានអនុម័ត​ក្នុង​ខែមីនា​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​កូ​វីដ​-១៩ បាន​អស់​សុពលភាព​កាលពី​ថ្ងៃទី​២៦ ខែធ្នូ ដោយ​កាត់​ផ្ដាច់ជំនួយ​ដល់​ពលរដ្ឋ​អាមេរិក​ប្រមាណ​១៤​លាន​នាក់​។ កម្មវិធី​នេះ នឹង​ចាប់ផ្ដើម​ឡើងវិញ​ផងដែរ ក្រោយ​ការចុះហត្ថលេខា​នេះ​។ ម្យ៉ាងទៀត ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក ដែល​រំពឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៩ ខែធ្នូ ក៏ត្រូវ​បញ្ចៀស​ផងដែរ បន្ទាប់ពី​កញ្ចប់​ចំណាយ​រដ្ឋាភិបាល​ទំហំ​១,៤​ទ្រី​លាន​ដុល្លារ បាន​ក្លាយជា​ច្បាប់​។ 
 
​កញ្ចប់​ថវិកា​ជំនួយ​កូ​វីដ​-១៩ ត្រូវបាន​សភា​អាមេរិក​ទាំងពីរ​អនុម័ត ចាប់តាំងពី​ថ្ងៃទី ២១ ខែធ្នូ ដោយ​គ្រោង ចែក​លុយ​ដោយផ្ទាល់​៦០០​ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិក និង​ពង្រីក​អត្ថប្រយោជន៍​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ​ចំនួន​៣០០​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ផងដែរ​។ កញ្ចប់​ថវិកា​នេះ ក៏​ផ្គត់ផ្គង់​លើ​ការថែទាំ​សុខភាព ការដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ជំនួយ​ផ្នែក​ស្បៀងអាហារ ក៏ដូចជា​ជួយសង្គ្រោះ​អាជីវកម្ម​ធុន​តូច​ជាដើម​។ សម្រាប់​លោក ត្រាំ ៦០០​ដុល្លារ​មិន​គ្រប់គ្រាន់​ឡើយ​។​
 
​យ៉ាងណាមិញ បក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​សភា​តំណាង អាច​នឹង​បោះឆ្នោត​ដំឡើង​លុយ​ឧបត្ថម្ភ​នេះ​តាម​ចំនួន​លោក ត្រាំ ចង់បាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ប៉ុន្តែ​ឧបសគ្គ​ធំ ទំនង​កើត​នៅ​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com