អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ជំនួយកូវីដ-១៩ និងការចំណាយរដ្ឋាភិបាល ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក ដូណាល់ ត្រាំ ។ រូបពី AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទី២៧ ខែធ្នូ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ថវិកាទំហំ២,៣ទ្រីលានដុល្លារមួយ ដែលរាប់បញ្ចូលកញ្ចប់ជំនួយកូវីដ-១៩ និងកញ្ចប់ចំណាយរដ្ឋាភិបាល។ ការចុះហត្ថលេខានេះ បានជួយបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែក និងពង្រីកជំនួយកូវីដ-១៩ រាប់ពាន់លានដុល្លារដល់ពលរដ្ឋអាមេរិករាប់លាននាក់។
ក្រោយអូសបន្លាយជិតមួយសប្ដាហ៍ និងរងសម្ពាធកាន់តែខ្លាំងឡើងៗ លោក ដូណាល់ ត្រាំ ក៏ដាច់ចិត្តចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ចំណាយ២,៣ទ្រីលានដុល្លារសម្រាប់ការចំណាយរដ្ឋាភិបាល និងជំនួយសង្គ្រោះសម្រាប់ប្រជាជនអាមេរិក។ មុននេះ លោក ត្រាំ បដិសេធចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ-១៩ ទំហំ៩០០ពាន់លានដុល្លារ ដែលអនុម័តសភាអាមេរិកទាំងពីរ និងទាមទារសភាបង្កើនលុយចែកឲ្យពលរដ្ឋពី៦០០ដុល្លារទៅ២០០០ដុល្លារសម្រាប់ម្នាក់វិញ។
«ដំណឹងល្អជុំវិញសេចក្តីស្នើច្បាប់ជំនួយកូវីដ-១៩»។ ប្រធានាធិបតីជិតអាណត្តិ ដូណាល់ ត្រាំ សរសេរលើ Twitter បែបនេះ អំឡុងវិស្សមកាលបុណ្យណូអែលរបស់លោក នៅរីសត Mar-a-Lago ក្នុងរដ្ឋ Florida ដោយពុំបញ្ជាក់ព័ត៌មានលម្អិតឡើយ ហើយក៏ផ្ដល់ហេតុផលថា ហេតុអ្វីបានជាលោកផ្លាស់ប្តូរគំនិតដែរ។
កម្មវិធីផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ ដែលបានអនុម័តក្នុងខែមីនាជាផ្នែកមួយនៃកញ្ចប់ជំនួយកូវីដ-១៩ បានអស់សុពលភាពកាលពីថ្ងៃទី២៦ ខែធ្នូ ដោយកាត់ផ្ដាច់ជំនួយដល់ពលរដ្ឋអាមេរិកប្រមាណ១៤លាននាក់។ កម្មវិធីនេះ នឹងចាប់ផ្ដើមឡើងវិញផងដែរ ក្រោយការចុះហត្ថលេខានេះ។ ម្យ៉ាងទៀត ការបិទរដ្ឋាភិបាលដោយផ្នែក ដែលរំពឹងចាប់ផ្ដើមពីថ្ងៃទី ២៩ ខែធ្នូ ក៏ត្រូវបញ្ចៀសផងដែរ បន្ទាប់ពីកញ្ចប់ចំណាយរដ្ឋាភិបាលទំហំ១,៤ទ្រីលានដុល្លារ បានក្លាយជាច្បាប់។
កញ្ចប់ថវិកាជំនួយកូវីដ-១៩ ត្រូវបានសភាអាមេរិកទាំងពីរអនុម័ត ចាប់តាំងពីថ្ងៃទី ២១ ខែធ្នូ ដោយគ្រោង ចែកលុយដោយផ្ទាល់៦០០ដុល្លារដល់ពលរដ្ឋអាមេរិក និងពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើចំនួន៣០០ដុល្លារក្នុងមួយសប្ដាហ៍ផងដែរ។ កញ្ចប់ថវិកានេះ ក៏ផ្គត់ផ្គង់លើការថែទាំសុខភាព ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ និងជំនួយផ្នែកស្បៀងអាហារ ក៏ដូចជាជួយសង្គ្រោះអាជីវកម្មធុនតូចជាដើម។ សម្រាប់លោក ត្រាំ ៦០០ដុល្លារមិនគ្រប់គ្រាន់ឡើយ។
យ៉ាងណាមិញ បក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណាង អាចនឹងបោះឆ្នោតដំឡើងលុយឧបត្ថម្ភនេះតាមចំនួនលោក ត្រាំ ចង់បាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ប៉ុន្តែឧបសគ្គធំ ទំនងកើតនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com